ពលរដ្ឋអាមេរិកកាលពីថ្ងៃទី១ មីនា បានបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីក្នុងរដ្ឋ១២ ដែលនោះជាទិវាសំខាន់បំផុតមួយនៃការសម្រាំងបេក្ខជនប្រធានាធិបតីនៃគណបក្សទាំង២ដោយលទ្ធផលដំបូងៗបង្ហាញថាលោក DONALD TRUMP ខាងគណបក្សសាធារណរដ្ឋ និងលោកស្រីហ៊ីលឡារីគ្លីនតុនខាងគណបក្សប្រជាធិបតេយ្យជាអ្នកមានប្រៀប ។
ក្រោយពេលបិទការិយាល័យបោះឆ្នោតអ្នកទាំង២នោះក្នុងការប្រជែងគ្នាដើម្បីក្លាយជាអ្នកបន្តវេន ពីលោកប៉ារ៉ាក់ អូបាម៉ា ហាក់ទទួលបានជ័យជម្នះក្នុងរដ្ឋធំចចជៀ ។ ភ្លាមៗតាម TWEETER លោក DONALD TRUMP មហាសេដ្ឋីខាងអចលនទ្រព្យអាយុ៦៩ឆ្នាំ សរសេរថា ខ្ញុំសូមអរគុណរដ្ឋចចជៀ ។ លោកក៏ឈ្នះនៅរដ្ឋអាកាន់សាស់ តេនឺស៊ី អាឡាបាម៉ា វៀជឺនៀ វ័រម៉ុង និងម៉ាសាជូសេត ។
ចំណែកលោកស្រីហ៊ីលឡារី គ្លីនតុនវិញ យោងតាមទូរទស្សន៍អាមេរិកទាំងឡាយថា ជាអ្នកឈ្នះនៅរដ្ឋវៀជីនៀ ។ គូប្រជែងតែម្នាក់គត់របស់លោកស្រីហ៊ីលឡារីគ្លីនតុន ខាងគណបក្សប្រជាធិបតេយ្យព្រឹទ្ធសមាជិក លោក BERNIE SANDERS ឈ្នះនៅរដ្ឋវ័រម៉ុងរបស់លោក ។
យោងតាមទូរទស្សន៍អាមេរិកទាំងឡាយថា ដូចការគិតទុកលោកស្រីហ៊ីលឡារីគ្លីនតុន ឈ្នះការបោះឆ្នោតសម្រាំងនៅរដ្ឋចចជៀ អាឡាបាម៉ា តេនឺស៊ី វៀជឺនៀ អាកាន់សាស់ តិចសាស់ និងម៉ាសាជូសេត ខណៈលោក BERNIE SANDERS ឈ្នះក្នុងរដ្ឋវ័រម៉ុង អូក្លាហូម៉ា កូឡារ៉ាដូ និងមីនីសូតា ។ ដូចនៅរដ្ឋការ៉ូលីន ខាងត្បូង ដែរ លោកស្រីហុីលឡារី ទទួលបានការគាំទ្រខ្លាំងពីពួកស្បែកខ្មៅ នៅរដ្ឋវៀជឺនៀ ដល់ទៅ៨២% ។
ចំពោះប្រៀបរវាងលោក DONALD TRUMP និងលោកស្រីហ៊ីលឡារី យោងតាមការស្ទាបស្ទង់មតិមួយរបស់ CNN ចេញផ្សាយកាលពីថ្ងៃទី១ មីនាថា បេក្ខជននៃគណបក្សប្រជាធិបតេយ្យមានប្រៀបជាងលោក DONALD TRUMP គឺ៥៥% សម្រាប់លោក SANDERS ទល់នឹង៤៣% សម្រាប់លោក TRUMP ហើយសម្រាប់លោកស្រីហ៊ីលឡារី៥២% ទល់៤៤% ។
ពួកអភិរក្សនិយមមួយចំនួននៃគណបក្សសាធារណរដ្ឋអះអាងថា ពួកគេនឹងមិនបោះឆ្នោតឱ្យលោក TRUMP ធ្វើប្រធានាធិបតីឡើយ បើលោក TRUMP ជាបេក្ខជនសម្រាំងនៃគណបក្សពួកគេ ៕
ចែករំលែកព័តមាននេះ