សហគ្រាសខ្នាតតូច និងមធ្យម ផ្តើមមកខ្ចីលុយពីធនាគារទៅស្តារអាជីវកម្ម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ធនាគារសហគ្រាសធុនតូច និងមធ្យម ឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទានបន្តបន្ទាប់ពិសេស ហិរញ្ញប្បទានជំហ៊ានទី ២ ទឹកប្រាក់ ១០០ លានដុល្លារសម្រាប់ជួយទ្រទ្រង់ដល់វិស័យ SME មក ធនាគារ SME និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលជាដៃគូ បានបញ្ចេញឥណទានសរុបប្រមាណ ២៦ លានដុល្លាអាមេរិករួចហើយ ដល់សហគ្រាសខ្នាតតូច និងធម្យម ក្នុងនោះភាគច្រើនប្រភេទអាជីវកម្ម ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ។

កាលពីថ្ងៃទី ២៦ សីហាឆ្នាំ ២០២១ រដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទានជំហានទី ២ ក្នុងទឹកប្រាក់ ១០០ លានដុល្លារ និងនៅថ្ងៃទី ២២ កញ្ញានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទម្លាក់កញ្ចប់សហហិរញ្ញប្បាទានចំនួន ៥០ លានដុល្លារ បន្ថែមទៀតដល់ អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាបន្ថែមទៀត ។

បើតាមធនាគារសហគ្រាសធុនតូច និងមធ្យម សម្រាប់ហិរញ្ញប្បទានជំហានទី ២ ដែលនៅសល់ គ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូរទាំងអស់ កំពុងបញ្ចេញថវិកាផ្តល់ជូនដល់សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការ ដែលក្នុងនោះបើតាមការប៉ាន់ស្មាន ទំហំទឹកប្រាក់ដែលនៅសល់ទាំងនោះ នឹងអាចបញ្ចេញអស់ នៅចុងឆ្នាំ ២០២១ ឬយ៉ាងយូរបំផុត នៅត្រឹមដើមឆ្នាំ ២០២២ ប៉ុណ្ណោះ ។

ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ បានឱ្យដឹងថា ការទម្លាក់ថវិការបន្ថែម របស់រាជរដ្ឋាភិបាលនេះ សម្រាប់សមាជិកនៅក្នុងសមាគម ជាផ្នែកសំខាន់សម្រាប់ឲ្យអាជីវកម្មដំណើរឡើងវិញនៅក្រោយវិបត្តិកូវីដ ១៩ នេះ ។ លោកថា សមាជិកសមាគមបានទទួលហិរញ្ញប្បទាននេះជាបណ្តើរៗ ដើម្បីយកកញ្ចប់ថវិការទាំងនោះមកស្តារ និងបន្តក្នុងអាជីវកម្មរបស់ពួកគេហើយតាមរយៈហិរញ្ញប្បទាននេះមិនត្រឹមតែជួយអាជីវកម្មឱ្យងើបឡើងវិញទេ គឺជាការជួយដល់បុគ្គិល កម្មករ ដែលបម្រើការងារនៅទីនោះឲ្យមានការងារធ្វើ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ