ខេត្តកំពត ៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ឯម កែម អាយុ៦៧ឆាំ្ន ដែលចិញ្ចឹមចៅកំព្រាចំនួន៤នាក់ បច្ចុប្បន្នរស់នៅលើដីសាលាឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ដោយសារតែគាត់គ្មានដីដើម្បីសង់ផ្ទះស្នាក់នៅ ។
![Picture]()
ស្ត្រីចំណាស់រូបនេះបាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆាំ្ន២០២១ នេះ ថា គ្រួសារគាត់ពិតជាអភ័ព្វណាស់ តាំងពីគាត់ធ្លាក់ខ្លួនជាស្ត្រីមេម៉ាយមក ហើយថែមទាំងទទួលរ៉ាប់រងចិញ្ចឹមចៅកំព្រាចំនួន៤នាក់ទៀត ។ ពីមុន ក៏គាត់មានប្ដីដូចគេឯងដែរ និងមានស្រុកកំណើតនៅភូមិសង្កែដួច ឃុំស្ដេចគង់ខាងត្បូង តែក្រោយមកគាត់បានទៅនៅឯខេត្តបាត់ដំបងវិញ។ នៅក្នុងឆាំ្ន២០១៥ ប្ដីគាត់ក៏លួចមានប្រពន្ធចុង ហើយវាយធ្វើបាបគាត់គ្មានត្រាប្រណី រហូតដល់លែងលះចែកផ្លូវគ្នា គាត់ក៏ត្រឡប់មកស្រុកកំណើតវិញ គឺនៅភូមិសង្កែដួច ឃុំស្ដេចគង់ខាងត្បូង ។
![Picture]()
ស្ត្រីមេម៉ាយរូបនេះរៀបរាប់ទៀតថា ពេលគាត់មកដល់ស្រុកកំណើតវិញ គាត់បានដើរសុំដីបងប្អូនអ្នកស្រុកស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែអ្នកស្រុក អ្នកភូមិមិនឱ្យស្នាក់នៅទេ គេខ្លាចនៅលែងចេញ ។ ដោយសារតែបញ្ហាបែបនេះហើយ ទើបគាត់ងាកមកសុំដីអាជ្ញា ធរឃុំស្ដេចគង់ខាងត្បូង ដើម្បីសង់ផ្ទះស្នាក់នៅ លើដីជាប់សាលាឃុំតែម្ដង ។ គាត់ក៏បានអរគុណអាជ្ញាធរឃុំ ដែលបានឱ្យគាត់ស្នាក់នៅលើដីសាលាឃុំរយៈពេលជិត១០ឆាំ្នមកហើយ ។
ស្ត្រីឈ្មោះ ឯម កែម និយាយទៀតថា នៅពេលថ្មីៗនេះ គាត់បានសុំអាជ្ញាធរមូលដ្ឋាននូវដីព្រៃកន្លែងណាដែលជាដីរដ្ឋ សុំធ្វើជាកម្មសិទ្ធិរស់នៅដោយស្របច្បាប់ ប៉ុន្តែអាជ្ញាធរមិនមានដីឱ្យគាត់នោះទេ ។
![Picture]()
ទាក់ទងនឹងស្ត្រីមេម៉ាយចំណាស់ ឯម កែម ដែលគ្មានដីសាងសង់ផ្ទះ និងស្នាក់នៅលើដីសាលាឃុំខាងលើនេះ ត្រូវលោក អូក ផាន្នី មេឃុំស្ដេចគង់ខាងត្បូង បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែកញ្ញានេះថា ស្ត្រីចំណាស់ខាងលើពិតជាអត់ដីមែន ហើយគាត់បានទាក់ទងទៅខាងរដ្ឋបាលព្រៃឈើដែរ ដើម្បីសុំដីមួយកន្លែងឱ្យស្ត្រីរូបនេះសង់ផ្ទះស្នាក់នៅ តែមន្ត្រីរដ្ឋ បាលព្រៃឈើមិនបានឆ្លើយតបទេ ។ លោកមេឃុំនិយាយថា មានតែដីរដ្ឋទេ គឺមានដីនៅសេសសល់ជាដីសហគមន៍ព្រៃឈើ ។
![Picture]()
ជីវិតពលរដ្ឋក្រីក្រ១គ្រួសារនេះ ដែលមិនមានដីធ្លីធ្វើផ្ទះស្នាក់នៅ ខណៈដែលដីរាប់សិបហិកតាធ្លាក់លើកណ្ដាប់ដៃអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានអំណាច ពិតជាអកុសលណាស់សម្រាប់ឈា.មជ័រជាខ្មែរ១គ្រួសារនេះ ។ រាជរដ្ឋាភិបាល តែងបានអនុវត្តការផ្ដល់ដីសម្បទានសង្គមកិច្ច ដល់ប្រជាពលរដ្ឋដែលមិនមានដីធ្លីធ្វើផ្ទះស្នាក់នៅ ។
កោះសន្តិភាពសង្ឃឹមថា ព័ត៌មានមួយនេះនឹងក្លាយជាប្រធានបទមួយ ដើម្បីរកដំណោះស្រាយសម្រាប់ពលរដ្ឋក្រីក្ររបស់យើង៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ