រាជធានីភ្នំពេញ ៖ បន្ទប់ដាក់សម្ភារៈ និងឯកសារ ក្រសួងរ៉ែ និងថាមពល ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងក្រសួងរ៉ែ និងថាមពល ជាន់ទី១ ស្ថិតតាមផ្លូវលេខ៥១ ក្នុងភូមិ៥ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
បើតាមប្រភពពីសន្តិសុខយាមនៅកន្លែងកើតហេតុខាងលើបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគាត់ឃើញមានផ្សែងហុយចេញពីជាន់ទី១មក លុះពេលពិនិត្យជាក់ស្ដែង ទើបដឹងថា មានភ្លើងកំពុងឆាបឆេះនៅក្នុងបន្ទប់ដាក់សម្ភារៈ និងឯកសារ គាត់ក៏រាយការណ៍ប្រាប់ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជួយ ។
បន្ទាប់ពីទទួលដំណឹងក្រុមម៉ូតូទឹក របស់រដ្ឋបាលខណ្ឌដូនពេញ បានចេញជួយអន្តរាគមន៍សង្គ្រោះបឋម ចំណែកឯរថយន្តរបស់ការិយាល័យ បង្កា និងពន្លត់អគ្គីភ័យជាច្រើនគ្រឿង ក៏សម្រុកមកជួយបន្ថែមទៀតបានទាន់ពេលវេលាផងដែរ ។
នៅក្នុងប្រតិបត្តិការសង្គ្រោះខាងលើនេះ សមត្ថកិច្ចបានប្រើប្រាសស់រថយន្តចំនួន៥គ្រឿង ស្មើនឹង២០ម៉ែត្រគូប និងរថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡានទៀត ទើបអគ្គិភ័យនេះបានរលត់ទៅវិញទាំងស្រុងនៅម៉ោង៩និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល ហើយចំពោះសម្ភារៈដែលខូចខាតក្នុងហេតុការណ៍ខាងលើនេះ រួមមាន តុ ទូ ឯកសារមួយចំនួន និងម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿងផងដែរ ប៉ុន្តែមិនបានបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ៕
ចែករំលែកព័តមាននេះ