ខេត្តកណ្ដាល ៖ ផ្ដើមចេញពីការធ្វេសប្រហែសរបស់ម្ដាយ អុជភ្លើងទៀនបំភ្លឺផ្ទះដាក់ក្បែរមុងដែលមានកូនតូច២នាក់ដេកលក់ក្នុងមុង រួចចេញពីផ្ទះទៅមើលទូរទស្សន៍អ្នកជិតខាង បណ្តាលឱ្យភ្លើងទៀនឆេះមុងភួយ និងឆេះរលាករលួយក្មេងស្រីម្នាក់អាយុ៥ឆ្នាំ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ចំណែកបងប្រុសអាយុ៧ឆ្នាំ រងរបួសស្រាលកាលពីម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ កុម្ភៈ នៅភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ។
លោក ដួង តេង អធិការនគរបាលស្រុកពញាឮ បានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលស្លាប់ឈ្មោះ ហុង ស្រីម៉ុច អាយុ៥ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត ឈ្មោះ ហុង វាសនាអាយុ៧ឆ្នាំ រលាកខ្លួនរបួសស្រាល ។ ចំណែកម្ដាយក្មេងរងគ្រោះឈ្មោះ ហុង ស្រីទូច អាយុ៤០ឆ្នាំ មុខរបរដើរសុំទាន បានយកទៀនមកអុជបំភ្លឺក្នុងផ្ទះរួចក៍ដើរទៅមើល ទូរទស្សន៍អ្នកនៅជិតខាងជាមួយកូនឈ្មោះ ហុង ស្រីពេជ ទុកឲ្យកូនប្រុសស្រី២នាក់រងគ្រោះខាងលើដេកនៅក្នុងផ្ទះ ។ លុះដល់ម៉ោងកើតហេតុខាងលើ ឭសូរសំឡេងកូនស្រែកហៅម្តាយឲ្យជួយ ពេលនោះម្តាយស្ទុះចេញទៅស្រាប់តែឃើញភ្លើងឆេះនៅក្នុងផ្ទះខ្លួនបាត់ទៅហើយ រួចក៍ស្ទុះទៅជួយកូននិងស្រែកឲ្យគេជួយ ហើយក៍ចូលទៅជួយកូនដែលកំពុងដេក ជួយបានតែកូនប្រុសបងរងរបួសស្រាល រីឯកូនឈ្មោះហុង ស្រីម៉ុច ជួយមិនទាន់បណ្តាលឲ្យភ្លើងឆេះរលាករលួយរងរបួសធ្ងន់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ។
ខណៈពេលកើតហេតុគេឃើញអ្នកជិតខាង និងមន្ត្រីនគរបាលមូលដ្ឋាន បានជួយពន្លត់ភ្លើងមិនបណ្តាលឱ្យឆេះផ្ទះទាំងស្រុងទេ ដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ប៉ុន្តែទ្រព្យសម្បត្តិនៅក្នុងផ្ទះទាំងប៉ុន្មាន មាន ភួយ១ មុង១ និងកន្ទេល១ ត្រូវភ្លើងបំផ្លាញអស់គ្មានសល់ ។
លោកអធិការ បានឱ្យដឹងទៀតថា តាមព័ត៌មានចុងក្រោយ ក្មេងស្រីឈ្មោះ ហុង ស្រីម៉ុច ដែលរងរបួសធ្ងន់ បានស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ៕
ចែករំលែកព័តមាននេះ