ជាប់ឃុំឃាំងតាំងពីដើមខែមករាមក ក្រោយពីត្រូវចាប់ខ្លួននៅព្រលានយន្តហោះពេលរូបគេត្រៀមចាកចេញពីកូរ៉េខាងជើង ក្រោយការស្នាក់អាស្រ័យជាអ្នកទេសចរ និស្សិតអាមេរិកម្នាក់កាលពីថ្ងៃទី២៩ កុម្ភៈ បានសារភាពទោសកំហុស ដើម្បីស្នើសុំការដោះលែងរូបគេ ។
ក្នុងការសារភាពនិស្សិត OTTO WARMBIER អាយុ២១ឆ្នាំ និយាយថា រូបគេប៉ុនប៉ងទាញយកចេញបដាឃោសនាមួយដាក់នៅជាន់ទី២ សម្រាប់បុគ្គលិកនៃសណ្ឋាគារ YANGGAKDO ជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារដែលទទួលភ្ញៀវបរទេសនៅទីក្រុងព្យុងយ៉ាង ។
និស្សិតសាកលវិទ្យាវៀរជីនៀរូបនេះនិយាយថា «ពិតហើយខ្ញុំប្រព្រឹត្តកំហុសឆ្គងយ៉ាងអាក្រក់មួយនៃជីវិតរបស់ខ្ញុំ តែសូមសន្តោសដល់រូបខ្ញុំផងចុះ» ។
ពួកអ្នកជាប់ឃុំឃាំងជាជនបរទេសជាច្រើននៅកូរ៉េខាងជើងកាលពីមុនៗនេះនិយាយ បន្ទាប់ពីចាកចេញពីដែនដីប្រទេសនោះរួចហើយថា ការសារភាពរបស់ពួកគេធ្វើឡើងក្រោមការចាប់បង្ខំ ។
ក្នុងអត្ថបទមួយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA រៀបរាប់ថា និស្សិត WARMBIER ត្រូវបានលើកទឹកចិត្តឱ្យប្រព្រឹត្តអំពើប្រទូស្តរ៉ាយនេះ ដោយសមាជិកម្នាក់នៃព្រះវិហារកាតូលិកមួយនៅរដ្ឋអូហៃយ៉ូ ជាថ្នូរនឹងការសន្យាផ្តល់ឱ្យរូបគេនូវរថយន្តមួយគ្រឿងតម្លៃ១០.០០០ដុល្លារ ។ KCNA ចោទប្រកាន់ម្យ៉ាងទៀតថា និស្សិតរូបនេះជាសមាជិកសមាគមនិស្សិតសាកលវិទ្យាល័យវៀរជីនៀជាសមាគម Z មានទំនាក់ទំនងជាមួយ CIA ។ ក៏ប៉ុន្តែសមាគមនេះបានបដិសេធថា មិនស្គាល់យុវជនរូបនេះ ហើយខ្លួនគ្មានទំនាក់ទំនងអ្វីជាមួយ CIA ឡើយ ។
ទីភ្នាក់ងារទេសចរណ៍ជាច្រើនបានរៀបចំដំណើរកម្សាន្តនៅកូរ៉េខាងជើងជាប្រទេសបិទជិតមួយនៃពិភពលោក ។ និស្សិត WARMBIER ស្ថិតក្នុងក្រុមដែលទៅប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសាកលនៅរដ្ឋធានីកូរ៉េខាងជើងតាមរយៈទីភ្នាក់ងារទេសចរណ៍ YOUNG PIONEER TOURS ជាទីភ្នាក់ងារទេសចរណ៍មួយគ្រប់គ្រងដោយមនុស្សលោកខាងលិច ហើយមានមូលដ្ឋាននៅទីក្រុងស៊ីអាន ប្រទេសចិន ៕
ចែករំលែកព័តមាននេះ