ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​៤​យ៉ាង​ជា​គ្រឹះ​រឹង​មាំ​សម្រាប់​បណ្ដុះ​សេដ្ឋកិច្ច

2 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មិនមែន​ត្រឹមតែ​ជា​ទ្រឹស្តី​អប់រំ ទូន្មាន​មនុស្ស​ឱ្យ​ស្គាល់​បាប បុណ្យ គុណ ទោស អាក្រក់ ល្អ កុសល អកុសល​នោះ​ទេ តែ​ថែម​ទាំង​មាន​អត្ថន័យ​ដ៏​ទូលំទូលាយ​បង្ហាត់បង្ហាញ​នូវ​ផលប្រយោជន៍​បច្ចុប្បន្ន​ដល់​មនុស្សជាតិ​ទៀត​ផង…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មិនមែន​ត្រឹមតែ​ជា​ទ្រឹស្តី​អប់រំ ទូន្មាន​មនុស្ស​ឱ្យ​ស្គាល់​បាប បុណ្យ គុណ ទោស អាក្រក់ ល្អ កុសល អកុសល​នោះ​ទេ តែ​ថែម​ទាំង​មាន​អត្ថន័យ​ដ៏​ទូលំទូលាយ​បង្ហាត់បង្ហាញ​នូវ​ផលប្រយោជន៍​បច្ចុប្បន្ន​ដល់​មនុស្សជាតិ​ទៀត​ផង ដូច​ត្រង់​ខ្លឹម​ធម៌​ទិដ្ឋធម្មិក​ធម៌​ជា​ធម៌​ដែល​នាំ​ឲ្យ​កើត​ផលប្រយោជន៍​ដល់​ជាតិ​ជាដើម ដែល​មាន​៤​មាត្រា​គឺ​៖

១- ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិលច្រអូស​ជា​និច្ច ឈ្មោះ​ថា ឧដ្ឋានសម្បទា ។ ២- ការ​ថែរក្សា​ដោយ​យកចិត្តទុកដាក់​ជា​និច្ច ឈ្មោះ​ថា អារក្ខ​សម្បទា ។ ៣- ភាព​ជា​អ្នក​គប់​មិត្ត​ល្អ ឈ្មោះ​ថា កល្យាណមិត្ត​តា ។ ៤- ភាព​នៃ​ការ​ចិញ្ចឹមជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សម​ជីវី​តា ។

ធម៌​ទាំង​៤​នេះឯង​ជា​ប្រភព និង​ជា​គ្រឹះ​យ៉ាង​មាំ សម្រាប់​បណ្ដុះបណ្ដាល និង​ទ្រទ្រង់​នូវ​អង្គការ​ពិភពលោក អង្គការ​រដ្ឋ និង​អង្គការ​គ្រួសារ​នីមួយ​ៗ ឲ្យ​បាន​ប្រកបដោយ​វឌ្ឍនភាព ចម្រើន​រុងរឿង ។ បើ​ខ្វះ​ធម៌​ណាមួយ អង្គការ​នោះ​ៗ ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋ​មួយ​ៗ មាន​អង្គការ​ជា​ច្រើន​ដូច​ជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម ។

ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នកកាន់ការ​ទាំងឡាយ​ក្នុង​ពិភពលោក​ខ្វះ​ធម៌​ទី​១​គឺ ឧដ្ឋានសម្បទា កម្ជិល​មិន​ប្រឹងប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ខំ​រវាសរវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់សម័យ​ទេ សេដ្ឋកិច្ច​នឹង​មិន​ស្ថិតស្ថេរ​ជា​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មានការ​កុហក​បោកប្រាស នៅ​មាន​អំពើ​ពុក​រលួយ លួច​ប្លន់​កេងកិប សូក​ស៊ីសំណូក ច្របូកច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​ថ្នាក់​ឲ្យ​ដល់​កម្រិត​សីល​សិក្ខា បាន​ដល់​ការ​សិក្សា​តាម​មគ្គ​សច្ច​វិទ្យា ត្រង់​ទី ៣ ទី ៤ និង​ទី ៥ គឺ សម្មាវាចា សម្មា​កម្ម​ន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយា​មារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ ស្អាត​បរិសុទ្ធ ដែល​ហៅ​ថា អរិយ​ចរិយា ។

បើ​មាន​ឧដ្ឋានសម្បទា ហើយ​ខ្វះ​អារក្ខ​សម្បទា មានការ​ខ្ជះខ្ជាយ មិន​ត្រួតពិនិត្យ​ឲ្យ​ដល់ទី​កន្លែង ចេះ​តែ​ប្រចាំ បណ្ដាក់​គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូចខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។

បើ​មានធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី ៣ គឺ​កល្យាណមិត្ត​តា មានការ​ទាក់ទង​ជាមួយ​អ្នកលក់ អ្នកទិញ ជា​មនុស្ស​ទុច្ចរិត មានការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយហេតុ​ណាមួយ ឬ​ក៏​មាន​សហការី​របស់​ខ្លួន ជា​មនុស្ស​ពុក​រលួយ ត្រូវ​ជើង​នឹង​អ្នកទិញ ឬ​អ្នកលក់ ធ្វើ​ឲ្យ​ខូចខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។

បើ​មានធម៌​ទី ១ ទី ២ ទី ៣ នេះ​គ្រប់គ្រាន់​ហើយ នៅ​ខ្វះ​ធម៌​ទី ៤ គឺ សមជីវិតា មានការ​ចំណាយ​ច្រើន​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ ៤ ឬ​៥​នាក់​ទើប​កើត ហើយ​មិនល្អ​ទៀត ឬ​ទិញ​របស់​មួយ​មុខ​ៗ ចូល​ច្រើន​ហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នកលក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់គ្រាន់ ដែល​នាំ​ឲ្យ​រអាក់រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ ។

កាលបើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ ហើយខំ​តម្លើង​តម្លៃ​ទំនិញ​ដើម្បី​ទប់ទល់​នោះ រឹតតែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គម​ជាតិ អ្នក​ប្រើប្រាស់​ថែម​ទៀត ។ ហេតុនទើបទិដ្ឋធម្មិក​ធម៌មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីយកិច្ច​ទាំងអស់​របស់​អ្នក​ពិភពលោកដូច​បាន​ពោលមកខាងលើនេះជាតួអាង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ