ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជំហរកីឡាកររត់ប្រណាំង​១​រូប បើ​ទោះជា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​មិន​ច្បាស់លាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ថ្វី​ត្បិត​តែ​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នៅ​មិន​ទាន់​ច្បាស់​ថា​ធ្វើ ឬ​សម្រេច​លុប​ចោល តែ​ក្រឡេក​មក​មើល​កីឡាករ​

​រាជធានីភ្នំពេញ ៖ ថ្វី​ត្បិត​តែ​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នៅ​មិន​ទាន់​ច្បាស់​ថា​ធ្វើ ឬ​សម្រេច​លុប​ចោល តែ​ក្រឡេក​មក​មើល​កីឡាករ​កីឡាការិនី​ជា​ច្រើន​ក៏​នៅ​តែ​មានការ​ត្រៀមខ្លួន​។ ជាក់ស្ដែង កីឡាករ​ជម្រើសជាតិ​អត្តពលកម្ម​កម្ពុជា យ៉ា​ត​វិទូ ច័ន្ទ​ទិវា ដែល​ត្រៀម​រត់ប្រណាំង​លើ​វិ​ញ្ញា​រត់​ល្បឿន​លឿន ក៏​នៅ​តែ​​មានការតាំងចិត្ត​ខ្ពស់​​ណាស់​ដែរ ក្នុង​ការ​ហ្វឹកហាត់​លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ​នៅ​ស៊ី​ហ្គេ​ម​។

យុវជន​វ័យ​២១​ឆ្នាំ​រូប​នេះ អះអាង​ថា កន្លង​មក​ធ្លាប់​បាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​បាន​៤​លើក ដោយ​ទទួល​បាន​ចំណាត់​លេខ​៦ ក្នុង​វគ្គ​ជម្រុះ​ផង​ដែរ​។ ដូច្នេះ បូក​រួមការ​ហ្វឹកហាត់​បន្ថែម នៅ​ទីលាន​ស្តង់ដារ​នៃ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ និង​ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ទៀត​នោះ នឹង​ជួយ​ជំរុញ​ឲ្យ​សមត្ថភាព​វិ​វ​ឌ្ឍ​ទៅ​រក​ដណ្តើម​មេដាយ​ជាក់​ជា​មិន​ខាន​។

យ៉ា​ត​វិទូ ច័ន្ទ​ទិវា ជឿជាក់​ថា ការ​ជួយ​ជំរុញ​ពី​គ្រូបង្វឹក និង​ការ​ផ្តល់​កម្លាំងចិត្ត​គាំទ្រ​ពី​ថ្នាក់ដឹកនាំ នឹង​ជួយ​ឲ្យ​ខ្លួន​ទទួល​បាន​ជោគជ័យ​ពី​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ ជា​ពិសេស​គឺ​ជូន​ជាតិ ពី​ការ​ប្រកួត​ស៊ី​ហ្គេ​ម នៅ​វៀតណាម នា​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ ប្រសិនបើ​ព្រឹត្តិការណ៍​ហ្គេ​ម​ដ៏​ធំ​ប្រចាំ​តំបន់​មួយ​នេះ មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ​។ មិន​ខុស​ពី​កីឡាករ​កីឡាការិនី​ផ្សេង​ទៀត ពួក​គេ​ម្នាក់​ៗ ក៏​នៅ​តែ​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ផង​ដែរ ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​រយាល​ដៃ​ពី​ការ​ហ្វឹកហាត់​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ពួក​គេ​ដឹង​ថា កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នឹង​អាច​លុប​ចោល ប្រសិនបើ​ប្រទេស​វៀតណាម នៅ​តែ​មិន​ព្រម​កំណត់​ពេលវេលា​រៀបចំ​អោយ​ច្បាស់​ក្នុង​កិច្ចប្រជុំ​នា​ខែតុលា​ខាង​មុខ​។

យោង​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន លោក​មាន​ប្រសាសន៍​ថា «​គណៈ​អចិន្ដ្រៃយ៍​របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ បាន​ផ្ដល់​លទ្ធភាព​ឲ្យ​វៀតណាម​នៅ​ខែតុលា​ខាង​មុខ នៅ​ពេល​ប្រជុំ​គណៈ​អចិន្ដ្រៃយ៍​ម្ដងទៀត ត្រូវ​សម្រេច​ឲ្យ​បាន​ថា វៀតណាម ធ្វើ​នៅ​ពេល​ណា? បើ​វៀតណាម​មិន​សម្រេច​ទេ នឹង​មានការ​សម្រេចចិត្ត​ក្នុង​ប្រទេស​អាស៊ាន​ទាំងអស់​ថា នឹង​មានការ​លុប​ចោល ឬ​ក៏​ផ្អាក​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​របស់​វៀតណាម ហើយ​ផ្ទេរ​ភាព​ជា​ប្រធាន​មក​ឲ្យ​កម្ពុជា​តែ​ម្ដង ដើម្បី​យើង​ធ្វើ​ដំណើរ​ទៅ​ឲ្យ​ស្រួល និង​ស្រប​តាម​កម្មវិធី ដែល​កម្ពុជា​យើង​ជា​ម្ចាស់ផ្ទះ មាន​ភាព​ជា​អ្នកដឹកនាំ​ច្បាស់លាស់ មាន​អ្នកដឹកនាំ​ច្បាស់លាស់ ពីព្រោះ​ដល់​វេ​ណ​យើង យើង​ជា​ប្រធាន​ដឹកនាំ​ការ​រៀបចំ​ស៊ី​ហ្គេ​ម​»​។

លោក​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ពេល​នេះ គឺ​កីឡាករ​ជម្រើសជាតិ នៅ​តែ​ត្រូវ​បាន​កំណត់​អោយ​ហ្វឹកហាត់ ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ដើម្បី​ត្រៀមខ្លួន​ដដែល ប៉ុន្តែ​បើ​មានការ​សម្រេច​លុប​ចោលការ​ប្រកួត​នៅ​វៀតណាម​ពិតមែន ក៏​មិន​មាន​បញ្ហា​នោះ​ដែរ គឺ​ចាត់​ទុក​ថា ការ​ប្រឹងប្រែង​របស់​កីឡាករ​ទាំង​ប៉ុន្មាន គឺ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខ្លួនឯង​ទៅ​វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ យ៉ា​ត​វិទូ ច័ន្ទ​ទិវា ជា​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ​ឈុត​ថ្នាល ទើប​ជាប់​ជា​ជម្រើសជាតិ​ឈុត​ធំ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ កំពុង​ហ្វឹកហាត់​លើ​វិញ្ញាសា​រត់​ល្បឿន ១០០​ម៉ែត្រ, ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ ប៉ុន្តែ​វិញ្ញាសា​ដែល​ស​ង្ឃឹម​ខ្ពស់​ថា នឹង​អាច​ឈាន​ដល់​កម្រិត​មេដាយ​បាន​នោះ គឺ​វិញ្ញាសា២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ