ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្មដាវីត្រា បោះទុនរាប់លានផលិតបទចម្រៀងត្រៀមទំាងសម្ភារៈ និងអ្នកនិពន្ធ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ផលិតកម្មដាវីត្រា ផ្តោតសំខាន់ទៅលើការផលិតបទចម្រៀងមិនចម្លងពីគេ (Original song) ។ ផលិតកម្មមានអ្នកនិពន្ធច្រើននាក់សម្រាប់និពន្ធ និងផលិតបទចម្រៀងដោយមិនកំណត់ថា ត្រូវចេញប៉ុន្មានបទក្នុងមួយខែ…

រាជធានីភ្នំពេញ ៖ ផលិតកម្មដាវីត្រា ផ្តោតសំខាន់ទៅលើការផលិតបទចម្រៀងមិនចម្លងពីគេ (Original song) ។ ផលិតកម្មមានអ្នកនិពន្ធច្រើននាក់សម្រាប់និពន្ធ និងផលិតបទចម្រៀងដោយមិនកំណត់ថា ត្រូវចេញប៉ុន្មានបទក្នុងមួយខែ ប៉ុន្តែអ្វីដែលសំខាន់ គឺផ្ដោតទៅលើគុណភាព ចម្រៀងឱ្យពីរោះ ឱ្យមហាជនទទួលស្គាល់ ។ នេះជាការបញ្ជាក់របស់ម្ចាស់ផលិតកម្មថ្មីមួយដែលបានបង្កើតស្ទូឌីយោផលិតបទចម្រៀងតម្លៃរាប់លានដុល្លារជាលើកដំបូងនៅកម្ពុជា ។

Picture

ក្រុមហ៊ុនដាវីត្រា បានបោះទុនជាច្រើនលានដុល្លារ ដើម្បីវិនិយោគលើគម្រោង Studio & Resort នៅលើទឹកដីកៀនស្វាយខេត្តកណ្តាល ។ អ្នកស្រី ច័ន្ទ ដាវី ជាម្ចាស់គម្រោង Studio & Resort កោះស្លាកែត បានមានប្រសាសន៍ថា ការចំណាយលុយច្រើនទៅលើ ស្ទូឌីយោកោះស្លាកែត ដោយ សារការស្រលាញ់វិស័យសិល្បៈ ប្រពៃណីខ្មែររបស់លោកស្រី និងក្រុមគ្រួសារ ទើបបង្កើតជាផលិតកម្ម ផលិតចម្រៀង វីដេអូចម្រៀងនេះឡើង ។ លោកស្រីថា ផលិតកម្មដាវីត្រា ផលិតទៅលើតែបទចម្រៀងមិនចម្លងពីគេ (Original song) ឲ្យមានគុណភាព និងពីរោះ ក្នុងការលើកស្ទួយសិល្បៈខ្មែរក៍ដូចជាបម្រើអារម្មណ៍មហាជនទូទៅ ។

Picture

លោក ម៉េង ប៊ុនឡូ អតីតតារាសម្ដែង ដែលគេបានស្គាល់ច្រើនតាមរយៈរឿង «ចៅពស់កេងកង» បានក្លាយជាអ្នកគ្រប់គ្រងស្ទូឌីយោកោះស្លាកែត ។ លោកបានលើកឡើងថា ចំពោះការផលិតចម្រៀង គឺចង់អភិរក្សបទចម្រៀង ឱ្យមានទាំងភ្លេងបុរាណ និងភ្លេងសម័យ ។ «ចង់លើស្ទួយឱ្យក្មេងៗជំនាន់ក្រោយ កុំឱ្យគាត់វង្វេងទៅនឹងភ្លេងបច្ចឹមប្រទេសពេក» ។ ពិសេសលោកថា ជាគំនិតរួមផលិតកម្មចង់បណ្ដុះគំនិត ធ្វើបទចម្រៀងឱ្យទាក់ទាញអារម្មណ៍ អ្នកស្ដាប់ឱ្យមកយល់ពីវប្បធម៌ខ្លះ តែក៏មានលាយនូវឧបករណ៍មជ្ឈិមប្រទេសផងដែរ ។

Picture

លោក ប៊ុនឡូ ថា ចំពោះការផលិតចម្រៀង គឺកំណត់ទៅលើគុណភាព ។ មិនមែនគិតតែចេញយកទៅលក់ ឬចេញទៅលើឆាណែលយូធូប និងហ្វេសប៊ុក តែម្ដងទេ គឺធ្វើឱ្យល្អ ទាំងពីរោះ ទាំងគុណភាព ពីព្រោះសម្ភារៈដែលស្ទូឌីយោកោះស្លាកែតមាន ជាសម្ភារៈដែលទើបតែនាំចូល ក្នុងស្រុកខ្មែរលើកដំបូងបង្អស់ ។ 

Picture

នៅលើផ្ទៃដី ១០ ហិកតា ក្រៅពីបង្កើត Studio ផលិតបទចម្រៀងដ៍ធំបំពាក់ដោយឧបករណ៍សម្ភារៈទំនើបថ្លៃរាប់លានដុល្លារ នៅទីនោះនឹងមានសេវាទេសចរណ៍ អាហារដ្ឋាន និងការស្នាក់នៅផងដែរ ៕ ដោយ ៖ខៀវ ដារ៉ូ

Picture