ខេត្តសៀមរាប៖ អ្នកស្រុកអង្គរជុំខេត្តសៀមរាប តែងតែនាំគ្នា ប្រារព្ធពិធីឡើងអ្នកតា គ្រប់ទីកន្លែង ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ ទោះបីឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំ សង្គ្រាមញ៉ាំញីជាច្រើន វិទ្យាសាស្ត្រទំនើបយ៉ាងណាក្តី ក៏ជំនឿមួយចំនួននៅតែមានឥទ្ធិពលនៅក្នុងផ្នត់គំនិតនិងជីវភាពរស់នៅ របស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈដល់សព្វថ្ងៃ ពិសេសអ្នកស្រុកតំបន់អង្គរ ដែលជាមរតខ្មែរពិតៗ។ជាក់ស្តែងរាល់ឆ្នាំឱ្យតែដល់ ថ្ងៃ៣កើត ខែមាឃធំ អ្នកភូមិកក្រាញ់ សង្កាត់សៀមរាម ខេត្តសៀមរាប ទោះបីស្ថិតនៅជិតទីរួមខេត្តក៏ដោយ ការប្រើប្រាស់របស់ទំនើបដែលរស់នៅក្នុងជីវភាពស៊ីវីល័យក៏ដោយ ក៏ប្រជាសហគមន៍នៃវត្តអធ្វានៅតែរក្សាបាននូវទំនៀមទម្លាប់ឡើងមាឃ ឡើងអ្នកតា ចូលរូបដែលបន្សល់ទុកតាំងពីបរមបុរាណឱ្យរស់រវើកដដែល។
ក្នុងថ្ងៃនេះ មិនមានតែតំបន់នេះទេ ប្រជាជននៅតាមជនបទសង្កាត់មាត់ញកនានានៃខេត្តសៀមរាប ក៏នាំគ្នាប្រារព្ធពិធីនេះដូចគ្នា ដើម្បីសុំសេចក្តីសុខចម្រើនដល់ អ្នកភូមិ និងប្រជាជនទាំងអស់។ចំពោះការរៀបចំគ្រឿងរណ្តាប់នៅក្នុងពិធីនេះមាន ស្លាធម៌ បាយសី ជុំ ៤សម្រាប់អ្នកតា និងអ្នកចូលរូប មានវង់ភ្លេង រួមទាំងមានម្ហូបអាហារជាច្រើនមុខដែលប្រជាជនយកមករៀងៗខ្លួនដើម្បីចូលរួមក្នុងពិធីនោះ។ មិនតែប៉ុណ្ណោះក៏មានក្បាលជ្រូក មាន់ស្ងោ ជាច្រើនគូសម្រាប់សំណែន និងលាបំណន់ ថែមទាំងមានបង្អែម ចម្អាប ផ្លែឈើ នំនែក ទឹក ស្រាជាដើម ដើម្បីឱ្យអ្នកតាសេពសោយឱ្យបានបរិបូណ៌ មុននឹងទៅស្រុកស្រែវិញ។ក្នុងការរៀបចំពិធីឡើងមាឃធំ ឬឡើងអ្នកតានៅ ប្រាសាទអធ្វានេះ មិនឃើញមានវត្តមានព្រះសង្ឃនិមន្តមកសូត្រធម៌នោះទេ ទោះបីកន្លែងប្រារព្ធពិធីនៅក្នុងវត្តក៏ដោយ ពោលគឺមានតែលោកយាយ លោកតា ដែលជាអ្នកចូលរូប គឺជាអ្នកស្រុក និងក្មេងៗប៉ុណ្ណោះ ខុសពីពិធីដទៃទៀតដែលជាជំនឿពីដូនតាដូចគ្នា។
បន្ទាប់ពីរៀបចំសំណែនហើយ សំឡេងច្រៀងនិងសំឡេងភ្លេងប្រគំអញ្ជើញគ្រូបានបន្លឺឡើង ខណៈអ្នកចូលរូបអង្គុយបួងសួង រម្លឹកគុណគ្រូជាបារមីឱ្យចូលសណ្ឋិត ក្នុងខ្លួន។ចំណែក លោកគ្រូភ្លេង ម្នាក់បានប្រាប់ថា ការប្រគំភ្លេងជាញឹកញាប់ក្នុងពិធីមានប្រាំបទគឺ៖ ១/បទម្លប់ដូង: សម្រាប់អញ្ជើញគ្រូនិងសំពះគ្រូ ២/បទទាក់ដំរី: សម្រាប់អញ្ជើញគ្រូដែលរវល់ទៅទាក់ដំរីនៅទីឆ្ងាយ ឱ្យមកកាន់កន្លែងពិធី ៣/បទច្រូង: សម្រាប់អញ្ជើញគ្រូតូចគ្រូធំដែលនៅសេសសល់ ៤/បទអុំទូក:សម្រាប់ អ្នកចូលរូប រាំលេងកម្សាន្ត ៥/ បទបញ្ចុះសម្រាប់រាំលេងបណ្តេញព្រាយដែលចូលមកយាយី។ ក្រៅពី៥បទនេះក៏មានបទជាច្រើនទៀតដែរ ដែលត្រូវប្រគំរួមនឹងចម្រៀងតាមសេចក្តីត្រូវការរបស់មេមត់ បើភ្លេងលេងមិនត្រូវបទដែលមេមត់ចូលចិត្ត គ្រូបារមីនោះក៏មិនចូលមកសណ្ឋិតក្នុងរូបអ្នកស្នងដែរ។ចំពោះអ្នកចូលរូបមានគ្នា៤នាក់ ប្រុស១ ស្រី៣ ដែលតំណាងឱ្យស្តេចនាគខៀវ នាគក្រហម (ញី ឈ្មោលមហារាជ មហាជម្ពូ បិតាយមរាជជាដើម រេរាំតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីក រាយតែអង្គឯង និងលេងជាមួយអ្នកភ្លេងក៏មាន។
ពេលខ្លះទៀត រូបនោះក៏យំសោកបោកខ្លួន ខឹងក្រោធនឹងកូនចៅ ឬបុគ្គលណាមួយដែលជិះជាន់គាត់។ ខ្លះទៀតក៏សេពសោយអាហារ សុរាតាមចំណូលចិត្ត ព្រមទាំងនិយាយប្រាប់កូនចៅពីបំណងរបស់ខ្លួនតាមការសួរនាំ។តាមប្រភពពីអ្នកស្រុកបានប្រាប់ថា ចំពោះបារមីនៅវត្តអធ្វា មានលោកតា មហារាជ មហាជម្ពូ កេសមាលា ស្រីខ្មៅ មហាសម្បថ ស្តេចភុជង្គនាគ យមរាជ យាយប៉ុក តាមឿង។ល។ ដែលអ្នកស្រុកទាំងអស់មានការជឿជាក់គោរពបូជាយ៉ាងខ្លាំងមកដល់សព្វថ្ងៃនេះ។ ពេលមានទុក្ខភ័យ អ្នកស្រុកទាំងអស់នោះតែងតែមកបន់ស្រន់ បញ្ចូលរូបហើយពេលបានជាសះស្បើយឬសមដូចបំណង គេតែងយកសំណែនមកសែនលាបំណន់។ ម្យ៉ាងទៀតពេលចូលរូប អ្នកស្រុកក៏តែងឱ្យបារមីជួយទស្សន៍ទាយមើលជំងឺ និងសុំទឹកមន្តដើម្បីលុបលាងមុខ ផឹក ប្រោះព្រំឱ្យមានសិរីសួស្តី ឈ្នះជំងឺរោគា និងឧបទ្រពចង្រៃផ្សេងៗផង តាមជំនឿរបស់ពួកគាត់។លុះដល់កិច្ចចុងបញ្ចប់ គេក៏រៀបគ្រឿងសំណែនដែលបានសែនហើយយកទៅចោលនៅទីសមគួរឬក៏ដាក់សំពៅ សែងទៅចោលនៅកន្លែងណាមួយតាមទម្លាប់ បន្ទាប់ពីដូនតាបាចអង្ករបញ្ជេះហើយ។
ជាធម្មតាទំនៀមរបស់អ្នកស្រុកចំណុះជើងវត្តអធ្វា គេធ្វើពិធីឡើងអ្នកតាឬឡើងមាឃនេះដល់ទៅ៣កន្លែងក្នុងពេលតែមួយ គឺនៅប្រាសាទអធ្វា ទួលយាយប៉ុក (អ្នកចូលរូបមានតែម្នាក់) និងទួលតាមឿង (អ្នកចូលរូបមកជុំគ្នាទាំងអស់) ហើយមានបែបសណ្ឋាននៃការប្រារព្ធពិធីដូចៗគ្នា ខុសតែចំនួនអ្នកចូលរូបប៉ុណ្ណោះ គឺស្លៀកសពាក់ស ។លោកយាយ រួម អាយុ៧៨ឆ្នាំ រស់នៅភូមិកក្រាញ់និងជាពុទ្ធបរិស័ទនៃវត្តប្រាសាទអធ្វាបានប្រាប់ថា ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃ៣កើត មាឃធំ គឺគាត់និងអ្នកភូមិតែងមកជុំគ្នានៅប្រាសាទអធ្វាដើម្បីរៀបចំពិធី ឡើងលោកតា។ មួយឆ្នាំគេធ្វើ២ដង គឺ៣កើត មាឃធំ ខែទឹកទន្លេចុះ គេបញ្ជូនលោកតាទៅក្រោម (ស្រុក) វិញ និង៣កើត ខែពិសាខ ខែទឹកទន្លេឡើង គេអញ្ជើញលោកតាឡើងគោក ដើម្បីសុំឱ្យកូនចៅសុខសប្បាយ ធ្វើស្រែចំការបានល្អ ទទួលបានភោគផលច្រើន។ ពិធីនេះមិនដែលអាក់ខានធ្វើឆ្នាំណាទេ បើមិនធ្វើមានជំនឿថា កូនចៅនឹងគ្មានក្តីសុខ មានគ្រោះពេញភូមិស្រុកមិនខាន។
លោកយាយបន្តទៀតថា ពិធីនេះគាត់ឃើញតាំងពីតូចៗម្ល៉េះ ហើយបន្តធ្វើរហូតដល់បច្ចុប្បន្ន។ ចំពោះគាត់អ្នកតាគឺជាវត្ថុស័ក្ដិសិទ្ធិ អ្នកថែរក្សាស្រុក អ្នកឃុំគ្រងកូនចៅឱ្យបានសុខសប្បាយគួរឱ្យគោរពបូជា មិនអាចមើលងាយឬលេងសើចបានទេ។លោកយាយ ទឹម អាយុ៧៥ឆ្នាំ ជាអ្នកស្នងរូប មហារាជ ៥ឆ្នាំ មកហើយមានស្រុកកំណើតនៅស្រុកអង្គរជុំ ខេត្តសៀមរាបបានប្រាប់ថា រាល់ពេលឡើងមាឃ គាត់ជាតួបារមីម្នាក់ក្នុងចំណោមបារមីទាំង៤។ ពីមុនគាត់ជាមនុស្សធម្មតា ក្រោយមកលោកតាប្រាប់ថា ចង់នៅជាមួយក៏មានបារមីមកសណ្ឋិត ហើយគាត់គោរពដល់សព្វថ្ងៃ។ការធ្វើពិធីឡើងមាឃនេះមាន សារៈសំខាន់ណាស់សម្រាប់កូនចៅ ជាការគោរពដឹងគុណដល់លោកតាម្ចាស់ស្រុក ដែលបានថែរក្សាភូមិករឱ្យបានសុខសាន្ត ហើយពិធីនេះមិនដែលចោលការបញ្ចូលរូបទេរាល់ៗឆ្នាំ។ លោកយាយក៏បានសម្តែងការព្រួយបារម្ភខ្លាចបាត់បង់ទំនៀមទម្លាប់នេះដែរ ព្រោះក្មេងៗជំនាន់ក្រោយមិនសូវមានអ្នកណាគេចង់ធ្វើជាអ្នកចូលរូបទេ ខ្លាចខ្មាសគេ ហើយពួកគេក៏រវល់ច្រើនក្នុងរឿងរកស៊ីចិញ្ចឹមជីវិតផងដែរ។
លោកតា កែវ អាយុ៦៥ឆ្នាំ អ្នកស្នងរូបស្តេចនាគឈ្មោល រស់នៅស្រុកអង្គរជុំ ខេត្តសៀមរាបបានប្រាប់ថា អ្នកតាមាន២ប្រភេទ៖ ១/ពួកទេវតារក្សាព្រះនគរ ប្រជាជនខ្មែរហៅថា អ្នកតាព្រះស្រុក ២/អ្នកតារក្សាខេត្តស្រុកទាំងឡាយ ហៅថា អ្នកតាម្ចាស់ស្រុក។ លក្ខណៈរូបនៃអ្នកតាមានជាដុំថ្ម គល់ឬមែកឈើ ដំបូក ឬទួលក្តី នៅតាមប្រាសាទ និងខ្ទមដែលប្រជាជនសង់ឱ្យ ហើយត្រូវបានគេគោរពតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ការបូជាជំនឿនេះមិនមែនជារឿងអកុសលទេ ពីព្រោះខ្មែរមិនមែនបូជាថ្ម ដំបូកនោះទេ ប៉ុន្តែវិញ្ញាណឬបារមីស័ក្ដិសិទ្ធិរបស់ដូនតាដែលមកប្រថាប់ក្នុង វត្ថុនោះប្រកបដោយមហិទ្ធឫទ្ធិគួរឱ្យស្ញប់ស្ញែងក្រៃលែង។ដោយឡែកទាក់ទងនឹងពាក្យអ្នកតា និងអត្ថន័យនៃការឡើងអ្នកតាតាមការពន្យល់នៅក្នុងវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ថា អ្នកតាឬអ្នកជីតា ជាពាក្យសម្រាប់ហៅភូតបិសាចប្រុសឬទេព្រ័ក្សប្រុសដែលមានខ្ទមឬរោង អាស្រមជាលំនៅឬឥតលំនៅ។
ក្នុងនោះក៏មានពាក្យអ្នកដូនឬអ្នកជីដូនឬអ្នកយាយផងដែរ ជាពាក្យសម្រាប់ ហៅភូតបិសាចស្រីឬទេព្រ័ក្សស្រីដែលមានខ្ទមឬរោង អាស្រមជាលំនៅ ហើយខ្មែរយើងច្រើននិយាយថា អ្នកតា អ្នកដូន ពាក្យនេះជាគូនឹងគ្នា។ សរុបមកឡើងអ្នកតាមានន័យថា ការប្រជុំគ្នាធ្វើសក្ការៈចំពោះអ្នកតាដើម្បីគំនាប់អ្នកតាឬសុំទឹកភ្លៀងអ្នកតាជាដើម។
រីឯ អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើន បានបញ្ចេញមតិយោបល់ខុសគ្នាពីបញ្ហានេះ ដោយអ្នកខ្លះមានមតិថា៖ អ្នកតាគឺជាព្រលឹងរបស់បុព្វបុរសឬជាជំពូកវីរបុរសប្រចាំស្រុកតំបន់ ណាមួយ ពេលស្លាប់ទៅក្លាយជាអ្នកតា (អ្នកតាឃ្លាំងមឿងជាដើម)។ ខ្លះយល់ថា៖ អ្នកតាជាពួកបុព្វបុរសមានជីតាជាដើម ពុំចាំបាច់មានមហិទ្ធិឫទ្ធិទេ ពេលស្លាប់ហើយនឹងក្លាយជាខ្មោចមួយពួកចាំថែរក្សាកូនចៅ។អ្នកផ្សេងទៀតថា៖ អ្នកតា ក្លាយមកពីពាក្យ ទេវតា ដែលជំនាន់ដើមប្រហែល ហៅអ្នកទេវតា តែយូរទៅក៏ហៅត្រឹម អ្នកតា។
បើនិយាយចំពោះស្រុក ខេត្តដែលប្រារព្ធពិធីនេះ តាមការស្រាវជ្រាវរបស់អ្នកជំនាញជាតិពន្ធុវិទ្យានិងនរវិទ្យា លោកសាស្ត្រាចារ្យ អាំង ជូលាន បានសរសេរថា តាមពិតទៅពុំមែនមានតែខេត្តសៀមរាបទេ តំបន់ច្រើនទៀត ប៉ែកខាងជើងប្រទេស ធ្លាយចូលដល់ខេត្ត បូរីរម្យនិងសូរិន្ទ្រដែលសព្វថ្ងៃស្ថិតក្នុង ប្រទេសថៃឡង់ដ៍ក៏គេនៅតែជ្រើសរើសថ្ងៃនេះ ឬពុំដូច្នោះទេក៏នៅចង កថាថ្ងៃឡើងមាឃគេធ្វើនៅថ្ងៃនេះដែរ។ ប៉ុន្តែក៏មានអ្នកស្រុកភូមិភាគច្រើន ដែលរើសវេលាខុសពីថ្ងៃនេះ តែភាគច្រើនក៏ស្ថិតនៅខាងខ្នើតខែមាឃធំដដែល៕
ចែករំលែកព័តមាននេះ