ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោកថា ឆ្នាំនេះកំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម ២,២%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារពិភពលោកបានទម្លាក់ការព្យាកររបស់ខ្លួនពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ នេះ ពី ៤% មកនៅត្រឹម ២,២% វិញ…

រាជធានីភ្នំពេញ ៖ ធនាគារពិភពលោកបានទម្លាក់ការព្យាកររបស់ខ្លួនពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ នេះ ពី ៤% មកនៅត្រឹម ២,២% វិញ ។ កាលពីដើមឆ្នាំស្ថាប័នហិរញញវត្ថុអន្តរជាតិនេះបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ នេះ មាន ៤% ។ ការទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិពភលោកនេះស្របពេលរដ្ឋាភិបាលក៍បានទម្លាក់ក្តីរំពឹងពី ៤% មកនៅត្រឹម ២,៤% ប៉ុណ្ណោះ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី ក៍ទើបទម្លាក់ការព្យាកររបស់ខ្លួន ពីជាង ៤%រ ហូតដល់ត្រឹម ១,៩% ប៉ុណ្ណោះ ។ ការទម្លាក់ការព្យាករបស់ខ្លួនទំាងរដ្ឋ និងដៃគូអភិវឌ្ឍន៍នាពេលនេះបណ្តាលមកពីការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយពេលដ៍យូរនោះ ។  

នៅរបាយការណ៍របស់ខ្លួនដែលចេញផ្សាយថ្ងៃ ២៨ ខែកញ្ញានេះ ធនាគារពិភពលោកប្រចាំកម្ពុជា ថា ប្រទេសកម្ពុជាកំពុងប្រឈមនឹងការកើនឡើងវិញនូវករណីឆ្លងជំងឺកូវីដ ១៩ ដែលធ្វើឱ្យការស្ដារសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ជាពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ។ ការព្យាករកំណើនសម្រាប់ឆ្នាំ ២០២១ ត្រូវបានកែសម្រួលមកនៅត្រឹម ២,២ ភាគរយ ទោះបីជាការនាំចេញមានភាពរឹងមាំគាំទ្រដោយលក្ខខណ្ឌតម្រូវខាងក្រៅល្អ ។

ធនាគារពិភពលោកបញ្ជាក់ថា ការផ្ទុះឡើងនូវការឆ្លង ដែលបានបន្តអូសបន្លាយតាំងពីត្រីមាសទី ២ នៃឆ្នាំ ២០២១ បានធ្វើឱ្យការស្ដារសេដ្ឋកិច្ចឡើងវិញមានភាពយឺតយ៉ាវ ពិសេសវិស័យសេវាកម្ម សំណង់ និងអចលនទ្រព្យ ។ វិស័យទេសចរណ៍ និងការធ្វើការដំណើរ ដែលត្រូវបានព្យាករណ៍ថា បានផ្ដល់ការងារប្រហែល ២ លានកន្លែង និងបានរួមចំណែកមួយភាគបួននៃ ផ.ស.ស ក្នុងអំឡុងពេលមុនជំងឺរាតត្បាត ត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង ។ ការបាត់បង់ការងារមានកាន់តែច្រើន ដោយកំណើននៃពលករចំណាកស្រុក ដែលបានវិលត្រលប់ពីបរទេសមកវិញ ។ 

លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី ២៨ ខែកញ្ញា ២០២១ ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានរង្គោះរង្គើចាប់តាំងពីមានជំងឺរាតត្បាតនៃកូវីដ ១៩ ហើយសេដ្ឋកិច្ចកម្ពុជាក៏មិនអាចត្រលប់ទៅកំណើន ៧ ភាគរយដូចមុនវិបត្តិនោះទេ ជាក់ស្ដែងនៅឆ្នាំ ២០២២ ខាងមុខកំណើនមានត្រឹមតែ ៤,៥ ភាគរយប៉ុណ្ណោះ ខណៈឆ្នាំ ២០២១ នេះកំណើនត្រូវបានព្យាករឡើងវិញត្រឹម ២,២ ភាគរយ ។  លោកបន្តថា កំណើនសេដ្ឋកិច្ចអាចនឹងវិលទៅដូចដើមវិញលុះត្រាតែអាចគ្រប់គ្រងស្ថានភាពកូវីដ ១៩ បាន ហើយមកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយនៅលើពិភពលោកអាចទប់ស្កាត់ស្ថានភាពនៃជំងឺកូវីដនេះបានទេ ។ 

លោកស្រី Maryam Salim សេដ្ឋវិទូធនាគារពិភពលោកម្នាក់ទៀតឱ្យដឹងផងដែរថា ការបើកទេសចរណ៍ឡើងវិញរបស់កម្ពុជា ដូចជាការបើកទូលាយនៃអាជីវកម្មនៅក្នុងវិស័យឯកជន គឺជារឿងសំខាន់ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ  ។ ការបើកទេសចរណ៍ឡើងវិញនេះដែរក៏ត្រូវផ្ដោតទៅលើអ្នកដែលបានចាក់វ៉ាក់សាំងហើយ ប៉ុន្តែប្រទេសជាច្រើនក៏មិនទាន់មានប្រទេសណាបានបើកទេ ពីព្រោះទោះចាក់វ៉ាក់សាំងហើយក៏អាចឆ្លងបានដែរ ដូច្នេះទើបមិនទាន់មានការបើកទូលាយឡើងវិញបាន ។ 

នៅឆ្នាំ ២០២២ ទំាងរាជរដ្ឋាភិបាល ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនជាងឆ្នាំនេះ ។ ការព្យាករផ្សេងៗគ្នាថា កំណើនសេដ្ឋកិច្ចខ្មែរឆ្នាំក្រោយមានចន្លោះពី ៤ ទៅជិត ៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ