ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ដ៏​កម្រ​បំផុត កំពុង​រស់នៅ​ក្នុង​តំបន់​ទីជម្រក​ស្រែ​ពក ខេត្តមណ្ឌលគិរី

2 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ កញ្ញា​នេះ​ថា អម​ជាមួយនឹង​ក្តី​រំភើប​រីករាយ​ឥត​ឧបមា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF…

ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​២១ កញ្ញា​នេះ​ថា អម​ជាមួយនឹង​ក្តី​រំភើប​រីករាយ​ឥត​ឧបមា ក្រុម​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​សត្វព្រៃ នៃ​ក្រសួងបរិស្ថាន និង​អង្គការ WWF បាន​ផ្តល់​របាយការណ៍​កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ ដោយ​បញ្ជាក់​ថា ពួក​គេ​បាន​ប្រទះ​ឃើញ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​(Crocodylus siamensis) ដែល​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត សរុប​ចំនួន ៨​ក្បាល ខណៈ​ពេល​ដែល​ពួក​គេ​បាន​ចុះ​តាមដាន និង​ស្រាវជ្រាវ​សត្វ​នេះ នៅ​ក្នុង​ដែន​ជម្រក​ធម្មជាតិ នៃ​តំបន់​ស្រែ​ពក​ក្នុងអំឡុងពេល នៃ​រដូវ​ពង​និង​ញាស់​កូន​របស់​វា ។

សកម្មភាព​តាមដាន​សិក្សា​នេះ ជា​ផ្នែក​មួយ នៃ​កម្មវិធី​ស្រាវជ្រាវ​អំពី​សត្វ​ក្រពើ​ភ្នំ នៃ​គម្រោង​កាំ​ប៉ាស​(CAMPAS) ដឹកនាំ​ដោយ​ក្រសួងបរិស្ថាន និង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ GEF-5/UNEP ហើយ​មានការ​រួម​ថវិការ​បន្ថែម​ពី អង្គការ WWF ប៊ែ​ល​ហ្ស៊ិ​ក ។

ស្ថិត​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​ដ៏​លំបាក ហើយ​ផ្គួប​ជាមួយនឹង​ភាព​អត់ធ្មត់​ខ្ពស់ គំហើញ​នៃ​សត្វ​ដ៏​កម្រ​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​កត់​ត្រាទុក​នៅ​ទីតាំង​ស្រាវជ្រាវ​មួយ​ដែល​អ្នក​វិទ្យាសាស្ត្រ​ធ្លាប់​បាន​ប្រមូល​លាមក និង​ដានជើង​របស់​វា​កាលពី​អំឡុង​រដូវប្រាំង​នៃ​ឆ្នាំ​ដដែល​នេះ​។ ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​ទាំងនេះ បច្ចុប្បន្ន​កំពុង​រស់នៅ​ដោយ​សុវត្ថិភាព​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួក​វា ក្រោម​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី ប្រទេស​កម្ពុជា ។

លោក ប៊ុ​ន សុធា សមាជិក​ម្នាក់ នៃ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រៀបរាប់​ថា ៖ «​ក្នុង​រដូវ​កូន​ក្រពើ​ញាស់​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​យើង​បាន​ធ្វើការ​តាមដាន​ជា​ប្រចាំ ហើយ​សម្រាប់​ការ​ចុះ​តាមដាន​មួយ​ជើង​នេះ ពួក​យើង​បាន​ចំណាយ​អស់​រយៈពេល ៤​យប់ ដើម្បី​អង្កេត​មើល​ស្ថានភាព​របស់​សត្វ​ក្រពើ​ភ្នំ នៅ​តាម​ទីតាំង​ផ្សេង​ៗ​របស់​វា គឺ​ចាប់តាំងពី​ម៉ោង ៧​យប់ រហូត​ដល់​រំលង​អធ្រាត្រ ប្រហែល​ទល់ ម៉ោង​២​ព្រឹក​ទៀប​ភ្លឺ​» ។

លោក​បាន​បន្ត​ទាំង​មាន​ស្នាមញញឹម​ផង​ថា ៖ «​ភាព​រំភើប​ត្រេកអរ​ជា​ខ្លាំង ក៏​បាន​មក​ដល់ ក្រោយ​ពេល​ដែល​សមាជិក​ក្រុមការងារ​យើង​ម្នាក់​បាន​ប្រទះ​ឃើញ​ចំណាំង​ពន្លឺ​ភ្នែក​របស់​កូន​សត្វ​ក្រពើ​ដែល​ទើបនឹង​ញាស់​» ។

គំហើញ នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នា​ពេល​នេះ គឺជា​ភស្តុ​តាង​បញ្ជាក់​ដោយ​រូបភាព​ដំបូង​បង្អស់ នៃ​ការ​រស់រាន​បន្ត​ពូជ​របស់​សត្វ​នេះ ក្រោយ​ការ​ខិតខំ​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​ជា​តំបន់ការពារធម្មជាតិ​មួយ នៃ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងបរិស្ថាន និង​គាំទ្រ​ដោយ​អង្គការ​WWF ។

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា ៖ «​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​មួយ ដែល​យើង​ត្រូវ​សាទរ និង​ជា​ផ្លែផ្កា​មួយ នៃ​កិច្ច​សហ​ប្រតិបត្តិ​អភិរក្ស​រវាង​ក្រសួងបរិស្ថាន នៃ​រាជរដ្ឋាភិបាល​កម្ពុជា អង្គការ​WWF និង​អង្គការ​ដៃគូ ជា​ពិសេស​សមាជិក​ទាំងអស់ នៃ​ក្រុមការងារ​ស្រាវជ្រាវ​វិទ្យា​ស្រា​ស្ត្រ នៃ​ក្រសួងបរិស្ថាន និង​អង្គការ​WWF ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា និង​ស្រាវជ្រាវ​រហូត​ទទួល​បាន​នូវ​លទ្ធផល​ដោយ​បាន​កត់ត្រា​បញ្ជាក់​ជា​ផ្លូវការ​លើក​ដំបូង​បង្អស់ នៃ​ហ្វូង​កំពុង​បន្ត​ពូជ នៃ​សត្វ​ក្រពើ​ភ្នំ​ដ៏​កម្រ​បំផុត​នេះ​នៅ​តំបន់​ស្រែ​ពក​» ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ៖ «​គំហើញ នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សារៈសំខាន់ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ជា​តំបន់ជីវៈ​ចម្រុះ​សកល​មួយ ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការ​ស្តារ​ធនធាន​ជីវៈចម្រុះ និង​ចំនួន​សត្វព្រៃ​សំខាន់​ៗ មាន​តម្លៃ​ជាស​កល​ឡើង​វិញ​» ។

ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែម​ទៀត​ថា ៖ «​ដំណឹង​ដ៏​រំភើប​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ ពី​សារៈសំខាន់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការ​អភិរក្ស​សត្វ​ក្រពើ​ភ្នំ​ដ៏​កម្រ និង​សត្វព្រៃ​សំខាន់​ៗ​ដទៃ​ជា​ច្រើន​ប្រភេទ​ទៀត ។ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​មាន​ធនធានធម្មជាតិ​ដ៏​វិសេសវិសាល​គ្មាន​ពីរ ដែល​នេះ គឺជា​មោទនភាព​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ។ ដោយសារ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ យើង​ទាំងអស់​គ្នា ទាំង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​នៃ​គ្រប់​វិស័យ មាន​លទ្ធភាព​ក្នុង​ការ​ផ្តោត​ការ​យកចិត្តទុកដាក់ និង​រិះរក​គ្រប់​មធ្យោបាយ និង​ដំណោះស្រាយ​នានា​ក្នុង​កិច្ច​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ សំដៅ​ឈាន​ឆ្ពោះទៅ​ស្តារ​ធនធាន​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​កម្ពុជា​មាន ឲ្យ​សំបូរ និង​ប្រសើរ​ឡើង​វិញ​» ។

ផ្អែក​តាម​កញ្ញា Milou Groenenberg ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ នៃ​អង្គការ WWF របកគំហើញ នា​ពេល​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា ជា​ការ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ នៃ​ការ​សិក្សា ស្តី​ពី សត្វ​ក្រពើ​ភ្នំ​នៅ​ក្នុង​តំបន់ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយហេតុ​ថា វត្តមាន​របស់​សត្វ​នេះ មិន​ត្រូវ​បាន​គេ​បញ្ជាក់​ជា​ផ្លូវការ​ទេ បើ​ផ្អែក​តាម​របាយការណ៍​ស្រាវជ្រាវ​នានា ដែល​គេ​ធ្លាប់​ទទួល​បាន​កាលពី​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ហើយ​រីឯ​ការ​កត់ត្រា​វត្តមាន​របស់​វា​តាម​រយៈ​រូបភាព​ក៏​គ្មាន​ដែរ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។

កញ្ញា Milou បាន​និយាយ​ថា​៖ «​កាលពីមុន​អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​បាន​ទេ​ថា សត្វ​ក្រពើ​ភ្នំ ដែល​រស់នៅ​ក្នុង​ទីជម្រក​ស្រែ​ពក​នេះ អាច​មាន​គូ​បង្កាត់​ពូជ​បាន ហើយ​ក៏​គេ​កាន់តែ​មិន​អាច​បញ្ជាក់​បាន​ទៀត​ថា តើ​សត្វ​នេះ បាន​ធ្វើ​សំបុក នៅ​ទីណា​មួយ ក្នុង​តំបន់​នេះ ហើយ​មាន​ញាស់​កូន​ដែរ​ឬ​អត់ នោះ​ឡើយ​» ។

អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​បាន​បន្ថែម​ថា ៖ «​គំហើញ នៃ​ហ្វូង​កូន​សត្វ​ក្រពើ​ភ្នំ​នៅ​តំបន់​ស្រែ​ពក​ពេល​នេះ ពិតជា​ផ្តល់​នូវ​ក្តី​សង្ឃឹម​សម្រាប់​ការ​អភិរក្ស និង​ការពារ​ការ​រស់រាន​របស់​សត្វ​នេះ​នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា ដែល​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា និង​ពិភពលោក​ទាំងមូល​» ។

សត្វ​ក្រពើ​ភ្នំ ធ្លាប់​មាន​រស់នៅ​ពាសពេញ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ចាប់ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក វត្តមាន​របស់​សត្វ​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​មួយ​នេះ ត្រូវ​បាត់បង់​គួរ​ឲ្យ​បារម្ភ​ពី​ដែន​ជម្រក​ធម្មជាតិ​របស់​ពួក​វា ។ ប្រទេស​កម្ពុជា គឺជា​ទីជម្រក​សំខាន់​ជាស​កល​មួយ សម្រាប់​ការ​រស់រាន នៃ​សត្វ​ក្រពើ​ភ្នំ ដែល​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​សរុប ចន្លោះ​ពី ២០០ ទៅ ៤០០​ក្បាល កំពុង​រស់នៅ​ក្នុង​ទីជម្រក​ធម្មជាតិ​នានា​ក្នុង​ប្រទេស ។ ខណៈ​នៅ​លើ​ពិភពលោក ចំនួន​សត្វ​ក្រពើ​ភ្នំ ដែល​ស្ថិត​ក្នុង​វ័យ​អាច​បន្ត​ពូជ​បាន មាន​ប្រមាណ​មិន​លើស​ពី​១.០០០ (១​ពាន់​) ក្បាល​ឡើយ ។

កត្តា​គំរាមកំហែង​ចំពោះ​ការ​រស់រាន​របស់​សត្វ​ក្រពើ​ភ្នំ​មាន​ដូច​ជា ៖ ការ​រេច​រិល និង​ការ​បាត់បង់​ទីជម្រក ការ​បរបាញ់​ខុសច្បាប់ ដែល​បណ្តាល​មក​ពី​តម្រូវការ នៃ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការ​ចាប់​ដោយ​ខុសច្បាប់ ដើម្បី​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ ការ​ចាប់​យក​ទៅ​បង្កាត់​ពូជ​ជាមួយ​ពូជ​ក្រពើ​ផ្សេង ទំនប់​វា​រី​អគ្គិសនី និង​ការ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាដើម ។

ការ​រស់រាន​របស់​កូន​ក្រពើ​ភ្នំ ដែល​ទើបត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​ពេល​នេះ ព្រមទាំង​ការ​ការពារ​ទីជម្រក​របស់​ពួក​វា​ដោយ​សុវត្ថិ​ភាពល្អ ត្រូវ​បាន​ស្ថិត​ក្រោម​ការ​ធានា និង​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង ដោយ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​ធ្វើការ​នៅ​ក្នុង​តំបន់​ការពារ ក៏​ដូច​ជា​ដោយ​មានការ​ចូលរួម​ក្នុង​ការ​ថែរក្សា​តំបន់ការពារធម្មជាតិ​ពី​សំណាក់​សហគមន៍​មូលដ្ឋាន នៅ​ជុំវិញ​តំបន់​ការពារ ព្រមទាំង​ការ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍ​ជីវភាព​របស់​សហគមន៍​ឲ្យ​បាន​ប្រសើរ​ឡើង ដែល​ទាំងនេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​រយៈពេល​វែង​របស់​ក្រសួងបរិស្ថាន និង​អង្គការ WWF ។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «​ខ្ញុំ​សូម​អបអរសាទរ ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ និង​ក្រុមការងារ​អនុវត្ត​ច្បាប់​ចំពោះ​គំហើញ​ដ៏​អស្ចារ្យ​នេះ ។ ប្រសិនបើ​គ្មាន​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ខិតខំ​ដ៏​មោះមុត និង​ដោយ​ទៀងទាត់​នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នោះ​ទេ យើង​ទាំងអស់​គ្នា​ក៏​មិន​ទទួល​បាន​នូវ​លទ្ធផល​ដ៏​ប្រសើរ​បែប​នេះ​ដែរ​» ។

យើង​ត្រូវ​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ និង​អភិរក្ស​បន្ថែម​ទៀត ដោយ​ផ្តល់​អាទិភាព​លើ​ការ​ស្វែងរក​នូវ​ដំណោះស្រាយ​សម​ស្រប និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​សម្រាប់​គាំទ្រ​ដល់​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ការ​ការពារ​ធនធាន​សត្វព្រៃ ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ បន្ត​អំពាវនាវ​ឱ្យ​ចាត់​នូវ​វិធានការ និង​វិធីសាស្ត្រ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ដើម្បី​គ្រប់គ្រង ប្រើប្រាស់ និង​ចាត់ចែង​ធនធានធម្មជាតិ ។

លោក​បាន​បន្ថែម​ថា​៖ «​គំហើញ​នា​ពេល​នេះ បាន​បង្ហាញ​ថា ការ​ស្តារ​ចំនួន​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ទេសភាព​ភាគ​ខាងកើត​ឲ្យ​ប្រសើរ​ឡើង​វិញ គឺជា​លទ្ធភាព​ដែល​គេ​អាច​ធ្វើ​ទៅ​បាន ដោយ​បង្កើន​កិច្ចសហការ​រួម​គ្នា ដើម្បី​រៀបចំ​ឡើង​ឲ្យ​មាននូវ​លក្ខខណ្ឌ​ចាំបាច់​នានា ដូច​ជា ការ​ការពារ​ទីជម្រក ការ​ធានា​ការ​ផ្គត់ផ្គង់​ចំណីអាហារ និង​ទឹក​តាម​បែប​ធម្មជាតិ ដែល​ជា​សុទ្ធ​សឹង​ជា​កត្តា​ផ្តល់​អំណោយផល​ដល់​ការ​រស់រាន​របស់​សត្វ​ក្រពើ​ភ្នំ និង​ប្រភេទ​សត្វ​ដទៃ​ជា​ច្រើន​ទៀត ដែល​កំពុង​រស់នៅ​ក្នុង​ទីជម្រក​ធម្មជាតិ នៃ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​កម្ពុជា​នេះ​» ។

ក្រសួងបរិស្ថាន និង​អង្គការ​WWF នឹង​បន្ត​តាមដាន​ស្ថានភាព​សត្វ​ក្រពើ​ភ្នំ​នៅ​តំបន់​ស្រែ​ពក​តទៅ​បន្ថែម​ទៀត និង​ពង្រឹង​វិធានការ​ការពារ​ទីជម្រក​របស់​សត្វ​នេះ​ពី​ការ​គំរាមកំហែង​ផ្សេង​ៗ មាន​ដូច​ជា​ការ​ទន្ទ្រាន​ដី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក និង​សកម្មភាព​ល្មើសច្បាប់​ផ្សេង​ៗ​ទៀត ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការ​ចុះ​ល្បាត​ជា​ប្រចាំ​តាម​គ្រប់​មធ្យោបាយ​ទាំង​ក្នុង និង​ក្រៅ​តំបន់ការពារធម្មជាតិ ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចាត់វិធានការ​រួម​គ្នា​ជា​បន្ទាន់​បន្ថែម​ទៀត​ចាំបាច់​សម្រាប់​ការ​ការពារ​សត្វ​ក្រពើ​ភ្នំ ដើម្បី​ឲ្យ​សត្វ​នេះ​ជៀស​ផុត​ពី​ការ​ផុត​ពូជ និង​ដាក់​ចេញ​នូវ​វិធីសាស្ត្រ​នានា ដើម្បី​ធានា​ឲ្យ​សត្វ​នេះ​មាន​ចំនួន​កើនឡើង​វិញ​សម្រាប់​គាំទ្រ​ការ​រស់រាន​របស់​វាត​ទៅ​អនាគត ។ ក្រសួងបរិស្ថាន​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​សហការ​ជាមួយ​អង្គការ​អន្ដរជាតិ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន និង​បណ្តា​ដៃគូ​ដទៃ​ទៀត ដើម្បី​ការពារ និង​ថែរក្សា​ធនធាន​ព្រៃឈើ និង​មរតក​ធនធាន​សត្វព្រៃ​របស់​កម្ពុជា ដើម្បី​ផ្តល់​ជា​ប្រយោជន៍​សង្គម និង​សេដ្ឋកិច្ច​សម្រាប់​រយៈពេល​វែង​ដល់​ប្រជាជន​ជំនាន់​នេះ និង​ជំនាន់​តទៅ​អនាគត​» ។

ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក (USAID) សហភាព​អឺរ៉ុប (EU) រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ (BMZ) រដ្ឋាភិបាល​ប៊ែ​ល​ហ្ស៊ិ​ក (DGD) កម្មវិធី​បរិស្ថាន​របស់​អង្គការសហប្រជាជាតិ (UN Environement) GEF រដ្ឋាភិបាល​ស៊ុ​យ​អ៊ែ​ត (Sida) IKEA Welthungerhilfe (WHH) Humanscale និង​បណ្តាញ​អង្គការ WWF (WWF-​អា​មេ​រិ​ក WWF-​ប៊ែ​ល​ហ្ស៊ិ​ក WWF-​អា​ល្លឺ​ម៉​ង WWF-​ស៊ុ​យ​អ៊ែ​ត និង WWF-​ស្វី​ស​) ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ភ្នំ​ព្រេច ផ្ដោត​ទៅ​លើ​ការ​ស្រាវជ្រាវ និង​តាមដាន​ជីវៈចម្រុះ ការ​កសាង​សមត្ថភាព​សម្រាប់​ការ​អនុវត្ត​ច្បាប់ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បរបាញ់​ខុសច្បាប់ ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ការ​កាប់​ឈើ​ខុសច្បាប់ ការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ខណៈ​យកចិត្តទុកដាក់​លើ​ការ​អភិវឌ្ឍ​របរ​ចិញ្ចឹមជីវិត​របស់​សហគមន៍​មូលដ្ឋាន និង​ការ​អនុវត្ត​កម្មវិធី​ផ្សេង​ៗ​ទៀត ដើម្បី​លើកទឹកចិត្ត និង​កៀរគរ​ការ​ចូលរួម​របស់​ប្រជាជន​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍន៍​ជីវភាព​ប្រកបដោយ​និរន្តរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ