រាជធានីភ្នំពេញ ៖ មន្រ្តីក្រសួងពាណិជ្ជកម្ម អ្នកពាក់ព័ន្ធ រួមនិងអ្នកជំនួញធំៗ បានជួបជុំគ្នាក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌ ៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងឲ្យអ្នករកស៊ីដែលលក់ផលិតរបស់ខ្លួន ត្រូវមានភាពស្មោះត្រង់ចំពោះពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានលើកឡើងថា ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាមួយដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ។

លោកបានបញ្ជាក់ថា ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថា ជាឧបសគ្គដល់អាជីវកម្មឡើយ ។ ផ្ទុយទៅវិញ អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីក មូលដ្ឋានអតិថិជន និងការប្រកួតប្រជែងរបស់ពួកគេ ។ អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រដោយបញ្ជាក់ថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា កំឡុងពេលដែលប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ។លោកថា នេះ ជារឿងមួយដែលធ្វើអោយប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា ។

លោក ហ្វ្រាង យ៉ាត់ខឺ (Frank Jattke) ប្រធានក្រុមការងារអាស៊ាន នៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា បានលើកឡើងថា «ការធ្វើធុរកិច្ចប្រកបដោយសុចរិតយុត្តិធម៌ ទាំងតាមប្រព័ន្ធអនឡាញ និងមិនមែនអនឡាញ គឺជាកត្តាសំខាន់ជំរុញនូវភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុនដែលទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់អតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនបានកាន់តែទូលំទូលាយ ។ ព្រោះហេតុដូច្នេះហើយ ទើបកាលពីឆ្នាំ ២០១៩ អាស៊ានបានបង្កើតមគ្គុទ្ទេសក៍សាមញ្ញមួយហៅថា ក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលក្នុងនោះបានបញ្ចូលនូវការប្តេជ្ញាចិត្តចំនួន ១៥ សម្រាប់ធុរកិច្ចប្រតិបត្តិតាម ដើម្បីផលប្រយោជន៍អ្នកប្រើប្រាស់ និងជាកិច្ចការពារដល់អ្នកប្រើប្រាស់» ។ លោកហ្វ្រាង យ៉ាត់ខឺ បានប្រកាស ថា ក្រមសីលធម៌នេះ ត្រូវបានគេរំពឹងថា នឹងត្រូវយកទៅផ្សព្វផ្សាយនៅទូទាំងប្រទេសជាសមាជិកអាស៊ានទាំងអស់ ហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្តារប្រទេសឡើងវិញក្រោយពីវិបត្តិនៃជំងឺរាតត្បាត ។

កម្ពុជាបានប្រកាសឲ្យប្រើច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១៩ ។ បច្ចុប្បន្នគេសង្កេតឃើញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចុះត្រួតពិនិត្យទំនិញលើទីផ្សារយ៉ាងសកម្មហើយក្នុងកាលៈទេសៈកូវីដ ១៩ រាតត្បាតនេះ អាកុលជាទំនិញមួយសំខាន់ ប៉ុន្តែអាជ្ញាធរបានរកឃើញអាកុលក្លែងក្លាយរាប់តោន ក្រៅពីនោះទំនិញខូចគុណភាព ទំាងបន្លែ ទំាងសាច់ និងគ្រឿងកំប៉ុងហាក់មានច្រើននៅលើទីផ្សារកម្ពុជា ដែលបង្ហាញពីភាពមិនស្មោះត្រង់របស់អាជីវករចំពោះអ្នកប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ