រាជាធានីភ្នំពេញ ៖ នៅមិនដល់ប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យទន្លេលើកទី២នឹងរៀបចំឡើងនៅក្នុងខេត្តចំនួន២គឺខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។ កីឡាច្រើនប្រភេទ ក៏បានត្រៀមខ្លួនបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍នេះផងដែរដើម្បីទាក់ទាញដល់ភ្ញៀវទេសចរ ។
ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងទេសចរណ៍ នឹងរៀបចំពិធីបុណ្យទន្លេជាថ្មីទៀតចាប់ពីថ្ងៃទី១១-១២ និង១៣ មីនា ខាងមុខនេះ ដោយមានកីឡារហូតដល់១១ប្រភេទឯណោះនឹងចេញមុខបង្អួតសាធារណជន ។ មន្ត្រីទទួលបន្ទុកបានអះអាងថា ព្រឹត្តិការណ៍ឆ្នាំនេះ ប្រភេទកីឡានឹងធ្វើឱ្យមានលក្ខណៈទាក់ទាញអ្នកទេសចរបំផុត ដើម្បីឱ្យការចូលរួមរបស់មហាជនកាន់តែមានកំណើនខ្ពស់ បើធៀបនឹងការរៀបចំបុណ្យទន្លេកាលពីឆ្នាំមុននៅខេត្តក្រចេះ ។ អ៊ីចឹងហើយទើបគ្រប់ប្រភេទកីឡាទាំងអស់ត្រូវបានចាត់ចែង និងត្រៀមទុកដោយម៉ត់ចត់បំផុតសម្រាប់បុណ្យទន្លេឆ្នាំនេះ ដើម្បីកុំឱ្យមានភាពខ្វះចន្លោះនៅក្នុងព្រឹត្តិការណ៍។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា កីឡាទាំង១១ប្រភេទនោះរួមមានចំបាប់, អុកចត្រង្គ, ក្បាច់គុនបុរាណខ្មែរ, ល្បុក្កតោ, បាល់ទះ, ប្រណាំងទូក, ហែលទឹក, ជិះកង់, ជិះឆត្រយោង, រត់ប្រណាំង និងជ្រមុជទឹកជាដើមដែលត្រូវប្រកួតទាំងបីថ្ងៃតែម្តង ។ យ៉ាងណាក៏ដោយ កីឡាទាំងនោះមិនត្រូវបានលេងសម្ដែងក្នុងថ្ងៃតែមួយនោះទេ ដោយបំបែកគ្នាធ្វើឡើងនៅតំបន់ខុសៗគ្នា និងចែកថ្ងៃខុសគ្នា ។ លោកវ៉ាត់ ចំរើន បានថ្លែងថា មកទល់ពេលនេះថ្នាក់ដឹកនាំកីឡាដែលមានឈ្មោះខាងលើបានប្រឹងប្រែងរៀបចំផែនការដោយម៉ត់ចត់ណាស់ ដើម្បីឲ្យការសម្ដែង ឬការប្រកួតនៅក្នុងកម្មវិធីមានភាពទាក់ទាញនៅលើវេទិកា។
ជាក់ស្ដែងដូចជាប្រដាល់ក្បាច់គុនបុរាណខ្មែរ លោកថានឹងធ្វើនៅថ្ងៃទី១២ ខែមីនា គឺថ្ងៃទី២ ដោយមានកីឡាករកម្ពុជា និងថៃប្រកួតគ្នាមួយគូផងដែរចាប់ពីម៉ោង៣រហូតដល់ម៉ោង៦ល្ងាច ។ ក្នុងនោះកីឡាប្រភេទផ្សេងក៏នឹងត្រូវបានចាត់ចែងឲ្យបានល្អឥតខ្ចោះផងដែរ សម្រាប់បុណ្យទន្លេនៅខេត្តកំពង់ចាម និងត្បូងឃ្មុំ ។ លោកនិយាយថា៖ «ឥឡូវហ្នឹងពួកគាត់(កីឡាករ)ត្រៀមខ្លួនសម្បើមណាស់ ព្រោះបុណ្យទន្លេកាលលើកទី១យើងជោគជ័យ អញ្ចឹងសម្រាប់លើកទី២គឺដាច់ខាតត្រូវតែធ្វើឲ្យល្អជាងហ្នឹង !»។ ក្នុងចំណោមកីឡាករដែលបានគ្រោងធ្វើសម្រាប់បុណ្យទន្លេនោះ លោកថាក៏នឹងផ្ដល់ឱកាសឲ្យមហាជនជាអ្នកទស្សនាចូលរួមផងដែរ ដើម្បីញុាំងកម្មវិធីទាំងមូលឱ្យមានភាពសប្បាយរីករាយផង និងធ្វើឱ្យអ្នកចូលរួមកាន់តែស្រឡាញ់កីឡាផង ។ លោកថា ដូចជាកីឡារត់ប្រណាំង និងជិះកង់ជាដើមគឺសុទ្ធតែមានមហាជនចូលរួមទាំងអស់សម្រាប់បុណ្យទន្លេឆ្នាំនេះ ដោយរំពឹងថា នឹងច្រើនជាងឆ្នាំមុននោះផង ដោយសារតែបុណ្យទន្លេក្នុងឆ្នាំនេះត្រូវបានរៀបចំនៅ២ខេត្តចូលគ្នា ហើយជាខេត្តដែលមានពលរដ្ឋកុះករ និងមានសក្ដានុពលផ្នែកទេសចរណ៍ស្រាប់ ។
លោកវ៉ាត់ ចំរើន មើលឃើញថា វត្តមានកីឡាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិបែបនេះ គឺមិនត្រឹមតែបំផុសឲ្យមានអ្នកចង់ទស្សនាបុណ្យទន្លេច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងធ្វើឲ្យប្រភេទកីឡាទាំងអស់ត្រូវបានទទួលស្គាល់ក្នុងចំណោមក្រសែភ្នែកមហាជនកាន់តែច្រើននោះផងដែរ ។ ជាក់ស្ដែងព្រឹត្តិការណ៍ថ្នាក់ជាតិនីមួយៗ គឺមិនអាចអត់វត្តមានរបស់កីឡាបានទេដោយសារតែការប្រកួតកីឡាដែលបានធ្វើឡើង គឺបានបំផុសឲ្យមានការចូលរួមច្រើនសម្រាប់មហាជន ។ លោកទទូចឱ្យកីឡាករទាំងអស់ប្រឹងប្រែងបង្កើនសមត្ថភាព ដោយសារតែប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែបានរៀបចំកម្មវិធីថ្នាក់ជាតិដូចជាកម្មវិធីអង្គរសង្ក្រាន្ត កម្មវិធីបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម ដែលជួយឱ្យអ្នកទេសចរមានកំណើនខ្ពស់នៅកម្ពុជា និងជួយធ្វើឲ្យប្រភេទកីឡាកាន់តែច្រើនមានទីផ្សារចេញសម្ដែង ឬចេញប្រកួតញឹកញាប់ ។ លោកថា ក្នុងប៉ុន្មានឆ្នាំនេះ កីឡាមិនមែនហាត់ហើយដេកចាំតែការប្រកួតថ្នាក់ជាតិនោះទេ ដោយក្រៅពីត្រូវត្រៀមខ្លួនចូលប្រកួតថ្នាក់ជាតិមួយឆ្នាំម្ដងដើម្បីស្វែងរកមេដាយហើយនោះ ក៏ត្រូវចូលប្រកួតក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ ដើម្បីលើកមុខលើកមាត់របស់ខ្លួននោះផងដែរ ។
ជាក់ស្ដែងដូចជាកីឡាករអុកចត្រង្គ និងល្បុក្កតោ ដែលកាលពីមុនមិនសូវមានទីផ្សារ ពេលនេះសឹងមិនមានពេលសម្រាកនោះផង បន្ទាប់ពីព្រឹត្តិការណ៍បុណ្យជាតិទាំង៣ត្រូវបានរៀបចំរៀងរាល់មួយឆ្នាំម្ដង ដែលមិនអាចអត់ប្រភេទកីឡាទាំងពីរនេះបាន ។ ក្នុងឆ្នាំបន្តបន្ទាប់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាគ្រោងដាក់ប្រភេទកីឡាឱ្យបានច្រើនជាងនេះបន្ថែមទៀត ដើម្បីឱ្យមានមុខមាត់ និងទីផ្សារនៅក្នុងព្រឹត្តិការណ៍កម្រិតជាតិ ។ លោកថា កាលពីបុណ្យទន្លេនៅខេត្តក្រចេះ កីឡាមានតែ៨ប្រភេទប៉ុណ្ណោះត្រូវបានរៀបចំ ប៉ុន្តែឆ្នាំនេគឺឡើងដល់១១ប្រភេទដែលមានន័យថាកីឡា៣ប្រភេទផ្សេងទៀត ត្រូវបានដាក់បន្ថែមជាបណ្ដើរៗហើយ ដើម្បីឲ្យមានភាពទាក់ទាញ និងជួយឲ្យប្រភេទកីឡាកាន់តែច្រើនមានការងារក្រៅពីការប្រកួតថ្នាក់ជាតិ ៕
ចែករំលែកព័តមាននេះ