ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀង លិចស្ពានតាម៉ុក នៅអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយ

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង នា​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ទឹក​មាន​កម្ពស់ ៣,៩៩​ម៉ែត្រ…

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង នា​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ទឹក​មាន​កម្ពស់ ៣,៩៩​ម៉ែត្រ បង្ក​ឲ្យ​ឲ្យ​ទឹក​ហូរ​កាត់​លើ​ស្ពាន​តា​ម៉ុក កម្ពស់ ០,៣០​ម៉ែត្រ​។ ប៉ុន្តែ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ផ្នែក​ខាងលើ ពុំមាន​ភ្លៀង​ធ្លាក់​ទេ ទឹកនឹង​ស្រុក​ចុះ​វិញ នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា បរិមាណ​ទឹកភ្លៀង ដែល​បាន​ធ្លាក់​កម្រិត​ពី ៧៥​ម​.​ម ទៅ ៨៥ ម​.​ម នា​ថ្ងៃទី​២៤-២៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទឹង​ស្រែង បាន​បង្ក​ឲ្យ​កម្ពស់​ទឹក ក្នុង​អាងទឹក​ទាំង ០៥​កន្លែង នៅលើ​ដងស្ទឹង​ស្រែង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហក់​ឡើង​ជិត​ដល់ និង​ដល់​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបញ្ជាក់​ស្ថានភាព​កម្ពស់​ទឹក នា​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា​នេះ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ រួមមាន​៖ ១-​អាងទឹក ០៥ ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ទឹក​មាន​កម្ពស់ ១,៦៥​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ២,០០​ម៉ែត្រ​។ ២-​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៨៤​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៣,៨០​ម៉ែត្រ​។ ៣-​អាងទឹក​ថ្មី ស្ថិតនៅ​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ទឹក​មាន​កម្ពស់ ៣,៤៩​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ៣,៥០​ម៉ែត្រ​។ ៤-​អាងទឹក​ស្រែង​២ ស្ថិតនៅ​ឃុំ​ពង្រ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ៣៩,៨០​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន  ៣៩,៩០​ម៉ែត្រ​។ ៥-​អាងទឹក​ស្រែង​១ ស្ថិតនៅ​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ទឹក​មាន​កម្ពស់ ២៦,៥៥​ម៉ែត្រ កម្ពស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ២៧,០០​ម៉ែត្រ​។

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​នៅ​ថ្ងៃទី​២៦ ខែកញ្ញា​នេះ​ថា ស្ថានភាព​ទឹកស្ទឹង​សែន ក្នុង​ទី​រួម​ខេត្តព្រះវិហារ ដោយមាន​ភ្លៀង​នៅ​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ បរិមាណ​ទឹកភ្លៀង មាន​រហូតដល់ ៩៣,៤ ម​ម ធ្វើ​ឲ្យ​ទឹកស្ទឹង​សែន ហក់​ឡើង កម្ពស់ ១១,៨០ និង​ជន់​លិច​ភូមិ​មួយចំនួន នៅក្នុង​ក្រុង​ព្រះវិហារ តំបន់​ទាប ដូចខាងក្រោម​៖ ១-​ភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ២-​ភូមិ​ដំណាក់ សង្កាត់​កំពង់​ប្រណាក ៣-​ភូមិ​កំពុងចម្លង សង្កាត់​កំពង់​ប្រណាក ៤-​ភូមិ​អភិ​វ​ឌ្ឈ សង្កាត់​បា​លហាល ក្រុង​ព្រះវិហារ និង​៥-​ភូមិ​ស្ថាពរ សង្កាត់​បា​លហាល ក្រុង​ព្រះវិហារ​។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា ស្ថានភាព​ទឹកស្ទឹង​សែន ពុំទាន់​មាន​អ្វី​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ដងស្ទឹង​សែន​ទេ​៕​