ខេត្តកំពត ៖ ដីសហគមន៍ព្រៃឈើមួយកន្លែងមានចំនួនជាង៦០ហិកតានៅភ្នំល្ងៀង ស្ថិតឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាសកំពុងរងការកាប់ស្ការព្រៃ និងរថយន្តដឹកជញ្ជូនដីចេញយ៉ាងអនាធិបតេយ្យបំផុត ។
ទាក់ទិនរថយន្តដឹកដីចេញពីដីព្រៃសហគមន៍នេះ លោកឈូក ជើប ប្រធានសហគមន៍ព្រៃឈើ នៅភូមិសង្កែ ភ្នំល្ងៀង បាននិយាយប្រាប់អោយដឹងថា ដីព្រៃសហគមន៍មានចំនួន៦៣ហិកតា ក្នុងនោះមានភ្នំផង បច្ចុប្បន្នមានរថយន្តតូច-ធំដឹកជញ្ជូនដីចេញយកទៅលក់ជារៀងរាល់ថ្ងៃ ។
លោកឈូក ជើប ប្រាប់កាលពីថ្ងៃអាទិត្យថា ហើយនៅកន្លែងខ្លះទៀត មានទាំងត្រាក់ទ័រកំពុងវាយព្រៃ និងឈួសឆាយពង្រាបដី និងបោះបង្គោលព្រំដី ។ លោកប្រធានសហគមន៍រូបនេះនិយាយទៀតថា គាត់ម្នាក់ឯង មិនហ៊ានចេញមុខទប់ស្កាត់ទេ ព្រោះអ្នកដែលយកគ្រឿងចក្រមកកាយដីសហគមន៍ និងអ្នកបោះបង្កោលព្រំដីនេះ សុទ្ធតែអ្នកធ្វើការ ។ លោកបន្តថា ខ្លួនជាអ្នកមើលការខុសត្រូវនៅដីសហគមន៍នេះ តាំងពីឆាំ្ន១៩៩៣មកម្ល៉េះ រហូតមកដល់ឆ្នាំ២០២១នេះ ប៉ុន្តែអ្វីដែលកំពុងសោកស្ដាយនោះ គឺមានការដណ្ដើមគ្នាកាន់កាប់ដីរដ្ឋ ។
ដោយឡែក លោកអ៊ិត ធី នាយសង្កាត់រដ្ឋបាលព្រៃឈើទទួលមើលការខុសត្រូវស្រុកចំនួន2គឺស្រុកបន្ទាយមាស និងស្រុកអង្គរជ័យបានប្រាប់ឱ្យដឹងដែរថា ខាងលោកមិនបានទទួលដំណឹងថា មានគេកាប់រុករានទន្ទ្រានយកដីព្រៃសហគមន៍ទេ ព្រោះប្រធានសហគមន៍មិនទាន់បានរាយការណ៍។ លោកអ៊ិត ធី និយាយថា រឿងនេះលោកនឹងចុះទៅពិនិត្យមើលនៅកន្លែងជាក់ស្តែងតែម្តង ។
ប្រជាពលរដ្ឋនៅភូមិជិតដីសហគមន៍និយាយថា ពួកគាត់ពិតជាខកចិត្តជាខ្លាំង ដោយសារដីសហគមន៍នៅជិតផ្ទះមិនបាននៅ បែរបានអ្នកមកពីឆ្ងាយៗទៅវិញ ហើយសុទ្ធតែអ្នកធ្វើការ ។ បើប្រកាសដកហូតវិញ ទើបស័ក្តសមហើយក៏ជាគំរមួយដ៏ល្អផងដែរ។
ចែករំលែកព័តមាននេះ