ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ស៊ីឈ្នួលដកដំឡូងមី ពេលដើរទៅរើសអុសចម្ងាយពីផ្លូវលេខ៥៨ ក្រវាត់ព្រំដែនជាន់មីនរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់មីននេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ខែ កុម្ភៈឆ្នាំ២០១៦ នៅជិតព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិថ្មឆ័ត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រីជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក លោកបានប្រាប់ថា៖ជនរងគ្រោះឈ្មោះ មឿន ស៊ីថា ភេទប្រុស អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅភូមិតាគាំ១ ឃុំទួលតាឯក ស្រុក/ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅក្នុងបន្ទាយតំបន់អភិវឌ្ឍកងទ័ពយោធភូមិភាគទី៥ភ្នំឆ័ត្រ ជាកម្មករស៊ីឈ្នួលដកដំឡូងមី ។
លោកអធិការបាននិយាយថា៖តាមប្រភពព័ត៌មានដែលលោកទទួលបាន មុនពេលកើតហេតុជន រងគ្រោះ បានដើរទៅរើសអុសនៅខាងជើងច្រកសេះងាប់ ដែលមានចម្ងាយប្រមាណជា៥០០ម៉ែត្រនិងខាងលិច ផ្លូវក្រវាត់ត់ព្រំដែនលេខ៥៨ ចម្ងាយ៨០០ម៉ែត្រ ក៏បានជាន់មីន ដែលបន្សល់ទុកក្នុងសម័យសង្គ្រាម បណ្តាលឲ្យផ្ទុះរងបួសដាច់ដៃខាងឆ្វេង ពេញដងខ្លួន និងក្បាល ជាទម្ងន់ ជនរងគ្រោះ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ។
ទាក់ទិននឹងករណីគ្រោះថ្នាក់មីននេះ នៅពេលដែលអ្នកយកព័ត៌សួរលម្អិត ពីបញ្ហាភូមិសាស្ត្រនិងហេតុការណ៍កើតឡើង លោកនាយប៉ុស្តិ៍ឃុំគោករមៀតមិនដឹងទាល់តែសោះ ដោយលោកអះអាងថា ភូមិសាស្ត្រថ្មឆ័ត្រជារបស់ស្រុកស្វាយចេក នេះគឺបណ្តាលមកពីលោកអធិការវរសេនីយ៍ត្រីអ៊ុក សុផាត ខ្វះការនូវជំនាញនិងកិច្ចការងារដឹកនាំ ទើបបានជាកូនចៅខ្លួនមិនស្គាល់ភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ ដោយបែជានៅក្នុងភូមិសាស្ត្រភូមិខ្វាវលិច ឃុំស្វាយចេកទៅវិញ នេះប្រែលជាលោកមេប៉ុស្តិ៍មិនសិក្សាអ្វីទាល់តែសោះអំពីមូលដ្ឋានរបស់ខ្លួន។បើតាមលោកឧត្តមសេនីយ៍ត្រីសំ ជិត ស្នងការរង ទទួលការងារព្រំដែនបានបញ្ជាក់ថា៖ ច្រកសេះងាប់ គឺស្ថិតក្នុងភូមិសាស្ត្រឃុំគោករមៀតស្រុកថ្មពួក ៕


ចែករំលែកព័តមាននេះ