ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​កក្រើក​ក្រុង​ប៉ោយ​ប៉ែ​ត ការ​ប្រមាញ់​យ៉ាង​ក្តៅ​គគុក​ជនសង្ស័យ​2​នាក់​ត្រូវ​ចាប់ខ្លួន​បន្តបន្ទាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ចោរ​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ប្តូរ​ប្រាក់​២​នាក់​ម្តាយកូន ពេល​កំពុង​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដែល​ហេតុការណ៍​ប្លន់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​វេលា​ម៉ោងជាង​៧​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ភូមិ​ក្បាលស្ពាន​១

ខេត្តបន្ទាយមានជ័យ ៖ ចោរ​ប្រដាប់​អាវុធ​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ប្តូរ​ប្រាក់​២​នាក់​ម្តាយកូន ពេល​កំពុង​ជិះ​ម៉ូតូ​ចេញពីផ្ទះ ដែល​ហេតុការណ៍​ប្លន់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​វេលា​ម៉ោងជាង​៧​ថ្ងៃ​ទី​២៤ កុម្ភៈ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ប្លន់​យក​អស់​គ្រឿងអលង្ការ និង​ប្រាក់​ជា​ច្រើន ។

គ្រួសារ​រង​គ្រោះ​ក្នុង​អំពើ​ប្លន់​នេះ ប្តី​ឈ្មោះ ចំរើន សែ អាយុ​៥០​ឆ្នាំ ជា​អនុប្រធានកា​រិ​យា​ល័យ​ប្រតិបត្តិ​ស្រុក​អូរ​ជ្រៅ នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ឯ​ប្រពន្ធ​ឈ្មោះ សយ សុ​ផា​ន់​ណា អាយុ​៤៥​ឆ្នាំ និង​កូនស្រី​ឈ្មោះ រ័​ត្ន វិច្ឆិកា អាយុ​១១​ឆ្នាំ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

ស្ត្រី​រង​គ្រោះ​ប្រាប់​កោះសន្តិភាព​ថា មុន​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1K-6506 ពីរ​នាក់​កូនស្រី​ចេញពីផ្ទះ​គ្រោង​ទៅ​តូប​លក់ដូរ​នៅ​ផ្សារ​រ៉ា​ថ្មី​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ដូច​សព្វមួយដង ។ គាត់​បន្ត​ថា ទើបតែ​ចេញពីផ្ទះ​ទៅ​ទិស​ខាងលិច​បាន​ប្រហែល​៤០​ម៉ែត្រ​ប៉ុណ្ណោះ ដល់​មុខ​ស្នាក់​ការ​សង្កាត់​ជលផល​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាប់តែ​មាន​ចោរប្លន់​២​នាក់​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស​មក​ពាំង​ពីមុខ​ជាប់ ។ ដោយ​ចោរ​ទាំង​២​នាក់​មាន​អាវុធ​ខ្លី​គ្រប់​ដៃ បាន​ភ្ជង់​គាត់​និង​កូនស្រី​ទារ​យក​សោ​ចាក់​កែបម៉ូតូ​ប្រមូល​យក​អស់ទ្រព្យ​សម្បត្តិ​ជា​គ្រឿងអលង្ការ និង​ប្រាក់​ជា​ច្រើន​ដែល​គាត់​លាក់​ទុក ។ បន្ទាប់​មក​ក៏​ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ខាងកើត​បាត់​ស្រមោល​ទៅ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា អំពើរ​ប្លន់​នេះ​អ្នកស្រុក​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ជួយ​ទេ មិនតែប៉ុណ្ណោះ​អ្នកខ្លះ​បែរជា​ក្រាបពួន​ទៀត​ផង​ព្រោះ​ក្រុម​ចោរ​បាន​រេ​កាណុង​កាំភ្លើង​ពេញ​ផ្លូវ​មុន​ពេល​គេចខ្លួន ។ ទំហំ​ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរប្លន់​នេះ គ្រួសារ​រង​គ្រោះ​មិន​ត្រូវ​បាន​លម្អិត​ប្រាប់​អ្នក​យក​ព័ត៌មាន​ទេ​ដោយ​ប្រាប់​ថា​ពួក​គាត់​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​អស់ហើយ ។

តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ដែល​បាត់បង់ រួម​មាន​ប្លា​ទី​ន​គ្រឿង​ត្បូង ជា​ចិញ្ចៀន​៣​ថាស​ប្រហែល​៨០​វង់ ក្នុង​១​វង់​ៗ​មាន​តម្លៃ​ពី​២.០០០​បាត​ទៅ​៥.០០០​បាតប្រាក់​ថៃ​,​ខ្សែ​ក​៨​ខ្សែ​មិន​ទាន់​កំណត់​តម្លៃ​, ខ្សែដៃ​៤០​ខ្សែ​ក្នុង​មួ​ួ​យ​ខ្សែ​ៗ​តម្លៃ​ពី​៣.០០០​បាត​ដល់​១០.០០០ ម៉ឺន​បាត ក្នុង​នោះ​គ្រឿង​ទទួល​បញ្ចាំ​ពី​គេ​មួយ​ចំនួន​ទៀត​សរុប​ជា​ទឹកប្រាក់​មាន​ប្រាក់​ខ្មែរ​២​លាន​រៀល​, ប្រាក់​ថៃ​១០​ម៉ឺន​បាត និង​ប្រាក់​អា​មេ​រិ​ក ៣.០០០​ដុល្លារ ។

នៅ​ព្រឹក​កើតហេតុ​ក្រោយ​មាន​អំពើរ​ប្លន់​នេះ​បាន​កើតឡើង​ធ្វើ​ឲ្យ​អាជីវករ​លក់​មាស​ប្តូរ​ប្រាក់​តាម​ផ្សារ​មួយ​ចំនួន​ពិសេស​ផ្សារ​ត្រី​ក្នុងភូមិ​បា​លិ​លេ​យ្យ​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​បិទ​តូប​ព្រោងព្រាត តែ​បាន​បើក​លក់​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល ។ សមត្ថកិច្ច​បង្ហើប​ថា​ជនសង្ស័យ​ក្នុង​អំពើរ​ប្លន់​ប្រើប្រាស់​អាវុធ​ម៉ាក​K59​ត​កាណុង ព្រោះ​ក្រោយ​កើតហេតុ​ក្រុម​ចោរ​បាន​ជ្រុះ​ស្រោម​កាំភ្លើងខ្លី​១ នៅ​កន្លែង​កើតហេតុ ។

គួរ​បញ្ជាក់​ថា​រយៈ​៣​ថ្ងៃ​ជាប់​គ្នា​នេះ សមត្ថកិច្ច​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បើក​ប្រតិបត្តិការ​ល្បាត​ឆែក​ត្រួតពិនិត្យ​រក​បទល្មើស និង​ការពារ​សន្តិសុខ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទាំង​យប់​ទាំង​ថ្ងៃ​ផ្ទុយ​ទៅ​វិញ​អំពើ​ប្លន់​នៅ​តែ​កើត​មាន​ដដែល ។ ពេល​នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​គ្រប់​ច្រកល្ហក​នៅ​ក្នុង​ក្រុង ដោយសារ​តែ​ក្រុម​ចោរ​ទាំងនេះ​បាន​ចាក់​ចង្កេះ​សមត្ថកិច្ច ខណៈ​ការ​រឹត​បន្តឹង​ផ្នែក​សន្ដិសុខ ពិសេស​គោលដៅ​ការពារ​អាជីវករ​លក់​មាស​ប្ដូរ​ប្រាក់ បាន​ដាក់​ពង្រាយ​តាំងពី​ចុងឆ្នាំ​កន្លង​មក ស្រប​ពេល​ដែល​មាន​ករណី​ប្លន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៅ​តាម​ខេត្ត​នានា បាន​កើតរឿង​បន្តបន្ទាប់ ។  ទោះបីជា​បែប​ណា ក្រុម​ចោរ​មិន​បាន​ប្លន់​តូប​លក់​មាស​នោះ​ទេ បែរជា​ប្លន់​ពេល​អាជីវករ​លក់​មាស​ចេញពីផ្ទះ​ទៅ​តូប​លក់ដូរ​របស់​ខ្លួន ។

មានការ​កត់សម្គាល់​ឃើញ​ថា ការ​ធ្វើ​សកម្មភាព​ប្លន់​ដូច​ផ្លេកបន្ទោរ​នេះ​បាន​បង្ហាញ​ថា រាល់​សកម្មភាព​របស់​អាជីវករ​លក់​មាស ត្រូវ​បាន​ពួក​ចោរ​ឃ្លាំមើល​មុន​ពេល​ប្លន់ ។ ដោយឡែក​សម្រាប់​អ្នក​រង​គ្រោះ​នេះ ក្រុម​ចោរ​បានដឹង​ទៀត​ថា គ្រៀង​អលង្ការ និង​ប្រាក់​ត្រូវ​បាន​ម្ចាស់​លាក់​ក្នុង​ម៉ូតូ​ស្គូ​ពី​ដែល​ជិះ ទើប​ពេល​ភ្ជង់​ប្លន់ ចោរ​បង្គាប់​ឱ្យ​ចាក់សោ​បើក​កែបម៉ូតូ ហើយ​ប្រមូល​យក​អស់​គ្មាន​សល់ ។

ព័ត៌មាន​ចុង​ក្រោយ
ក្រោយ​អំពើ​ប្លន់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ជនសង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ យ៉េន ធូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្រុក​កំណើត​នៅ​ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​ម្នាក់​ឈ្មោះ ហេង មិន​ទាន់​ស្គាល់​នាមត្រកូល​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ដោយឡែក​អ្នក​ពាក់ព័ន្ធ​ម្នាក់​ទៀត សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​នៅឡើយ ។

យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​ពុំ​ទាន់​នាំ​ជនសង្ស័យ​ទៅ​បង្ហាញ​កន្លែង​លាក់​ទុក​គ្រឿងអលង្ការ និង​ប្រាក់​ដែល​ប្លន់​នៅឡើយ​ទេ ។ ប្រភព​ព័ត៌មាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ យ៉េន ធូ បាន​សារភាព​ពី​អំពើ​ប្លន់​នេះ​ហើយ ។

ចំណែក​ជន​២​នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​ព័ទ្ធ​ចាប់​ជាមួយ​រថយន្ត​កាម​រី​បា​ឡែ​ន ពណ៌​ខៀវ​មួយ​គ្រឿង នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល នា​រសៀល​ថ្ងៃ​ដដែល​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​នេះ​ទេ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង​នេះ​បើក​ប៉ះ​គេ​ហើយ​ក៏​បាន​បើក​រត់ លុះ​ចំ​ពេល​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ចោរ​ប្លន់​ក៏​ត្រូវ​ឃាត់ខ្លួន តែ​ក៏​បាន​ដោះ​លែង​វិញ ព្រោះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​នេះ​ទេ ។

គួរ​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើ ធ្វើ​ឡើង​នៅ​ហាង​ផឹកស៊ី​ស្រះ​បេះដូង ស្ថិត​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ខណៈ​ពួក​គេ​កំពុង​ផឹកស៊ី​ធ្វើ​ដូច​ជា​មិនដឹង​រឿង​អី្វ​។ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បាន​បង្ហាញ​ពី​ភាព​សស្រាក់សស្រាំ​ក្នុង​ការងារ​នេះ មិន​ថា​នគរបាល​មក​ពី​ស្នងការដ្ឋាន​ខេត្ត  អាវុធហត្ថ​ខេត្ត​និង​ក្រុង​ទេ ក្នុង​នោះ​ក៏​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ និង​លេខ​៨៩១​ផង​ដែរ​៕