ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសេដ្ឋកិច្ច ៖ អាមេរិកបើការិយាល័យកសិកម្មនៅកម្ពុជា ជាការយកចិត្តទុកដាក់ដល់កសិករ និងវិស័យកសិកម្មខ្មែរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ច លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានមើលឃើញថា សហរដ្ឋមអាមេរិកសម្រេចបើកការិយាល័យក្រសួងកសិកម្មដំបូងរបស់ខ្លួននៅកម្ពុជា គឺជាការយកចិត្តទុកដាក់លើប្រជាកសិករខ្មែ ដែលជាយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់ជួយបំប៉នសេដ្ឋកិច្ចកម្ពុជា…

រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវសេដ្ឋកិច្ច លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានមើលឃើញថា សហរដ្ឋមអាមេរិកសម្រេចបើកការិយាល័យក្រសួងកសិកម្មដំបូងរបស់ខ្លួននៅកម្ពុជា គឺជាការយកចិត្តទុកដាក់លើប្រជាកសិករខ្មែ ដែលជាយុទ្ធសាស្ត្រដ៏ល្អមួយសម្រាប់ជួយបំប៉នសេដ្ឋកិច្ចកម្ពុជា និងសម្រាប់ជាប្រយោជន៍សហរដ្ឋអាមេរិក ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ខាងលើបានគូសបញ្ជាក់ថា ការបើកការិយាល័យកសិកម្មរបស់សហរដ្ឋអាមេរិកនេះ ពិតជាល្អសម្រាប់កម្ពុជា ។ លោកបានមើលឃើញថា ការិយាល័យរបស់សហរដ្ឋអាមេរិក ក៏មិនខុសពីភ្នាក់ងាររបស់កូរ៉េដែរ សុទ្ធតែជាទីភ្នាក់ងារនាំចូលមកនូវសម្ភារៈប្រើប្រាស់ និងបច្ចេកវិទ្យា ពីខាងក្រៅប្រទេសចូលមកប្រទេសកម្ពុជា ។ «បើយើងក្រឡេកទៅមើលសម្ភារៈ និងធនធានទំាងអស់នោះគិតតាមថ្លៃទំនិញក្នុងប្រទេសអ្នកមាន ហើយការនំាចូលមកប្រទេសកំពុងអភិវឌ្ឍន៍ដូចយើងនេះ គឺមានថ្លៃខ្ពស់ ហើយអាចប្រឈមពិបាកក្នុងការប្រើប្រាស់ សម្រាប់ប្រជាកសិករ ។ ប៉ុន្តែវា គឺជាការនំាមកនៅវិស័យបច្ចេកវិទ្យាលើវិស័យកសិកម្ម ដែលអាចផ្តល់ប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានដីកសិកម្មធំទូលាយក្នុងទ្រុងទ្រាយធំ» ។

ស្ថានទូតអាមេរិកប្រចំាក្រុងភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកញ្ញា បានបើកការិយាល័យក្រសួងកសិកម្មដំបូងរបស់ខ្លួន នៅកម្ពុជា ។ ការិយាល័យនេះស្ថិតនៅក្នុងស្ថានទូតអាមេរិក នៅភ្នំពេញ ដែលនឹងជួយដល់ពាណិជ្ជកម្មវិស័យកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ ។ ស្ថានទូទអាមេរិកបញ្ជាក់ថា ការិយាល័យនេះក៏នឹងជួយដល់កូនសិស្ស និងកសិករនៅកម្ពុជាផងដែរ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់រាប់សិបលានដុល្លារ ដូចជាកម្មវិធី McGovern-Dole International Food for Education Program ដែលផ្តល់អាហារដល់កុមារកំពុងសិក្សានៅសាលាបឋមសិក្សានានា និងកម្មវិធី Food for Progress ដែលលើកកម្ពស់ផលិតភាពកសិកម្ម ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានវាយតម្លៃខ្ពស់ចំពោះវត្តមានការិយាល័យកសិកម្មអាមេរិកនៅកម្ពុជា លោកថា ដីកសិកម្មមួយភាគធំរបស់កម្ពុជាត្រូវបានក្លាយជាចំណាត់ខ្មំាងនៅលើវិស័យអចលនទ្រព្យទៅហើយ ដូច្នេះវិស័យកសិកម្មរបស់កម្ពុជានៅមានកម្រិត ។ «តែទោះជាយ៉ាងណា ខ្ញុំសូមវាយតម្លៃខ្ពស់ថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់ទៅលើប្រជាកសិករខ្មែរ ការងាកទិសពីកម្មករកាត់ដេរ មករកសិករជាយុទ្ធសាស្ត្រមួយដ៏ល្អដែរ សម្រាប់ជួយបំប៉នសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ផលប្រយោជន៍សហរដ្ឋអាមេរិក» ។

ក្នុងពិធីបើកការិយាល័យកសិកម្មនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy បានមានប្រសាសន៍ថា «នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ USDA នេះ នឹងជំរុញកិច្ចការនេះដើម្បីឲ្យអតិថិ ជន និងផលិតករកម្ពុជាទទួលបានផលិតផល និងបច្ចេកវិទ្យាទាំងនោះឲ្យបានកាន់តែច្រើន ។ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងពីរ ហើយវាក៏បានឆ្លុះបញ្ចាំងឲ្យឃើញអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់យើង ក្នុងការធ្វើឲ្យប្រជាជនកម្ពុជាទទួលបានទំនិញ និងសេវាប្រកបដោយគុណភាព ពីសហរដ្ឋអាមេ រិក» ។

តាមស្ថានទូតសហរដ្ឋអាមេរិក ទីផ្សារប្រទេសកម្ពុជាកំពុងមានកំណើន សម្រាប់ទំនិញកសិកម្មនាំចេញរបស់សហរដ្ឋអាមេរិក ដោយក្នុងឆ្នាំ ២០២០ គេលក់បានក្នុងតម្លៃ ៧២,៧ លានដុល្លារ គឺកើន ៤៧៤% នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ