ខេត្តបាត់ដំបង ៖ សំណុំរឿងរបស់កញ្ញាឯក សុជាតា ហៅសាសា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងបាត់ដំបង កាលពីកន្លះឆ្នាំមុន កំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរនៅឡើយ ។
នេះបើយោងតាមប្រភពពីមន្ត្រីសាលាដំបូងខេត្ត ខណៈសំណុំរឿងព្រហ្មទណ្ឌដែលកញ្ញាសាសាប្ដឹងលោកឧកញ៉ា សុខ ប៊ុន ត្រូវតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមបញ្ចប់កាលពីប៉ុន្មានថ្ងៃមុននេះ ។
បើគិតមកដល់ពេលនេះ សំណុំរឿងកញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ CTN ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងក្រុងបាត់ដំបង មានអាយុកាលកន្លះឆ្នាំហើយ តែមិនទាន់ចេញផុតពីដៃចៅក្រមស៊ើបសួរនៅឡើយទេ ។ ខណៈដែលមនុស្សទូទាំងប្រទេសកំពុងទន្ទឹងរង់ចាំលទ្ធផលចុងក្រោយរបស់នាង ដូចការសម្រេចក្ដីលើសំណុំរឿងព្រហ្មទណ្ឌ ដែលអតីតពិធីការិនីដ៏សំបូររឿងអាស្រូវរូបនេះ ប្ដឹងឧកញ៉ា សុខ ប៊ុន ។
បើតាមមន្ត្រីតុលាការខេត្តបានឱ្យដឹងថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកញ្ញាឯក សុជាតា ហៅសាសា ខាងលើនេះ គឺកំពុងស្ថិតក្នុងដៃលោក ជា វណ្ណៈ ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តបាត់ដំបង តែមិនទាន់ដឹងថា តើពេលណា ទើបសំណុំរឿងនេះ ធ្លាក់ដល់ដៃចៅក្រមជំនុំជំរះនោះទេ?
ឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំពីមជ្ឈដ្ឋាននានា ក្នុងសំណុំរឿងកញ្ញាសាសានេះ ចៅក្រមស៊ើបសួរដែលកាន់សំណុំរឿងនេះ និងជាប្រធានសាលាដំបូងខេត្តផង លោកជា វណ្ណៈ បានបំភ្លឺកាលពីប៉ុន្មានថ្ងៃមុននេះថា សំណុំរឿងបង្កគ្រោះថ្នាក់ចរាចរណ៍របស់កញ្ញាសាសា ដែលកើតឡើងនៅក្នុងក្រុងបាត់ដំបងកាលពីឆ្នាំទៅម៉ិញនោះ នៅមិនទាន់បញ្ចប់ដំណើរការស៊ើបអង្កេតនោះឡើយទេ ។ហើយសំណុំរឿងនេះ ក៏កំពុងស្ថិតនៅក្នុងដៃរបស់លោកដែរ ។
លោកជា វណ្ណៈ បានបញ្ជាក់ថា លោកនឹងផ្ដល់ដំណឹងនេះដល់អ្នកសារព័ត៌មាននៅពេលណា សំណុំរឿងនេះ ត្រូវបានបញ្ចប់ដំណើរការស៊ើបអង្កេត ហើយបញ្ជូនទៅឱ្យក្រុមប្រឹក្សាជំនុំជម្រះចាត់ការបន្ត ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ