រាជធានីភ្នំពេញ ៖ ចំណូលចូលជាតិក្នុងឆ្នាំ២០១៥ ដែលបានមកពីក្រសួងរ៉ែ និងថាមពល ដោយគិតតែចំណូលរ៉ែ និងប្រេងកាត គឺមានចំនួន១៧លានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងថវិកាជាតិ ។ ភាពជោគជ័យនេះ ដោយសារតែយន្ដការប្រមូលបានល្អ និងបំបាត់អនាធិបតេយ្យបាន តាមរយៈគោលនយោបាយកំណែទម្រង់ ។ នេះបើតាមប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ក្នុងស្រុក លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ៖ « បន្ទាប់ពីក្រសួងរ៉ែ និងថាមពលបានចាប់បង្កើតថ្មីកាលពីឆ្នាំ២០១៤មក យើងបានធ្វើកំណែទម្រង់ថ្មីៗ ហើយបានដាក់ចេញនូវគោលនយោបាយមួយដ៏សំខាន់ គឺការបង្ក្រាបអាជីវកម្មរ៉ែអនាធិបតេយ្យ និងវិធានការផ្សេងៗជាច្រើន ហើយវិធានការដែលដាក់ចេញមុនគេក្នុងអំឡុងខែមេសា ឆ្នាំ២០១៥ គឺជាយុទ្ធនាការ « ឆ្មាំទន្លេមួយ » ដែលក្នុងនោះ ក្រសួងបានប្រកាសប្រាប់អាជីវករទាំងអស់ដែលធ្លាប់ធ្វើអាជីវកម្មខ្សាច់ថា ចាប់ពីពេលនេះតទៅ ប្រសិនបើអស់លោកពុំមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មបូមខ្សាច់ទេ សូមកុំធ្វើ ។
មួយវិញទៀត ក្រសួងនឹងរៀបចំចេញអាជ្ញាប័ណ្ណជូនទៅតាមការសិក្សាច្បាស់លាស់ ជាក់ស្តែង តំបន់ដែលអាចផ្ដល់អាជ្ញាប័ណ្ណជូន យើងនឹងចេញជូន ហើយយើងនឹងមានវិធានការផ្ដល់អាជ្ញាប័ណ្ណជូននេះ ដូចជាអប់រំណែនាំគាត់ និងប្រកាសប្រាប់សាធារណជនទាំងអស់ឲ្យចូលរួមទាំងអស់គ្នា ដោយយើងបានបង្កើតជាលេខ Hotline មួយគឺ ០៩៥ ៧២៧ ៧២៧ ដើម្បីឲ្យបងប្អូនដែលឃើញសកម្មភាពបូមខ្សាច់ ឬក៏សង្ស័យមានសកម្មភាពអនាធិបតេយ្យ អាចរាយការណ៍មកបានគ្រប់២៤ម៉ោង » ។
តាមរយៈការបង្កើតលេខ Hotline ដើម្បីទទួលព័ត៌មាននេះ កន្លងមក ក្រសួងបានចុះចាប់ជនខិលខូចដែលរកស៊ីទ្រង់ទ្រាយធំចំនួន១៦នាក់បានបញ្ជូនទៅតុលាការ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងនគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ ។
ទោះបីយ៉ាងណា ការបង្ក្រាបនេះគឺមាន បញ្ហាប្រឈម និងឧបសគ្គជាច្រើន ដែលក្រសួងរ៉ែ និងថាមពល បានជួបប្រទះ និងដោះស្រាយ។
លោករដ្ឋលេខាធិការ ឌិត ទីណា បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ « ការបង្ក្រាបការបូមខ្សាច់អនាធិបតេយ្យតែងតែប្រឈមនឹងបញ្ហាមួយចំនួនចៀសមិនរួចទេ អ្នកខ្លះចូលចិត្តប្រឈមបែបខ្លាំងផ្ទាល់តែម្ដង អ្នកមួយចំនួនប្រឈមបែបរបៀបទន់ និងអ្នកមួយចំនួនទៀតធ្វើខ្លាំងលាយទន់ ។ ប៉ុន្តែអ្វីដែលក្រសួងជ្រើសរើសមកដោះស្រាយ គឺវិធីសាស្ត្រ « ទន់លាយរឹង » មានន័យថា ពីដំបូងឡើយ យើងធ្វើត្រជាក់ជាមួយពួកគាត់ ដោយធ្វើការពន្យល់ឲ្យបានច្បាស់លាស់សិន នៅពេលដែលជ្រួតជ្រាបអស់ហើយ អ្នកដែលនៅតែល្មើស ទើបយើងចាប់ផ្ដើមធ្វើវិធានការរឹង ហើយរហូតឈានទៅចាប់ពួកគាត់បញ្ជូនទៅតុលាការ ជាដើម » ។
ដោយឡែក ចំណូលបានមកពីអាជីវកម្មរ៉ែទាំងនេះ គឺធ្វើទៅតាមតម្លាភាព មានន័យថា រាល់ការបង់ចូល គឺមានបញ្ជីច្បាស់លាស់។ ក្រសួងធ្វើការប្រមូលថវិកាទៅតាមច្បាប់ ដែលបានប្រកាសជាអន្តរក្រសួង ស្ដីអំពីការយកសេវាសាធារណៈមួយចំនួន ។ ដោយឡែក ការប្រកាសបង់សួយសារ និងចំណូលរដ្ឋមួយចំនួនទៀត គឺធ្វើទៅតាមប្រកាសអន្តរក្រសួងដូចគ្នា ។ នេះបើតាមលោករដ្ឋលេខាធិការ ។
លោករដ្ឋលេខាធិការបញ្ជាក់ថា ៖ « ឆ្នាំ២០១៥ ក្រសួងបានធ្វើកំណែទម្រង់មួយដ៏សំខាន់ក្នុងការប្រមូលសួយសារ គឺការប្រមូលសួយសារមុន ដែលកន្លងមក គឺចាំអាជីវករធ្វើអាជីវកម្មចប់ពី១ទៅ២ខែ ទើបយើងទៅសួរគាត់ថា បានប៉ុន្មាន អស់ប៉ុន្មាន ឬក៏ចុះទៅវាស់រណ្ដៅដីជាក់ស្ដែង រួចហើយទើបក្រសួងវាយតម្លៃសួយសារគិតពីគាត់ ។ ប៉ុន្តែឥឡូវ គឺគាត់ត្រូវប្រាប់មុនថា ក្នុងឆ្នាំនេះ ពួកគាត់មានគម្រោងធ្វើប៉ុន្មានក្នុងខែនេះ ឬត្រីមាសនេះ ហើយគាត់បង់ចូលមកមុន ។ បន្ទាប់មក នៅចុងខែ ឬចុងត្រីមាស ក្រសួងនឹងចុះទៅពិនិត្យម្ដងទៀតដើម្បីឲ្យប្រាកដថា អ្វីដែលគាត់បង់មុននោះ វាខ្វះឬលើស ដើម្បីទូទាត់ម្ដងទៀត អុីចឹងចំណូលរដ្ឋគឺមិនបាត់់ទេ មិនត្រឹមតែមិនបាត់បង់ហើយថែមទាំងកើនឡើងទៀតផង ដោយសារតែយើងមានសួយសារ និងអត្ថប្រយោជន៍បន្ថែម » ។
ចំណែកថវិកាដែលទទួលបានពីអាជីវកម្ម ចូលទៅរដ្ឋនេះ គឺរដ្ឋយកទៅបែងចែកតាមគម្រោងថវិកាប្រចាំឆ្នាំតាមវិស័យនីមួយៗ ដូចជា ជួយសេវាសាធារណៈជាដើម ដែលជាយន្តការមួយជួយទៅដល់ប្រជាជនរស់នៅតាមសហគមន៍វិញ ។
ទោះបីយ៉ាងណា ការបង្ក្រាបការបូមខ្សាច់អនាធិបតេយ្យនេះ ក្រសួងមិនអាចនិយាយថា ឈានដល់បញ្ចប់សកម្មភាពបាន១០០%នោះទេ ដោយសារតែអ្នកខិលខូចមួយចំនួននៅតែលួចធ្វើសកម្មភាព ក្នុងករណីក្រសួងមានការធ្វេសប្រហែស ដូច្នេះ ក្រសួងសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជួយសហការគ្នា ដើម្បីទប់ស្កាត់សកម្មភាពបែបអនាធិបតេយ្យនេះ ។
គួររំឭកថា កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រី ស៊ុយ សែម បានចុះទៅពិនិត្យមើលការអនុវត្តគម្រោងរ៉ែមួយចំនួននៅខេត្តរតនគិរី គឺឃើញមានក្រុមហ៊ុនមួយចំនួនគេអនុវត្តបានត្រឹមត្រូវ និងមានអ្នកមួយចំនួនក៏មិនត្រឹមត្រូវដែរ ហើយក្រសួងកំពុងតែបន្ដបង្ក្រាប និងសូមចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ