ខេត្តព្រៃវែង ៖ លោក ហាក់ នីន នាយកវិទ្យាល័យ ហ៊ុន សែន ពាមរក៍ ត្រូវបានលោកគ្រូ អ្នកគ្រូ នាំគ្នាដាក់ពាក្យប្តឹងទាមទារឱ្យការិយាល័យអប់រំស្រុកចុះស៊ើបអង្កេត ដោយចោទប្រកាន់លោកនាយកថា ធ្វើការគ្មានតម្លាភាព ក្តោបក្តាប់មុខងារ២-៣តែម្នាក់ឯង ធ្វើឱ្យបាត់លុយសាលាអស់រាប់សិបលានរៀលមិនដឹងទៅណា ។
ក្រុមគ្រូបង្រៀនទាំងនោះបានឱ្យដឹងថា លោក ហាក់ នីន ធ្វើជានាយកវិទ្យាល័យមួយនេះរយៈពេលជាង៤ឆ្នាំមកហើយ ក្នុងរយៈពេលនេះសាលាមិនមានបេឡា មិនមានមន្ត្រីគណនីអ្វីនោះទេ គឺលោកនាយកក្តោបក្តាប់ការងារនេះតែម្នាក់ឯង ហើយថវិកាសាលាទាំងអស់ដែលខាងក្រសួង ខាងអង្គការជំនួយមកឱ្យរៀងរាល់ឆ្នាំ ក៏លោកនាយកកាន់តែម្នាក់ឯងដែរ ថែមទាំងហាមមិនឱ្យលោកគ្រូ-អ្នកគ្រូ សួរនាំពីរឿងថវិកាទាំងអស់នោះទៀតផង ។
ប្រភពដដែលនេះបានបញ្ជាក់ថា ក្នុង១ឆ្នាំៗថវិកាដែលសាលាទទួលបាន មិនក្រោម២ម៉ឺនដុល្លារទេ ក្នុងនោះគម្រោងPB របស់ក្រសួងចំនួន៣៥លានរៀន គម្រោងSIG របស់អង្គការក្រៅរដ្ឋាភិបាលចំនួន៤ពាន់ដុល្លារ ថវិកាប្រមូលបានពីភាស៊ីផ្ញើកង់ម៉ូតូក្នុងសាលាចំនួន៣៦លានរៀល (កុងត្រា៤ឆ្នាំ) ថវិកាភាស៊ីអ្នកលក់ដូរក្នុងសាលា១ឆ្នាំ១លានរៀល ព្រមទាំងថវិកាទទួលបានពីការឩបត្ថម្ភផ្សេងៗរបស់អាណាព្យាបាលសិស្ស និងថ្នាក់ដឹកនាំខាងលើជាច្រើនទៀតផងដែរ សរុបចូលគ្នារយៈពេល៤ឆ្នាំមកនេះ ថវិកាទាំងអស់មានចំនួនរហូតដល់ជិត១០ម៉ឺនដុល្លារឯណោះ ប៉ុន្តែមកដល់ពេលនេះ ថវិកាទាំងនោះមិនដឹងលោកនាយកចំណាយទៅលើអ្វីខ្លះនោះទេ ស្រាប់តែបាត់អស់តែម្តង ចំណែកឯការកសាងនិងអភិវឌ្ឍនៅក្នុងសាលាក៏មិនឃើញមានអ្វីជាដុំកំភួននោះដែរ ។
ពាក់ព័ន្ធបណ្តឹងចោទប្រកាន់នេះ កោះសន្តិភាពបានទាក់ទងតាមទូរស័ព្ទសុំការបំភ្លឺពីលោក ហាក់ នីន នាយកវិទ្យាល័យ ហ៊ុន សែន ពាមរក៍ នេះដែរ តែលោក ហាក់ នីន មិនបានបកស្រាយពន្យល់អ្វីនោះទេ បែរជាព្យាយាមសុំកុំឱ្យចុះផ្សាយរឿងរបស់លោកទៅវិញ ដោយសំអាងហេតុផលថា ខ្លាចខូចកិត្តិយសរបស់លោក ។
លោក ឆាំ ភារម្យ ប្រធានការិយាល័យអប់រំស្រុកពាមរក៍ បានឱ្យដឹងតាមទូរស័ព្ទថា ក្រោយពីទទួលបានពាក្យបណ្តឹងពីលោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យ ហ៊ុន សែន ពាមរក៍នោះភ្លាម លោកក៏បានដឹកនាំមន្ត្រីចុះទៅត្រួតពិនិត្យ និងសាកសួរដល់ក្នុងសាលានោះហើយដែរ ជាលទ្ធផលលោកបានរកឃើញថា លោកនាយក ហាក់ នីន ពិតជាបានចាយវាយថវិកាទាំងនោះអស់ ដោយគ្មានឯកសារភស្តុតាងអ្វីបន្តិចសោះ គឺដូចទៅនឹងអ្វីដែលលោកគ្រូ-អ្នកគ្រូបានប្តឹងចោទប្រកាន់ប្រាកដមែន ។
លោក ឆាំ ភារម្យ បានបញ្ជាក់ថា ចំពោះករណីលោកនាយកវិទ្យាល័យ ហ៊ុន សែន ពាមរក៍ នេះ លោកពុំមានសិទ្ធិក្នុងការចាត់ចែងដាក់ទោសទណ្ឌអ្វីនោះទេ ប៉ុន្តែលោកនឹងរាយការណ៍ទៅមន្ទីរអប់រំខេត្ត ដើម្បីដោះស្រាយបញ្ហានេះ ។
ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៣ កុម្ភៈ កោះសន្តិភាពបានទាក់ទងសាកសួរទៅលោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំខេត្ត ជុំវិញបញ្ហានេះ ប៉ុន្តែលោក ហ៊ឹម សុផល បានអះអាងថា លោកមិនទាន់ទទួលបានរបាយការណ៍រឿងនេះនៅឡើយទេ ដូច្នេះលោកមិនអាចសម្រេច ឬចាត់វិធានការបែបណាបាននោះទេ ៕
ចែករំលែកព័តមាននេះ