ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​វត្ត​ត្រូវ​បិទទ្វារ​ក៏​ប្រជា​បរិស័ទ​នៅ​តែ​អាច​ធ្វើបុណ្យ​បាន

2 ឆ្នាំ មុន

តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា នៅ​ពេល​ដល់​រដូវ​បិណ្ឌ​ភ្ជុំ​ម្តង​ៗ វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែង​មាន​សភាព​មមាញឹក​ទទួល​ពុទ្ធបរិស័ទ​ដែល​នាំ​ទេយ្យទាន និង​ទេយ្យវត្ថុ​នានា​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ឆាន់​និង​ប្រើប្រាស់​យ៉ា​សម្បូរហូរហៀរ ។ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​ប្រែប្រួល​ទាំងស្រុង នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​(២០២១)​ប្រព្រឹត្ត​ទៅ​បាន​ត្រឹមតែ​បិណ្ឌ​ទី​បី​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្អាក់​កម្មវិធី​បុណ្យ​ជា​បន្ទាន់ ព្រោះ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​មួយ​ចំនួន​យ៉ាង​លឿន ។…

តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា នៅ​ពេល​ដល់​រដូវ​បិណ្ឌ​ភ្ជុំ​ម្តង​ៗ វត្ត​អារាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​តែង​មាន​សភាព​មមាញឹក​ទទួល​ពុទ្ធបរិស័ទ​ដែល​នាំ​ទេយ្យទាន និង​ទេយ្យវត្ថុ​នានា​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ឆាន់​និង​ប្រើប្រាស់​យ៉ា​សម្បូរហូរហៀរ ។ ប៉ុន្តែ​អ្វី​ៗ​ត្រូវ​ប្រែប្រួល​ទាំងស្រុង នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​(២០២១)​ប្រព្រឹត្ត​ទៅ​បាន​ត្រឹមតែ​បិណ្ឌ​ទី​បី​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ផ្អាក់​កម្មវិធី​បុណ្យ​ជា​បន្ទាន់ ព្រោះ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​បាន​ផ្ទុះ​ឡើង​នៅ​តាម​បណ្តា​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​មួយ​ចំនួន​យ៉ាង​លឿន ។

បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ក្រសួង​ធម្មការ និង​សាសនា សម្រេច​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​បិណ្ឌ​ទី​៤​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ នៅ​តាម​បណ្តា​វត្ត​អារាម​នានា ក្នុង​រាជធានី​ភ​ក្នំ​ពេញ មាន​សភាព​ស្ងាត់ជ្រងំ មិន​មាន​មនុស្ស​ម្នា​អ៊ូអរ ឬ​សំឡេង​ភ្លេង​ពិន​ពាទ្យ​ប្រគំ​កំដរ​កម្ម​វិធី​បុណ្យកាន់បិណ្ឌ​ដូច​៣​ថ្ងៃ​កន្លង​មក​នោះ​ឡើយ ពោល​គឺ​វត្ត​អារាម​ទាំងអស់​បាន​វិល​ទៅ​រក​សភាព​ដើម​វិញ ដូច​កាល​ពី​មិន​ទាន់​ប្រារព្ធ​ពិធីបុណ្យ​នេះ​យ៉ាង​ដូច្នោះ​ដែរ ។

វត្ត​អារាម​ទាំងឡាយ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បិទទ្វារ​ធ្វើ​ឱ្យ​ទី​វត្ត​អារាម​នីមួយ​ៗ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​គួរ​ឱ្យ​សង្វេគ ឯ​ពុទ្ធបរិស័ទ​ក៏​កំពុង​ប្រឈម​នឹង​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ផង ហើយ​ជំងឺ​កូ​វី​ដ​-១៩​នៅ​តែ​បន្ត​ឆ្លង​រាលដាល​ឥត​ស្រាកស្រាន្ត​ឡើយ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា វត្ត​មួយ​ចំនួន​បាន​ដាក់​តុ​នៅ​ខាង​មុខ​ខ្លោងទ្វារវត្ត អម​ដោយ​ព្រះសង្ឃ និង​អាចារ្យ គណៈកម្មការ​វត្ត​ផង​ដែរ ដើម្បី​ទទួល​ទេយ្យទាន និង​ចង្ហាន់​អំពី​ពុទ្ធបរិស័ទ​ដែល​នាំ​យក​មក​ប្រគេន ប៉ុន្តែ​មិន​មានការ​ជួបជុំ​កុះករ​មនុស្ស​ច្រើន​ដូច​មុន​នោះ​ឡើយ ។

គណៈកម្មការ​វត្ត​កំសាន្ត លោក​អ៊ំ​ឈួ​ន សា​រុន បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៧ ខែកញ្ញា​នេះ​ថា វត្ត​កំសាន្ត​គឺជា​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ​ក៏​មិន​ខុស​ពី​វត្ត​ដទៃ​ទៀត​ដែរ វត្ត​នេះ​មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​២៤​អង្គ​បាន​អនុវត្ត​គោរព​តាម​ការ​សម្រេច​របស់​ក្រសួង​ធម្មការ និង​សាសនា ក៏​ដូច​ជា​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានឱ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​បិណ្ឌ​៤​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដែល​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា​ចម្លង​យ៉ាង​លឿន ។

លោក​អ៊ំ​គណៈកម្មការ​បានឱ្យ​ដឹង​ទៀត​ថា បើ​ទោះជា​វត្ត​កំសាន្ត​មិន​មាន​អ្នក​កើត​ជំងឺ​កូ​វី​ដ​ក្តី​ក៏​វត្ត​ត្រូវ​តែ​មានការ​ប្រយ័ត្នប្រយែង​បំផុត ដោយ​គោរព​តាម​វិធានការ​សុខាភិបាល រក្សា​គម្លាត មានទឹក​អាល់កុល​បាញ់​ស​ម្លា​.​ប់​មេរោគ​ជាដើម ។ ហើយ​ក៏​មិន​មានការ​ជួបជុំ​បរិស័ទ​ច្រើន​នោះ​ដែរ ពោល​គឺ​ពុទ្ធបរិស័ទ​ដែល​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ចូល​ទៅ​ប្រគេន​ម្នាក់​ម្តង​ៗ​តាម​លំដាប់ គឺ​ទាំង​ព្រះសង្ឃ និង​ទាំង​ពុទ្ធបរិស័ទ​សុទ្ធតែ​មានការ​ប្រយ័ត្ន​ទាំងអស់​គ្នា ។

ចំណែក​នៅ​វត្ត​ព្រែក​ប្រា ស្ថិត​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ដូនជី​ដែល​ស្និទ្ធ​នឹង​វត្ត​មួយ​រូប​ឈ្មោះ​ង៉ូ​វ យ៉ា​ន បានឱ្យ​ដឹង​ដែរ​ថា វត្ត​នេះ​មាន​ព្រះសង្ឃ​ចំនួន​២៦​អង្គ​គង់​ស្នាក់​អាស្រ័យ​រាល់​ថ្ងៃនេះ ។ វត្ត​ព្រែក​ប្រា​ក៏​ជា​វត្ត​មួយ​ក្នុង​ចំណោម​វត្ត​ទូទៅ​នៅ​កម្ពុជា​ដែរ​ត្រូវ​បាន​ផ្អាក​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ធ្វើ​ឱ្យ​ជីវភាព​ព្រះសង្ឃ​ជួប​ការ​លំបាក​ខ្លះ ប៉ុន្តែ​មិនមែន​រហូត​ដល់​ដាច់​ចង្ហាន់​នោះ​ទេ ព្រោះ​វេន​បិណ្ឌ​នីមួយ​ៗ​គេ​ធ្វើ​ចង្ហាន់​យក​មក​ប្រគេន​នៅ​ត្រឹម​ខ្លោងទ្វារវត្ត ព្រះសង្ឃ​ឆាន់​បាន​គ្រប់គ្រាន់ តែ​មិន​បរិបូណ៌​ដូច​ឆ្នាំ​មុន​ៗ​ទេ ។ ដូច្នេះ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​សង្ឃ​ទាំងអស់​ក៏​ត្រូវ​សម្រួល​បន្សាំ​ទៅ​តាម​សភាពការណ៍​ជាក់ស្តែង​ដែរ ក្នុង​នោះ​វត្ត​ក៏​បាន​ទទួល​ចង្ហាន់​តាម​វេន​ដែល​ពុទ្ធបរិស័ទ​នាំ​មក​ប្រគេន​នៅ​ត្រឹម​ខ្លោងទ្វារវត្ត បាន​ត្រឹម​ម៉ា​គ្រប់​ឆាន់​មិន​មានការ​ខ្វះខាត​ចង្ហាន់​នោះ​ទេ ។

លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៥៤​វត្ត និង​មាន​ព្រះសង្ឃ​គង់នៅ​សរុប​ប្រហែល​៨០០០​អង្គ ។

កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​បន្ទាន់​មួយ ដោយ​សម្រេច​ផ្អាក​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ចាប់ពី​បិណ្ឌ​ទី​៤ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ ។

ការ​ផ្អាក​នេះ​ធ្វើ​ឡើង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ដំបូង​នៃ​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ មានការ​ជួបជុំ​និង​ប្រមូលផ្តុំ​មនុស្ស​ជា​ច្រើន​នៅ​តាម​បណ្តា​វត្ត​អារាម ដោយ​មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ដែល​នាំ​ឱ្យ​កម្ពុជា​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ជា​ទ្រង់ទ្រាយ​ធំ​នៅ​ទូ​ទាំង​ប្រទេស ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា (Delta) ដែល​មាន​កម្រិត​នៃ​ការ​ឆ្លង​រាលដាល​ឆាប់រហ័ស​នោះ ។

លោក​សេង សុ​មុនី បាន​បញ្ជាក់​ថា ទោះបីជា​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ត្រូវ​ផ្អាក​ចាប់ពី​បិណ្ឌ​ទី​៤ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​អាច​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ត្រឹម​មុខ​ខ្លោងទ្វារវត្ត និង​ការ​វេរ​ទេយ្យទាន​តាម​ប្រព័ន្ធ​ធនាគារ​ជាដើម ។ លោក​ថា​ការ​ផ្អាក​ពិធី​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មិន​មាន​អ្វី​ត្រូវ​ប៉ះពាល់​ដល់​ទំនៀមទម្លាប់ ប្រពៃណី និង​ជំនឿ​សាស​នា​របស់​ខ្មែរ​តាំងពី​បរម​បុរាណ​មក​នោះ​ទេ តែ​ជា​ការ​រៀន​រស់នៅ​ក្នុង​របត់​ថ្មី​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ