ខេត្តក្រចេះ ៖ ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៦ កុម្ភៈ ២០១៦ ស្ថិតនៅភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល មានករណីឃាតកម្មយ៉ាងសាហាវ ខណៈជនរងគ្រោះ២នាក់ដែលជាកូនក្រមុំ និងកូនកម្លោះ បានបណ្តើរគ្នាទៅងូតទឹកអណ្តូងនៅកណ្តាលវាលស្រែមួយកន្លែង ស្រាប់តែមានជនមិនស្គាល់មុខលបកាប់ប្រហារពួកគេទាំង២នាក់ ដោយហេតុការណ៍នេះ គឺបន្ទាប់ពីពិធីក្រុងពលី ក្នុងថ្ងៃចូលរោងការរបស់ពួកគេទាំង២តែម្តង ។
ប្រភពឱ្យដឹងថា នារីដែលស្លាប់ឈ្មោះម៉ុន ស្រីញឹប អាយុ១៨ឆ្នាំ (ជាកូនក្រមុំ) មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និងបុរសជាកូនកំលោះរងរបួសធ្ងន់ឈ្មោះឡើក ឡើត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្នួល ។
ប្រភពបន្តថា មុនពេលកើតហេតុនោះ ជាថ្ងៃដែលពួកគេទាំង២នាក់ចូលរោងការ ហើយបន្ទាប់ពីពិធីក្រុងពលីចប់សព្វគ្រប់ ក៏បានបណ្តើរគ្នាទៅងូតទឹកអណ្តូងនៅឯកណ្តាលវាលស្រែ ក៏ត្រូវជនមិនស្គាល់មុខធ្វើសកម្មភាពកាប់ជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យកូនក្រមុំរយះមុខមាត់របួសរហូតដល់ស្លាប់ និងកូនកំលោះរងរបួសធ្ងន់ ហើយជនដៃដល់ក៏គេចខ្លួនបាត់ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមានតម្រុយខ្លះៗហើយ ពីអត្តសញ្ញាណរបស់ឃាតករ ។
ចែករំលែកព័តមាននេះ