ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារមួយប្រកបរបរឡើងត្នោត ១៨ ឆ្នាំ ក្នុងទីក្រុងភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឡើងត្នោត ធ្វើទឹកត្នោតជូរ ធ្វើស្ករ ឡើងត្នោតយកផ្កែរលក់ ជាមុខរបរគ្រួសារអ្នកស្រី ស្រង់ ស្រីតូច ប្រកបនៅក្នុងរយៈពេល…

រាជធានីភ្នំពេញ ៖ ឡើងត្នោត ធ្វើទឹកត្នោតជូរ ធ្វើស្ករ ឡើងត្នោតយកផ្កែរលក់ ជាមុខរបរគ្រួសារអ្នកស្រី ស្រង់ ស្រីតូច ប្រកបនៅក្នុងរយៈពេល ១៨ ឆ្នាំ មកហើយ ។ អ្នកស្រីជាអ្នកលក់ ចំណែកស្វាមីជាអ្នកឡើងត្នោត ។ ស្រ្តីអាយុ ៤២ ឆ្នាំ ដែលមានកូនបីនាក់នៅក្នុងបន្ទុកបានរៀបរាប់ថា អ្នកស្រី និងស្វាមី ជាកសិកររស់នៅឯស្រុកបាធាយ ខេត្តកំពង់ចាម ទឹកដីដែលមានពលរដ្ឋជាច្រើនឡើងត្នោតធ្វើស្ករនោះ ។ ក្រោយពីចាប់ដៃគ្នាជាប្ដីប្រពន្ធរួចមក ពួកគាត់បាននាំគ្នាចាកចេញពីស្រុកកំណើតមករស់នៅក្រោមដំបូលផ្ទះជួលមួយនៅក្នុងភូមិកាកាប សង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់យកមុខរបរឡើងត្នោតចិញ្ចឹមជីវិត ។

«ប្រកបមុខរបរនេះរយៈពេល ១៨ ឆ្នាំហើយ រកស៊ីតាំងពីទើបតែរៀបការរួចថ្មីថ្មោង និងពុំទាន់មានកូនម្ល៉េះ ឥឡូវកូន ៣ នាក់ហើយ» អ្នកស្រី ស្រង់ ស្រីតូច និយាយទំាងសំណើច ។ អ្នកស្រីបន្ថែមថា សព្វថ្ងៃព្រោះតែគ្រួសារតូចមួយនេះ ស្វាមីគាត់បានខំប្រឹងតស៊ូជាមួយ និងមុខរបរឡើងត្នោតនេះស្ទើរមិនហ៊ានឈប់សម្រាកឡើយ ។ ចុះពីដើមត្នោតភ្លាមប្តីគាត់តែងតែជួយលក់គាត់ទៀត ហើយការការលក់ជុំគ្នានៅមួយកន្លែងមិនសូវដាច់នោះឡើយ ។ អ្នកស្រីលក់នៅជិតផ្ទះស្ថិតនៅតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង ចូលបុរីពិភពថ្មីឈូកវ៉ា ២ ខណ្ណពោធិ៍សែនជ័យ ចំណែកស្វាមី លក់កន្លែងផ្សេង ។ 

មុខរបរឡើងត្នោតពុំសូវចំណាយដើមទុនច្រើនប៉ុន្តែចំណាយកម្លាំង ប្រឈមគ្រោះថ្នាក់ ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី ស្រង់ ស្រីតូច ។ ស្រីតូចបន្តថា មិនថាមេឃក្ដៅ ឬភ្លៀងរលឹមឡើយគឺ ១ ថ្ងៃស្វាមីគាត់ឡើង ២ ដង ទំរាំបានទឹកត្នោតមកលក់ ។ ដោយឡែកតម្លៃវិញស្ករត្នោត ១ កែវថ្លៃ ១៣,០០០ រៀល ផ្លែត្នោតបកហើយ ១ ថង់ ៥,០០០រៀល ទឹកត្នោតជូរ ១ លីត្រថ្លៃ ២,០០០ រៀល និងទឹកត្នោតផ្អែម ១ លីត្រថ្លៃ ៤,០០០ រៀល ។

«ឥឡូវពិបាករកដើមត្នោតឡើងណាស់ ក្រៅពីឡើងត្នោតនៅភ្នំពេញនេះប្តីខ្ញុំគាត់ចេញទៅទិញត្នោតអ្នកស្រុកខេត្តផ្សេង ។ ទំរាំបានត្នោតមកលក់មានការលំបាកណាស់ បើជាស្ករវិញយើងត្រូវដាំរម្ងាស់ ទឹកត្នោតជូរត្រូវផ្អាប់ទុក ។ និយាយទៅរបរខ្ញុំជារបរប្រើកម្លំាងសុទ្ធសាធ ចំណែកចំណុលគ្រាន់តែរស់លំបាកប៉ុណ្ណោះ ធ្វើមេចយើងគ្មានចំណេះ ជំនាញ» ។ 

អ្នកស្រី ស្រីតូច បានរៀបរាប់ទៀតថា នៅមុនពេលមានជំងឺកូវីដ គាត់អាចរកប្រាក់ចំណូលពីរបរនេះក្នុង ១ ថ្ងៃបានចន្លោះពី ១៥ ទៅ ២០ ម៉ឺន ។ ប៉ុន្តែចូលមកដល់ដំណាក់កាលកូវីដ ១៩ លំបាកណាស់ ១ ថ្ងៃរកបានបានត្រឹមតែ ៤ ទៅ ៦ ម៉ឺនរៀលតែប៉ុណ្ណោះ ក្រោយពីទូទាត់លើការចំណាយប្រចាំថ្ងៃស្ទើរតែអស់ទៅវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ