ចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ-២ ការហាត់ប្រាណបន្ទាប់ពីអាហារពេលល្ងាចគឺផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សុខភាពរបស់ពួកគេ ដោយវានឹងជួយកាត់បន្ថយកម្រិតជាតិស្ករនិងខ្លាញ់ក្នុងឈាមយ៉ាងមានប្រសិទ្ធភាព ។ នេះជាការរកឃើញថ្មីរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Missouri ។
ការរកឃើញខាងដើមបានបង្ហាញថា បណ្តាបុគ្គលដែលជាអ្នកជំងឺទឹកនោមផ្អែមប្រភេទ-២អាចកាត់បន្ថយហានិភ័យកើតជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលបានកាន់តែមានប្រសិទ្ធភាពជាងមុន ដោយគ្រាន់តែទម្លាប់ធ្វើលំហាត់ប្រាណរាងកាយក្រោយពេលទទួលទានអាហារពេលល្ងាចរួច ។
ជាធម្មតា ការធ្វើលំហាត់ប្រាណគឺត្រូវបានផ្ដល់អនុសាសន៍ឱ្យបុគ្គលកើតជំងឺទឹកនោមផ្អែមប្រភេទ-២អនុវត្តជាប្រចាំ ប៉ុន្តែមានការសិក្សាស្រាវជ្រាវតិចតួចប៉ុណ្ណោះ ដែលបានពិនិត្យមើលពីអត្ថប្រយោជន៍នៃពេលវេលាហាត់ប្រាណក្រោយឬមុនអាហារពេលល្ងាច ។
Jill Kanaley សាស្ត្រាចារ្យនៅនាយកដ្ឋាន អាហារូបត្ថម្ភ និងសរីរវិទ្យាលំហាត់ប្រាណបាននិយាយថា ការសិក្សានេះបានបង្ហាញថា វាមិនមែនត្រឹមតែហាត់ប្រាណឱ្យច្រើននិងរាល់ថ្ងៃផ្តល់សារសំខាន់ជាងគេនោះទេ តែការកំណត់ពេលវេលាហាត់ក៏សំខាន់ខ្លាំងណាស់ដែរ ។ លទ្ធផលពីការសិក្សានេះបានបង្ហាញថា ការធ្វើលំហាត់ប្រាណបង្កើនកម្លាំងសាច់ដុំ(លើកដុំដែកខ្លី-វែង…)ក្រោយអាហារពេលល្ងាច មានប្រសិទ្ធភាពខ្លាំងបំផុតលើការកាត់បន្ថយជាតិស្ករនិងកម្រិតជាតិខ្លាញ់ក្នុងឈាម ។
អំឡុងការពិសោធ លោកស្រី Kanaley និងក្រុមការងាររបស់ខ្លួន បានពិនិត្យតាមដានលើបុគ្គលធាត់ៗដែលកើតជំងឺទឹកនោមផ្អែមួយចំនួន។ នៅក្នុងឱកាសមួយ អ្នកស្ម័គ្រចូលរួមការពិសោធទាំងនេះ ហាត់ប្រាណមុនពេលបរិភោគអាហារពេលល្ងាចខណៈអ្នកស្ម័គ្រពិសោធន៍ផ្សេងទៀត ហាត់ប្រាណរយៈពេល៤៥នាទីបន្ទាប់ពីបរិភោគអាហារពេលល្ងាចរួច ។ លទ្ធផលបង្ហាញថា អ្នកដែលបានធ្វើលំហាត់ប្រាណមុនពេលអាហារពេលល្ងាច គឺអាចកាត់បន្ថយបានតែកម្រិតជាតិស្ករក្នុងឈាម ។ ចំណែកឯអ្នកដែលបានហាត់ប្រាណបន្ទាប់ពីអាហារពេលល្ងាចរួច អាចកាត់បន្ថយបានទាំងជាតិស្ករនិងកម្រិតជាតិខ្លាញ់ ។
លោកស្រី Kanaley បាននិយាយថា ដោយដឹងថា ក្រោយអាហារពេលល្ងាចជាពេលវេលាដ៏ល្អបំផុតដើម្បីហាត់ប្រាណ វាគឺអាចផ្ដល់នូវចំណេះដឹងកាន់តែល្អប្រសើរស្តីពីការថែទាំសុខភាពសម្រាប់បុគ្គលទូទៅ ជាពិសេសអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ-២ ។
លោកស្រីបានកត់សម្គាល់ឃើញថា ភាពល្អប្រសើរកម្រិតជាតិស្ករនិងខ្លាញ់ក្នុងឈាមរបស់អ្នកជំងឺគឺមានរយៈពេលខ្លី ហើយមិនអាចបន្តទៅថ្ងៃស្អែកបានទេ ។ ដូចនេះ ការហាត់ប្រាណជាប្រចាំគឺជាគន្លឹះរក្សាបាននូវកម្រិតសុខភាពស្ថិតស្ថេរ ៕
ចែករំលែកព័តមាននេះ