ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះមិនដល់ ២% ឆ្នាំក្រោយ ៥,៥% ខ្ពស់ជាងការរំពឹងរបស់រដ្ឋត្រឹម ៤,៨%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ឆ្នាំ ២០២១ នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ១,៩% ប៉ុណ្ណោះ…

រាជធានីភ្នំពេញ ៖ សម្រាប់ឆ្នាំ ២០២១ នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាមកនៅត្រឹម ១,៩% ប៉ុណ្ណោះ ដែលការព្យាករណ៍នេះទាបជាងការរំពឹងទុករបស់រដ្ឋាភិបាល ។ រដ្ឋាភិបាលកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះមាន ៤,0% ប៉ុន្តែដោយសារផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំណើនធ្លាក់មកនៅត្រឹម ២,៤% ។ ចំណែកឆ្នាំ ២០២២ កម្ពុជារំពឹងថា មានកំណើន ៤,៨% តែធនាគារអភិវឌ្ឍន៍អាស៊ីថា កើនដល់ ៥,៥% ពោលធនាគារអន្តរជាតិនេះព្យាករណ៍ខ្ពស់ជាងរាជរដ្ឋាភិបាល ។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក ។ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្ន បានប៉ះពាល់ដល់ផលិត កម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និង ស្បែកជើង កាលពីដើមឆ្នាំនេះ ។ លោកស្រីបានបញ្ជាក់ថា «ដោយផ្អែកលើចំណុចនេះ យើងព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងមានត្រឹម ១,៩% នៅឆ្នាំ ២០២១ ទាបជាងការព្យាករ ៤,០%  របស់យើងកាលពីខែមេសា» ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា យោងតាមការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១  វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងកើនឡើង ១,៥% ។ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុងប្រទេសបានរំខានដល់សង្វាក់ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត ។ ការនាំចេញក្នុងវិស័យកសិកម្ម បានកើនឡើង ៣០,៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងកំណើនដ៏រឹង មាំនៃការនាំចេញកសិផលក្រៅពីអង្ករ ។ តម្រូវការក្នុងស្រុកសម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងទៀតត្រូវបាន ប៉ះពាល់យ៉ាងខ្លាំងដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩ និងការបិទខ្ទប់នានា ។ ការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិបានធ្លាក់ចុះ ៩១,៣% ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ កំណើនវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះ ០,៦% នៅឆ្នាំ ២០២១ ។

លោកស្រី Durrani-Jamal បន្ថែមថា «ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលនឹងត្រូវបន្តពង្រឹងប្រព័ន្ធគាំពារសង្គមរបស់ខ្លួន និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងការអប់រំ ។ កំណែទម្រង់បន្តក៏ចាំបាច់ផងដែរ ដើម្បីទាក់ ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពខ្ពស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។ ការធ្វើកំណែទម្រង់ ដើម្បីលើកកម្ពស់ការអនុវត្តមុខងារសាធារណៈ ក៏ជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រកួតប្រជែងអន្តរជាតិរបស់ប្រទេសផងដែរ ។

លោក  អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ឆ្នាំ ២០២២ ការរៀបចំក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណរបស់កម្ពុជាសំដៅប្រយុទ្ធជំងឺកូវីដ ១៩ ការពារអាយុជីវិតពលរដ្ឋ កសាងមូលដ្ឋានសម្រាប់រស់នៅជាមួយកូវីដ ១៩ ក្នុងសេដ្ឋកិច្ច ស្តារជីវភាពពលរដ្ឋឡើងវិញតាមរយៈកញ្ចប់អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់បរិយាកាសធុរកិច្ចជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ