ភ្នំពេញ ៖ ភូមិត្រពាំងឈូកនៅទល់មុខនឹងមន្ទីរពេទ្យព្រះកុសម ឬហៅថាមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញគ្រប់ៗគ្នាស្គាល់ច្បាស់ថាជាសំបុកថ្នាំញៀនដុះស្លែជាង២០ឆ្នាំ និងប្រមូលផ្តុំដោយល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ ជាពិសេស គឺជា ឋានសួគ៌លោកីយ៍របស់មនុស្សគ្រប់វ័យចូលទៅប្រើប្រាស់ថ្នាំញៀន និងលេងល្បែងស៊ីសង ជាហូរហែរ ឥតស្រាកស្រាន្ត មិនថាយប់ឬថ្ងៃឡើយ។
ដោយមិនសូវខ្លាចញញើតក្នុងការបង្ក្រាបរបស់អាជ្ញាធរខណ្ឌសែនសុខបន្តិចសោះឡើយ។ ប្រជាពលរដ្ឋរស់នៅម្តុំនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមអ្នកយកព័ត៌មានឲ្យដឹងថា ជារៀងរាល់ថ្ងៃមិនថាពេលយប់ឬពេលថ្ងៃឡើយ គឺពួកគាត់តែងតែឃើញមនុស្សមួយចំនួន មុខដដែលៗមិនថាក្មេងមិនថាចាស់មិនថាប្រុសមិនថាស្រីឡើយ តែងតែចូលមកជក់ថ្នាំញៀន និងលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងក្នុងផ្ទះឈើមួយចំនួនធំដែលបានបើករកស៊ីរបរខុសច្បាប់ទាំងនោះ។ ហើយពួកគាត់មើលទៅក្រុមមនុស្សទាំងនោះដូចជា មិនសូវខ្លាចញញើតក្នុងការបង្ក្រាបរបស់សមត្ថកិច្ច ឬអាជ្ញាធរខណ្ឌសែនសុខបន្តិចសោះឡើយ ឬមកពីការបង្ក្រាបរបស់អាជ្ញាធរខណ្ឌសែនសុខនៅមានកម្រិតដូចគេនិយាយថាពេលចុះបង្ក្រាបនៅទីនោះម្តងៗ គឺចាប់បានតែអ្នកប្រើប្រាស់កំប៉ិកកំប៉ុក ចំណែកមេៗជួញដូរថ្នាំញៀននិងចែកចាយនៅទីនោះមិនឃើញចាប់បាន ទើបនៅទីនោះនៅតែមានការចាប់អារម្មណ៍និងនៅតែមានភាពទាកទាញសម្រាប់មនុស្សគ្រប់វ័យចូលទៅសប្បាយប្រើប្រាស់ថ្នាំញៀនមិនចេះអស់បែបនេះ។
ឆ្លើយតបក្នុងការលើកឡើងរបស់ប្រជាពលរដ្ឋ លោក លី សាវេត អភិបាលខណ្ឌសែនសុខបានឲ្យដឹងថា ក្នុងឆ្នាំ២០១៦ នេះអាជ្ញាធរខណ្ឌសែនសុខនឹងប្រើវិធានការថ្មីក្នុងការបង្ក្រាបទីតាំងដុះស្លែដែលល្បីខាងគ្រឿងញៀន ស្ថិតក្នុងភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លានេះ ដោយអាជ្ញាធរខណ្ឌសែនសុខកំពង់ស្រាវជ្រាវស្វែងរកម្ចាស់ផ្ទះដែលពូកែជួលផ្ទះអោយក្រុមទាំងនោះយកទៅធ្វើជាកន្លែងប្រើប្រាស់ថ្នាំញៀន ឬក៏បើកល្បែងស៊ីសងផ្សេងៗមកធ្វើកិច្ចសន្យាទទួលខុសត្រូវទាំងអស់ បើសិនជាមានលើកក្រោយទៀត។
បើសិនជាស្វែងរកម្ចាស់ផ្ទះដែលបានជួលអោយក្រុមអ្នកប្រើប្រាស់នោះមិនឃើញអាជ្ញាធរនឹងប្រើធម៌ក្តៅដោយវាយផ្ទះនោះកម្ទេចចោលតែម្តង។ ក្នុងនោះលោកលី សាវេត អភិបាលខណ្ឌសែនសុខក៏បានបញ្ចាក់អោយដឹងផងដែរថានៅពេលនេះអាជ្ញាធរខណ្ឌកំពុងស្នើទៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការរៀបចំសំណង់មិនមានរបៀបរៀបរយនៅទីនោះ នៅក្នុងពេលខាងមុខនេះ៕
ចែករំលែកព័តមាននេះ