ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​បណ្តុះ​​បណ្តាល​វិនិយោគិន​ពី​របៀបលក់​ផលិតផល និង​ពង្រីកអាជីវកម្ម​ថ្មី​តាម​អីុ​ន​ធើ​រ​ណេ​ត

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​អិុ​ម​អូ​ស៊ី ១០១ Incubator ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​ក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​គោលបំណង​អប់រំ និង​លើកទឹកចិត្ត​ដល់​ការ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដំបូង​របស់​សហគ្រិន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​អិុ​ម​អូ​ស៊ី ១០១ Incubator ដែល​ជា​គំនិត​ផ្តួចផ្តើម​មួយ​របស់​ក្រសួងពាណិជ្ជកម្ម ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​គោលបំណង​អប់រំ និង​លើកទឹកចិត្ត​ដល់​ការ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដំបូង​របស់​សហគ្រិន តាម​រយៈ​ការ​បណ្តុះបណ្តាល និង​ប្រឹក្សា​យោបល់​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួងពាណិជ្ជកម្ម ។

នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា កម្មវិធី​អិុ​ម​អូ​ស៊ី ១០១ Incubator បាន​នាំ​មក​នូវ​ចំណេះដឹង​ថ្មី​ៗ​ជូន​ដល់​សហគ្រិន​កម្ពុជា ពី​របៀប​លក់​ផលិតផល និង​ពង្រីក​អាជីវកម្ម​ថ្មី ឬ​អាជីវកម្ម​ដែល​មាន​ស្រាប់​សម្រាប់​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​វេទិកា​លក់ទំនិញ​ក្នុង​ពេល​អនាគត ។

ក្រសួងពាណិជ្ជកម្ម​លើក​ឡើង​ថា សហគ្រិន​ចំនួន​៤៥​ក្រុម ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ខាងលើ​ដោយ​ជោគជ័យ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​វគ្គ​ផ្សព្វផ្សាយ​ទីផ្សារ ដោយ​ដាក់​បង្ហាញ​នូវ​ផលិតផល និង​សេវាកម្ម​រៀង​ៗ​ខ្លួន​នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ កាលពី​ចុងឆ្នាំ​២០១៥ ។

នៅ​ក្នុង​កម្មវិធី​ធ្វើ​បទ​បង្ហាញ​ចុង​ក្រោយ​១៧​ក្រុម បេក្ខជន​ឆ្នើម​ជាងគេ​នឹង​មាន​រយៈពេល​១០​នាទី​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ចំពោះ​មុខ​វិនិយោគិន​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​ការ​ប្រកួតប្រជែង​ដើម្បី​ទាក់ទាញ​វិនិយោគិន​ទាំងនោះ​ឲ្យ​ផ្តល់​ការ​សហការ​គាំទ្រ​ធ្វើ​ពាណិជ្ជកម្ម និង​ផ្តល់​នូវ​មូលនិធិ​ហិរញ្ញប្បទាន​ដល់​ពួក​គេ ។ ក្រុម​បេក្ខជន​នីមួយ​ៗ​អាច​ស្វែងរក​ឱកាស​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​អាជីវកម្ម ពាណិជ្ជកម្ម​ក្នុងអំឡុងពេល​សម្រាក​អាហារសម្រន់ ដែល​មានការ​ចូលរួម​ពី​អាជីវករ និង​ពាណិជ្ជកម្ម​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​គណៈវិនិច្ឆ័យ គ្រូ​បង្គោល​ផ្តល់​ប្រឹក្សា គ្រូបង្រៀន អ្នកចូលរួម និង​អ្នក​ចាត់ចែង​កម្មវិធី ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ធ្វើ​ឲ្យ​កម្មវិធី​អុ​ិ​ម​អូ​ស៊ី ១០១ Incubator នេះ​ទទួល​បាន​ជោគជ័យ ។

លោក​ទេស​រដ្ឋមន្ត្រី​សង្ឃឹមថា ៖ « អ្នកចូលរួម​ទាំងអស់​ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ធ្វើ​បទ​បង្ហាញ​ចុង​ក្រោយ​នេះ និង​បាន​សិក្សា​ជំនាញ​ដែល​ចាំបាច់​ដើម្បី​ទាក់ទាញ​វិនិយោគិន​ដែល​ឲ្យ​ពួក​គេ​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម​ដំបូង ព្រមទាំង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ ក្រសួង​ប្ដេជ្ញា ធ្វើ​យ៉ាងណា ឲ្យ​ច្បាប់​ស្ដី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ត្រូវ​បាន​អនុម័ត​នៅ​ក្នុងឆ្នាំនេះ ដើម្បី​គាំទ្រ​ដល់​អាជីវកម្ម​របស់​ពួក​គេ » ។

ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្មដែល​រៀបចំ​ឡើង​ដើម្បី​កសាង​សមត្ថភាព​អាជីវករ ពាណិជ្ជករ តាម​រយៈ​ការ​ផ្តល់​នូវ​គោល​គំនិតល្អ​ៗ​សំខាន់​ៗ​សម្រាប់​ការ​ចាប់ផ្តើម​អាជីវកម្ម​ដំបូង និង​អាជីវកម្ម​ដែល​មាន​ស្រាប់ តាម​រយៈ​ការ​បណ្តុះបណ្តាល​ផ្សេង​ៗ ។ កម្មវិធី​នេះ​ចែក​ចេញ​ជា​៤​ដំណាក់កាល​គឺ វគ្គ​ចាប់ផ្តើម​ដំបូង (Boot Camp), វគ្គ​បណ្តុះបណ្តាល​ភ្ញាស់​គំនិត​អាជីវកម្ម (Incubation), វគ្គ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ (Market Day) និង​វគ្គ​ផ្តាច់ព្រ័ត្រ (Final Pitch)។

ក្រសួងពាណិជ្ជកម្ម​បញ្ជាក់​ទៀត​ថា វគ្គ​បណ្តុះបណ្តាល​នេះ បាន​ផ្តល់​នូវ​ចំណេះដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​សារសំខាន់​នៃ​ការ​បង្ហាញ​គំនិត​អាជីវកម្ម​ទៅ​កាន់​សហគ្រិន​ក្នុង
ការ​​កសាង​ផែនការអាជីវកម្ម​ដ៏​រឹង​មាំ ។ ក្នុង​ក្របខ័ណ្ឌ​ការងារ​ដើម្បី​វាយតម្លៃ​លទ្ធភាព​ជោគជ័យ​រយៈពេល​វែង​, របៀប​ស្វែងរក​មូលនិធិ​គាំទ្រ​គម្រោង​អាជីវកម្ម​, វិធី​ស្វែងរក​ទីផ្សារ​តាម​ប្រព័ន្ធ​អន​ឡាញ និង​កត្តា​ដទៃ​ទៀត​ដែល​ជំរុញ​ការ​ចាប់ផ្ដើម​អាជីវកម្ម​មួយ​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ៕