ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ខណៈដែលជនសង្ស័យបានអោបនិងបៀតបៀនកេរ្តិ៍ភេទលើនារីម្នាក់ នៅតាមដងផ្លូវក្នុងភូមិ ក្រោយពេលកើតហេតុ នារីរងគ្រោះបានប្ដឹងប៉ូលិសឱ្យចាប់ខ្លួន បញ្ជូនបន្តទៅសាលាដំបូងខេត្តកាត់ទោសទៅតាមច្បាប់ ។
ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២២ កុម្ភៈ ២០១៦ ស្ថិតនៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។ លោកមឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននេះឈ្មោះហាក់ វណ្ណី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែតាសុខ ឃុំជម្រះពេន ស្រុកសំរោង ។ ចំណែកនារីរងគ្រោះអាយុ៣៤ឆ្នាំ ក្នុងក្រុងដូនកែវ ខេត្តតាកែវ ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះបានដើរតាមផ្លូវលំក្នុងភូមិខាងលើតែម្នាក់ឯង ដើម្បីរកម៉ូតូឌុបជិះមកផ្ទះ ។ ពេលនោះជនសង្ស័យ បានជិះម៉ូតូមកដល់ ក៏ចាប់អោបនិងស្ទាបប្រដាប់ភេទ នារីរងគ្រោះក៏បានស្រែក ធ្វើឱ្យជនសង្ស័យភ័យពេក ក៏ជិះម៉ូតូរត់គេចខ្លួន តែត្រូវប៉ូលិសតាមចាប់ខ្លួនបាននៅឯផ្ទះ ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យបាននិយាយសារភាពថា រូបគេពិតជាបានចាប់អោប និងស្ទាបប្រដាប់ភេទនារីរងគ្រោះពិតប្រាកដមែន។ នៅពេលនេះ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កំពុងតែកសាងសំណុំរឿង ហើយរសៀលថ្ងៃទី២៣ កុម្ភៈ ២០១៦ នេះ នឹងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ