ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! បុរស​ម្នាក់​​នៅ​លើ​រថភ្លើង​អត់បាយអត់ទឹកអស់​១​ថ្ងៃ​​១​យប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ដែល​លួ.ច​ឡើង​ជិះ​រថភ្លើង​ដឹក​ទូ​កុងតឺន័រ​តាំងពី​ខេត្ត​ព្រះ​សីហ​នុ​រហូត​មក​ដល់​ភ្នំពេញ ហើយ​យក​កូន

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ដែល​លួ.ច​ឡើង​ជិះ​រថភ្លើង​ដឹក​ទូ​កុងតឺន័រ​តាំងពី​ខេត្ត​ព្រះ​សីហ​នុ​រហូត​មក​ដល់​ភ្នំពេញ ហើយ​យក​កូនកាំបិ.ត​ចា.ក់​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស ​និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ហើយបុរសរូបនោះ​​បាន​បន្ត​ស្ថិត​នៅ​ទូ​កុងតឺន័រ​នៅ​លើ​រថ​ទូរថភ្លើង​អត់បាយ​អត់​ទឹក​អស់​រយៈពេល​១​ថ្ងៃ​និង​១​យប់ ​បើ​ទោះបីជា​នគរបាល​ក៏​ដូច​ជា​បុគ្គលិក​ផែស្ងួត​ និង​ក្រុម​បុគ្គលិក​រថភ្លើង​លួងលោម​ឲ្យ​ចុះ​​យ៉ាងណា ​ក៏​ពុំ​ព្រម​ចុះ​ឡើយ​។

រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ ដោយសារ​តែ​រាំ​ស្ទះ​ដល់​ផ្លូវ​រថភ្លើង នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម បុគ្គលិក​ផែស្ងួត​រ៉ូ​យ៉ា​ល់​ភ្នំពេញ​និង​ក្រុម​បុគ្គលិក​រថភ្លើង​បាន​ព្យាយាម​លួងលោមបុរសរូបនោះ​​បន្ត​ទៀត​ រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ទើប​បុរស​នេះ​យល់ព្រម​ចុះ​ពីលើ​ទូ​កុងតឺន័រ​នោះ​វិញ​តាម​សម្រួល​ ។ ​ដោយនៅ​ពេល​នោះ​ក្រុម​បុគ្គលិក​រថភ្លើង​បានយក​គ្រឿងចក្រ​(​អេ​ស្កា​វ៉ា​ទ័​រ​)​ទៅ​ដាក់​ឲ្យ​ជិះ​លើ​ប៉ែល​រួច​ដាក់ចុះ​មក​ក្រោម ​។ ​បន្ទាប់​មក​បាន​ឲ្យ​ខោអាវ​ថ្មី​១​កំ​ប្លេ​​ស្លៀកពាក់ រួច​បើករថយន្ត​ជូន​ទៅ​កាន់​ចំណតរថយន្ត​ចោម​ចៅ ដើម្បី​ឲ្យ​ជិះ​រថយន្តឈ្នួល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីរួមខេត្ត​តាកែវ​វិញ​ហើយ​។

ពុំ​មាន​នរណា​បានដឹង​ថា បុរសរូប​​នេះ​មាន​បញ្ហា​សតិ​ពុំសូវល្អ​ ឬ​ក៏​ប្រើប្រាស់​ថ្នាំ​ញៀ.ន​រហូត​ដល់​កម្រិត​បែក​ថ្នាំ​នោះ​ទេ ប៉ុន្តែ​ការ​និយាយ​ស្ដី​ហាក់​ពុំ​សូវ​ប្រាកដប្រជា​នោះ​ឡើយ ។ ​ដោយនៅ​ពេល​សួរនាំ​ពី​ឈ្មោះ​របស់​គាត់​ ម្ដង​ប្រាប់​ថា​ គាត់​ឈ្មោះ​ប៊ុត តុលា អាយុ​ជាង​៣០​ឆ្នាំ និង​ម្ដងទៀត​ប្រាប់​ថា​ឈ្មោះ​អ៊ុត បញ្ញា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ដូន​កែ ខេត្តតាកែវ ​(​ទីរួមខេត្ត​តាកែវ​)​។

បុរស​នេះ​បាន​ប្រាប់​ទៀត​ថា កាលពី​យប់​ថ្ងៃ​ទី​២៥ ខែកញ្ញា គាត់​បាន​ឡើង​ជិះ​រថភ្លើង​ចេញពី​ខេត្ត​ព្រះ​សីហ​នុ ក្នុង​បំណង​ទៅ​ផ្ទះ​នៅ​ទីរួមខេត្ត​តាកែវ ប៉ុន្តែ​បាន​ជិះ​ច្រឡំ​ទូ​ហើយ​ក៏​បាន​មក​ដល់​ភ្នំពេញ​តែ​ម្ដង ​។ ​ពេល​នោះ​គាត់​ប្រុង​ចុះ​ពីលើ​ទូ​កុងតឺន័រ​ដែល​ស្ថិត​នៅ​លើ​រថភ្លើង​ដែរ ប៉ុន្តែ​គាត់​ខ្លា.ច ​ព្រោះតែ​មាន​គេ​គម្រាម​ធ្វើបាប ព្រមទាំង​យក​កាំបិ.ត​ចា.ក់​គាត់​ថែម​ទៀត​ ​ទើប​គាត់​អត់​ហ៊ាន​ចុះ​ក្រោម​ហើយ​ក៏​នៅ​លើ​ទូ​កុងតឺន័រ​នោះ​រហូត​ ព្រោះ​បើ​ចុះ​ក្រោម​ខ្លាច​គេ​ព្រួត​វា.យ​។

សូម​រំលឹក​​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផែស្ងួត​រ៉ូ​យ៉ា​ល់​ភ្នំពេញ តាម​ផ្លូវ​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ​-​កំពត ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​​មាន​​បុរស​មួយ​រូប​​បាន​លួច​ឡើង​ជិះ​រថភ្លើង​ដឹក​ទូ​កុងតឺន័រ​១​ខ្សែ​ខាងលើ​រួច​យក​កាំបិ.ត​ចា.ក់​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​ពេញ​ខ្លួន ​បើ​ទោះបីជា​នគរបាល​រួម​ជាមួយ​បុគ្គលិក​ផែស្ងួត​និង​ក្រុម​អ្នក​បើក​រថភ្លើង​លួងលោម​ឲ្យ​ចុះ​យ៉ាងណា ក៏​ពុំ​ព្រម​ចុះ​ឡើយ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បុរស​ខាងលើ​មាន​កាន់​កូនកាំបិ.ត​ជាប់ដៃ ស្រែក​​គំរា.ម​មិន​ឲ្យ​កម្លាំង​នគរបាល​ព្រមទាំង​បុគ្គលិក​ផែស្ងួត​និង​ក្រុម​បុគ្គលិក​រថភ្លើង​ចូល​ទៅ​ជិត​ឡើយ​ ​ដោយ​គ្មាន​មធ្យោបាយ​ដើម្បី​ឲ្យ​បុរស​នេះ​ចុះ​ចេញ​ពីលើ​ទូ​កុងតឺន័រ​បាន ក៏​សម្រេច​បើក​រថភ្លើង​អូស​ទូ​ដែល​បុរស​នេះ​ជិះ​ចាក​ចេញពី​កន្លែង​កើតហេតុ​ហើយ​បាន​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ ទៅ​ដល់​ភូមិ​ចែងម៉ែង សង្កាត់​សំរោង​ក្រោម ទើប​ផ្ដាច់​ទូ​នោះ​ទុក​ចោល​រួច​បើក​រថភ្លើង​ចេញ​ទៅ​បាត់​។

ប្រភព​ខាង​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា បុរស​នេះ​ស្ថិត​នៅ​លើ​ទូ​កុងតឺន័រ​ទាំង​ថ្ងៃ​ក្ដៅហែង ហើយ​ពេល​នោះ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​ធ្វើការ​លួងលោម​រហូត​ដល់​វេលា​យប់​ថ្ងៃ​ដដែល ក៏​បុរស​នោះ​អត់​ព្រម​ចុះ​ឡើយ ​។ ​មិនតែប៉ុណ្ណោះ​នគរបាល​បាន​ទិញ​បាយ​ទិញ​ទឹក​ឲ្យ​ហូប​ ក៏​ពុំ​ព្រម​​ចុះ​មក​ហូប​ដែរ ហើយ​ដៃ​កា.ន់​កាំបិ.ត​ជាប់​រហូត​ថែម​ទៀត​ផង​ ។​ ក្រោយមក​បុរស​នេះ​បាន​ស្ថិត​នៅ​លើ​ទូ​កុងតឺន័រ​នោះ​ម្នាក់ឯង​ពេញ​១​យប់ រហូត​មក​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ ខែកញ្ញា នគរបាល​រួម​ជាមួយ​បុគ្គលិក​ផែស្ងួត​និង​ក្រុម​អ្នក​បើក​រថភ្លើង​បន្ត​លួងលោម​ទៀត ទើប​បុរស​នេះ​យល់ព្រម​ចុះ​វិញ ហើយ​ក្រោយ​ពី​សួរនាំ​ខ្លះ​ៗ​រួច ក៏​បាន​ដឹក​តាម​រថយន្ត​១​គ្រឿង​ចាកចេញ​ភ្លាម​ៗ​ជូន​ទៅ​កាន់​ចំណតរថយន្ត​ចោម​ចៅ ដើម្បី​ឲ្យ​ជិះ​រថយន្តឈ្នួល​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ទីរួមខេត្ត​តាកែវ​វិញ​ហើយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ