ក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី១ មីនា បេសកកម្មជំនួយរបស់ អ.ស.ប សម្រាប់អីុរ៉ាក់ UNAMI ថ្លែងថា ជនជាតិអីុរ៉ាក់សរុប៦៧០នាក់ស្លាប់ និង១.២៩០នាក់រងរបួសក្នុងអំពើភេរវកម្មអំពើហិង្សា និងជម្លោះដោយអាវុធក្នុងខែកុម្ភៈ នៅប្រទេសអីុរ៉ាក់ ។
យោងតាមសេចក្តីប្រកាសនេះថា ជនជាតិអីុរ៉ាក់៦៧០នាក់ស្លាប់ ក្នុងនោះ៤១០នាក់ ជាជនស៊ីវិល ហើយក្នុងចំណោមអ្នករបួស១.២៩០នាក់ ១.០៥០នាក់ជាជនស៊ីវិល ។
លោក JAN KUBIS តំណាងរបស់ អ.ស.ប ប្រចាំអីុរ៉ាក់ និងជាប្រមុខ UNAMI បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារអត្តឃាតសំដៅលើពិធីបុណ្យសពនៅទីក្រុង MAQDADIYAH ខេត្តឌីយ៉ាឡា និងការវាយប្រហារឯទៀតៗនៅសង្កាត់អាប៊ូហ្គ្រាអីុប និងលើផ្សារមួយនៅសង្កាត់ SADR CITY ក្រុងបាដាដ ។ លោកគូសបញ្ជាក់ថា ការវាយប្រហារដ៏សាហាវទាំងនេះនៅ MAQDADIYAH ប្រឆាំងពិធីបុណ្យសព ការវាយប្រហារនៅអាប៊ូហ្គ្រាអីុប និងលើផ្សារមួយនៅសង្កាត់ SADR CITY ព្រមទាំងនៅតាមកន្លែងបូជាឯទៀតៗរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាលឱ្យមនុស្សស្លាប់ជាច្រើនសិបនាក់ ហើយច្រើននាក់ទៀតរងរបួសមានទិសដៅបំផ្លាញឯកភាពអីុរ៉ាក់ ។
ពលរដ្ឋអីុរ៉ាក់ត្រូវតែរារាំងពួកភេរវករកុំឱ្យសម្រេចបានទិសដៅរបស់ពួកគេគឺបំផ្លាញឯកភាពអីុរ៉ាក់ និងប្រជាជនអីុរ៉ាក់ ។ លោកអំពាវនាវដល់រដ្ឋាភិបាលអីុរ៉ាក់ឱ្យធានាថា ពួកអ្នកវាយប្រហារនឹងត្រូវចាប់មកផ្តន្ទាទោសឱ្យបានឆាប់ ។
ក្នុងខែមករា UNAMI រៀបរាប់ពីមនុស្សស្លាប់៨៤៩នាក់ និងរបួស១.៤៥០មនាក់ ដោយសារការវាយប្រហារភេរវកម្ម និងអំពើហិង្សាក្នុងប្រទេសនេះ ។
ប្រទេសអីុរ៉ាក់ បច្ចុប្បន្នជួបប្រទះនឹងរលកនៃអំពើហិង្សាចាប់តាំងពីក្រុមរដ្ឋអ៊ិស្លាមត្រួតត្រាមួយផ្នែកធំនៃតំបន់ភាគខាងជើង និងភាគខាងលិចប្រទេសចាប់ពីខែមិថុនា ឆ្នាំ២០១៤ មក ៕
ចែករំលែកព័តមាននេះ