ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាក​ការ​ប្រកួត​ប្រដាល់​ខ្មែរ​ជើងឯក​អាស៊ី​អាគ្នេយ៍ មាន​ទាំង​ផល​វិជ្ជមាន និងអវិជ្ជមាន

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន សម្រេច​ផ្អាក​ការ​រៀបចំ​ការ​ប្រកួត​កីឡា

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន សម្រេច​ផ្អាក​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ី​អាគ្នេយ៍ ដែល​គ្រោង​រៀបចំ​នៅ​ខែតុលា ឆ្នាំ​២០២១ ដោយសារការឆ្លងរីករាលនៃជំងឺងកូវីដ១៩ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​កត្តា​វិជ្ជមាន​ និង​អវិជ្ជមាន ជា​ពិសេស​សម្រាប់​គ្រូបង្វឹក និង​កីឡាករ ដែល​ខំ​រំពឹង​ថា នឹង​បាន​បញ្ចេញស្នាដៃ​អោយ​ពិភពលោក​ភ្ញាក់ផ្អើល​នោះ​។ យ៉ាងណាមិញ​មានការ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​នៅ​តែ​ត្រូវ​បាន​រៀបចំ​នៅ​កម្ពុជា​សារ​ជា​ថ្មី ដោយ​គ្រាន់តែ​មិនដឹង​ថា​ពេល​ណា​កំណត់​បាន​ ។

កម្ពុជា​នឹង​បើក​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជើងឯក​អាស៊ី​អាគ្នេយ៍ ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ ដោយ​មាន​បណ្ដា​កីឡាករ​មក​ពី​ប្រទេស​មួយ​ចំនួន​ចូលរួម​ដណ្ដើម​មេដាយ​។ ការ​រៀបចំ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​ខ្មែរ អោយ​កាន់តែ​មានការ​ទទួលស្គាល់ ដែល​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​គឺជា​យុទ្ធសាស្ត្រ​ធ្វើ​អោយ​ក្បាច់គុន​ប្រដាល់​ខ្មែរ ខ្ទរខ្ទារ​ខ្លាំង​ដូច​គ្នា​ដូច​គ្នា​នឹង​កីឡា​មួយ​ថៃ​របស់​ថៃ​។

កីឡាករ​កម្ពុ​ជាមួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​សម្រាំង​ដើម្បី​ប​ង្អូ​ត​សមត្ថភាព​ផង​ដែរ ដោយ​អ្នកគាំទ្រ​ភាគច្រើន​រំពឹង​ថា កម្ពុជា​នឹង​ក្ដោប​ក្ដាប់​មេដាយ​បាន​ច្រើន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ផង​។ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​កម្ពុជា​គៀ​គរ​កីឡាករ​បរទេស​អោយមក​ប្រកួត​នៅ​ស្រុក​ខ្មែរ តែ​អាច​ចាត់​ទុក​ថា​គឺជា​កា​រៀបចំ​ទ្រង់ទ្រាយ​ផ្លូវការ​ក្រោម​ការ​ចាត់ចែង​របស់​សហព័ន្ធ ដែល​អាច​រាប់​ថា​គឺជា​ការ​ដណ្ដើម​មេដាយ​របស់​ប្រទេស និង ប្រទេស ដែល​សហព័ន្ធ​ប្រដាល់​កម្ពុជា​រៀបចំ​ឡើង​។ យ៉ាងណា​ក៏​ដោយ ក្ដី​ស្រ​ម៉ៃ​មួយ​នេះ ត្រូវ​បាន​ប្រកាស​លើក​ពេល ខណៈ​ដែល​កាលបរិច្ឆេទ​ជា​ថ្មី ក៏​អាច​មើល​មិន​ទាន់​ឃើញ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា បាន​ផ្ញើ​លិខិត​មួយ ទៅ​កាន់​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ តាំងពី​ប៉ុន្មាន​ថ្ងៃមុន សំណើរ​អោយ​លុប​ចោល ដោយ​សារ​តែ​ហេតុផល​កូ​វីត​១៩​នៅ​តែ​បន្ត​រៀលដាល​។

លិខិត​នោះ​សរសេរ​ថា​« ដោយ​យោង​លើ​ស្ថានភាព​មិន​ទាន់​ធូរស្បើយ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច្នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ជា​គោលការណ៍​ឲ្យ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ផ្អាក​ការ​ប្រកួត​ជើងឯក​អាស៊ី​អាគ្នេយ៍​»​។ ការ​សម្រេច​លុប​នេះ នៅ​តែ​ត្រូវ​បាន​អ្នក​ពាក់ព័ន្ធ​ការ​ប្រដាល់​ជជែក​វែកញែក ខណៈ​ដោយ​អ្នកខ្លះ​ក៏​ថា​ជា​រឿង​ល្អ តែ​អ្នកខ្លះ​ក៏​ថា​ជា​រឿង​សោកស្ដាយ និង​ថា​គឺជា​រឿង​ធ្វើ​អោយ​កីឡាករ​បាក់ទឹកចិត្ត និងលែង​ចង់​ត្រៀមខ្លួន​ជា​ថ្មី បើ​ទោះជា​មានការ​សម្រេច​ប្រកួត​ជា​ថ្មី​។

លោក ពេជ្រ សូ​ផែន អគ្គលេខាធិការ​រង សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ទទួល​បន្ទុក​ការងារ​បច្ចេកទេស និង​ការងារ​ព័ត៌មាន បាន​បញ្ជាក់​ថា ការ​សម្រេច​ផ្អាក​នេះ មិន​ទាន់​កំណត់​ពេលវេលា​ឡើង​វិញ​ទេ ឬ​ក៏​អាច​ពន្យារពេល​ដល់​ឆ្នាំ​២០២២​។ លោក​ថា​គឺជា​រឿង​សោកស្ដាយ តែ​សហព័ន្ធ​ក៏​មិន​អាច​ប្រថុយប្រថាន​ក្នុង​ការ​រៀបចំ​ផង​ដែរ​។ លោក​ថា​ហេតុផល​នៃ​ការ​ប្រកាស​ផ្អាក គឺ​ទី​១​កូ​វីត​ផ្ទុះ​ឡើង​កាន់​ខ្លាំង ដែល​ពិបាក​រៀបចំ​ការ​ប្រកួត​ដែល​តម្រូវ​អោយ​ជួបជុំ​។ ទី​២​គឺ​កីឡាករ​មក​ពី​ប្រទេស​ខ្លះ​សម្រេច​លុប​ចោល ដែល​មិន​អាច​អោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដោយ​មោទនភាព​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) រូប​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​បន្ថែម​ថា «​តាម​គម្រោង សហព័ន្ធ​បាន​ជូនដំណឹង​ដល់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​អាស៊ាន​រួចរាល់ ហើយ​អំពី​ការ​ត្រៀម​រៀបចំ​នេះ ប៉ុន្តែ​ដោយសារ​ការ​ផ្អាក​នេះ មិន​ទាន់​ច្បាស់លាស់​ពី​ការ​ចូលរួម​ថា តើ​មាន​កីឡាករ​ប៉ុន្មាន​នាក់ មក​ពី​ប្រទេស​ណាខ្លះ​នៅឡើយ​ទេ ទើប​កម្ពុជា​សម្រេច​លុប​ចោល​តែ​ម្ដង​»​។ លោក​ថា​កម្ពុជា​មិន​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ភាព​ស្រពិចស្រពិល​ទេ ហើយ​បើ​ទោះជា​បាន​លុប​ចោល​មែន តែ​ការ​ប្រកួត​មួយ​នេះ គឺ​កម្ពុជា​នៅ​តែ​ចិញ្ចឹមចិត្ត​ធ្វើ​ឡើង​។ អគ្គលេខាធិការ​រង​រូប​នេះ បង្ហាញ​ការ​រំពឹង​ថា កម្ពុជា​នឹង​អាច​រៀប​ចំការ​ប្រកួត​នេះ​ក្រោយ​ពេល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​បាន​ធូរស្បើយ ដើម្បី​បង្កើន​សមត្ថភាព​កីឡាករ​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ ឲ្យ​កាន់តែ​មាន​សក្តានុពល ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​លុប​ចោល​ខាងលើ​នេះ លោក មាស សុខ​គ្រី ជា​គណកម្មការ​ប្រដាល់ និង​ជា​គ្រូបង្វឹក​មួយ​រូប និយាយថា ការ​លុប​បែប​នេះ​គឺជា​រឿង​ដ៏​ល្អ​ដើម្បី​សុវត្ថិភាព​កីឡាករ ប៉ុន្តែ​លោក​ក៏​បារម្ភ​ផង​ដែរ​ថា តើ​នៅ​ពេល​សម្រេច​រៀបចំ​ការ​ប្រកួត​ជា​ថ្មី តើ​នឹង​អាច​មាន​កីឡាករ​ល្អ​ៗ ចូល​ប្រកួត​ទៀត​ទេ​។ លោក​ថា ​ការ​សម្រេច​លុប​ចោល គឺ​តែងតែមាន​ទាំង​លទ្ធផល​វិជ្ជមាន និង​អ​វិមាន ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​លើ​កីឡាករ​មួយ​រូប លោក​ថា បើ​ទោះជា​ដល់​ពេល​នោះ​កីឡាករ​ខ្លះ​បែរជា​ហួស​ដឺ​ឡេ ឬ​មិន​ចូល​ប្រកួត​លើ​រេញ ក៏​បណ្ដា​ក្លិប​ទាំងអស់ នឹង​បណ្ដុះ​កីឡាករ​ល្អ​ៗ ថ្មី​ៗ ដើម្បី​ជំនួស​ផង​ដែរ ថ្វី​ត្បិត​តែ​កម្លាំង​ជំនួស​វា​អាច​មិន​ដូច​កីឡាករ​ល្អ​ៗ​ដែល​មាន​ស្រាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​កន្លង​មក​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ត្រៀម​រៀបចំ​វិញ្ញាសា ក្នុង​ការ​ប្រកួត​ជើងឯក​កម្រិត​អាស៊ាន​នេះ មាន​ចំនួន​១០​ប្រភេទ​ទម្ងន់ ដូច​ជា​ប្រភេទ​ទម្ងន់ ៤៥​គីឡូក្រាម​, ៤៨, ៥១, ៥៤, ៥៧, ៦០, ៦៣.៥, ៦៧, ៧១ និង​ទម្ងន់ ៨១​គីឡូក្រាម​។ កីឡាករ​ដែល​ត្រៀម​នៅ​ក្នុង​ព្រឹត្តិការណ៍​ក៏​ម្នាក់​ៗ​ប្រឹងប្រែង​ណាស់ ប៉ុន្តែ​ចុង​ក្រោយ​គឺ​សម្រេច​លុប​ចោល ដោយសារ​កូ​វីត​១៩ បង្ក​នូវ​ផល​ប៉ះពាល់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ