ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលីលើកកម្ពស់វិស័យកសិកម្ម និងចំណីអាហារនៅកម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា និងអូស្រ្តាលី នៅថ្ងៃទី ២៩ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ក្នុងការរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ…

រាជធានីភ្នំពេញ ៖ កម្ពុជា និងអូស្រ្តាលី នៅថ្ងៃទី ២៩ ខែកញ្ញានេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ក្នុងការរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាពម្ហូបអាហារ ការបន្ថយភាពក្រីក្រតាមរយៈការបង្កើតការងារបន្ថែម និងកំណើនសេដ្ឋកិច្ច និងចីរភាពបរិស្ថាន ។ ពិធីចុះហត្ថលេខានេះ ភាគីកម្ពុជាមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលដឹកនាំដោយលោក សុខ ចន្តាសោភា អគ្គលេខាធិការ CDC ចំណែកភាគីអូស្រ្តាលីតំណាងដោយលោកឯកអគ្គរដ្ឋទូតអូស្រ្តាលីនៅភ្នំពេញ ។ 

អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារ ព្រមទំាងធ្វើឱ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ។ ការប្រតិបត្តិរបស់តុវិនិយោគកសិចំណីអាហារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមំានៃវិស័យកសិ ចំណីអាហារកាន់តែមានភាពធន់នៅកម្ពុជា តាមរយៈការធ្វើពិពិធកម្ម ធនធាន និងទម្រង់នៃការវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះ ខណៈបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនក្នុងវិស័យកសិ-ចំណីអាហារ ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ច្បាប់វិនិយោគថ្មី ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃ ដល់ការវិនិយោគតាមវិស័យ ខណៈដែលការវិនិយោគក្នុងវិស័យកសិកម្ម  និងកសិ ចំណីអាហារត្រូវបានកំណត់ជាវិស័យអាទិភាព ដែលត្រូវជំរុញនិងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទំាងនេះនឹងមានភាពធន់ និងចីរភាពក្នុងការរួមចំណែកដល់ការរក្សាលំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនិង វិបត្តិជំងឺកូវីដ ១៩ ។

លោក ប៉ាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចំានៅកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីក្នុងការគំាំទ្រដល់ដំណើការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ ។ ការផ្តល់ហិរញ្ញប្បទានដល់ការប្រតិបត្តិរបស់ការវិនិយោគកសិ-ចំណីអាហាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះគឺជាការចូលរួមបន្ថែមទៀតរបស់អូស្ត្រាលីក្នុងការជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ ទាក់ទាញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ ធុរកិច្ចនិងកសិចំណីអាហារ ។

គិតត្រឹមខែសីហាឆ្នំា ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ចំនួន ៣៦៧ គម្រោង ក្នុងនោះមានទុនវិនិយោគសរុបប្រមាណ ៩,៧ ប៊ីលានដុល្លារអាមេរិក ។ នេះបើតាមការឲ្យដឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ