រាជធានីភ្នំពេញ ៖ កសិករត្រូវបានលើកទឹកចិត្តឲ្យដាំដុះតាមបច្ចេកវិទ្យា ដែលអាចជួយបង្កើនទិន្នផលកសិកកម្ម និងកាត់បន្ថយកម្លំាងពលកម្មជាដើម ។កន្លងមកគេដឹងថា ការធ្វើស្រែតាមប្រព័ន្ធប្រពលវប្បកម្មជួយឲ្យកសិករទទួលបានផលខ្ពស់ ចំណាយពូជតិច ។ នៅពេលនេះក្រសួងកសិកម្ម ថាការប្រើបច្ចេកវិទ្យាថ្មី ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០% ។

ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរបច្ចេកទេសចមួយក្នុងចំណោមអនុវិស័យជាច្រើនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងគិតគូយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍវិស័យដំណាំកសិកម្ម ដោយបានបញ្ចូលយន្តូបនីយកម្មទៅក្នុងផលិតកម្មដំណាំមានជាអាទិ៍ ៖ ការភ្ជួររាស់ ការពង្រាបដីដាំដុះ ស្ទូង ព្រោះ កម្ចាត់ស្មៅ ដឹកជញ្ជូន ច្រូតកាត់ បោកបែន សម្ងួត ម៉ាស៊ីនកិនស្រូវ និងម៉ាស៊ីនកែច្នៃដើម ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា អគ្គនាកដ្ឋានកសិកម្ម ដោយសហការជាមួយវិស័យឯកជន បានណែនាំ និងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីមួយទៀតជូនដល់កសិករ គឺការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ ។លោកថា នាយកដ្ឋានបានអះអាងថា ការប្រើបច្ចេកវិទ្យាថ្មីនេះអាចជួយបង្កើនទិន្នផលស្រូវពី ២០%-៣០% តាមរយៈការធ្វើឱ្យដីស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការសាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល ។

លោករដ្ឋមន្រ្តីបន្តថា ដោយយល់ច្បាស់អំពីគុណប្រយោជន៍នៃបច្ចេកទេសនេះ នាយកដ្ឋានវិស្វកម្មកសិកម្ម បាននិងកំពុងបន្តពង្រឹងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាកសិករឲ្យបានទូលំទូលាយតាមរ យៈការបណ្តុះបណ្តាល និងអនុវត្តបង្ហាញជាក់ស្តែងបានចំនួន១៨ទីតាំង មានកសិករចូលរួមចំនួន ២៤៨ នាក់ នៅក្នុងខេត្តកំពត តាកែវ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ និងកំពង់ធំ ។

តាមលោករដ្ឋមន្រ្តីក្រៅពីការងារអនុវត្តបង្ហាញ នាយកដ្ឋានវិស្វកម្មកសិកម្មក៏បានបញ្ជូនមន្រ្តីជំនាញចូលរួមជាគ្រូបង្គោលបណ្តុះបណ្តាលដល់អ្នកម៉ៅការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ និងអ្នកពាក់ព័ន្ធតាមរយៈកម្មវិធី Rice-SDP និង CFAVC ផងដែរ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល និងការអនុវត្តបង្ហាញ គឺដើម្បីផ្សព្វផ្សាយជូនប្រជាកសិករផងដែរ ៕
ចែករំលែកព័តមាននេះ