ខេត្តបាត់ដំបង៖ ចន្លោះពេលជាង៣ម៉ោង នៅយប់ថ្ងៃទី ២៨ កញ្ញា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿនញៀនចំនួន០២ករណី ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ថែមទាំងរឹបអូសបាននូវវត្ថុតាងមួយចំនួនផង ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី ២៨ កញ្ញា កម្លាំងកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះ នៅចំណុចភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់។ ជនទាំង០២នាក់នេះ ឈ្មោះ បួរ ស័ក្ដវណ្ណា ហៅ បៀរ ប្រុសអាយុ៣៨ឆ្នាំ នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង និង ឈ្មោះ ឈៀង ឡាយឈី ស្រីអាយុ២២ឆ្នាំ នៅភូមិ សង្កាត់កើតហេតុ។
ជាមួយនឹងការឃាត់ខ្លួនជនទាំង០២នាក់នេះ សមត្ថកិច្ចដកហូតបានវត្ថុតាងដូចជា ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន០១កញ្ចប់ ទម្ងន់១៤,១៩ក្រាម ម៉ូតូសម្រាប់ជិះប្រព្រឹត្តបទល្មើស០១គ្រឿង និង វត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ដោយឡែកករណីទី២ បើតាមរបាយការណ៏ដដែល ប្រមាណចន្លោះពេលជាង៣ម៉ោងប៉ុណ្ណោះ គឺនៅម៉ោង១១និង៣០នាទីកណ្ដាលអាធ្រាត្រថ្ងៃដដែល កម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបបទល្មើសដដែលនេះ នៅចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត រួមទាំងដកហូតវត្ថុតាងបានមួយចំនួនផង។ ជនសង្ស័យទាំង០២នាក់នេះ ម្នាក់ឈ្មោះ ញឹក កុសល ហៅ ប៉ែល ប្រុសអាយុ១៧ឆ្នាំ នៅភូមិតាព្រួច សង្កាត់ក្ដុលដូនទាវ និង ម្នាក់ទៀតឈ្មោះ ចាន់ សុទីង ប្រុសអាយុ១៧ឆ្នាំ នៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ។
ជាមួយនឹងការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានវត្ថុតាង ថ្នាំញៀនប្រភេទ ICE (ម៉ាទឹកកក) ចំនួន១១កញ្ចប់ ទម្ងន់ ៣,៤៣ក្រាម និង ម៉ូតូសម្រាប់ជិះប្រព្រឹត្តបទល្មើស០១គ្រឿង។ បើតាមមន្ត្រីកងរាជអាវុធហត្ថ បាននិយាយថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង០២ករណីនេះ គឺធ្វើឡើងនៅពេលជនសង្ស័យកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង។ ពេលនេះមន្ត្រីជំនាញ កំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនក្រុមជូញដូរគ្រឿងញៀនទាំង០៤នាក់នេះ រួមទាំងវត្ថុតាងផង ទៅកាន់សាលាដំបូងខេត្ត
ហើយ៕
ចែករំលែកព័តមាននេះ