ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកហិរញ្ញវត្ថុ ៖ បើមិនចង់មានសម្ពាធលុយកាក់កុំទិញផ្ទះបង់រំលស់ ១០០%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នការលក់ទិញផ្ទះមានលក្ខណ្ឌកាន់តែងាយស្រួល គ្មានលុយក៍អាចទិញផ្ទះបានដែរ ទិញបង់រំលស់ ១០០% ប៉ុន្តែប្រការនេះអ្នកជំនាញហិរញ្ញវត្ថុថា មិនល្អឡើយ ។ មិនចង់ឲ្យមានសំពាធហិរញ្ញវត្ថុ…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នការលក់ទិញផ្ទះមានលក្ខណ្ឌកាន់តែងាយស្រួល គ្មានលុយក៍អាចទិញផ្ទះបានដែរ ទិញបង់រំលស់ ១០០% ប៉ុន្តែប្រការនេះអ្នកជំនាញហិរញ្ញវត្ថុថា មិនល្អឡើយ ។ មិនចង់ឲ្យមានសំពាធហិរញ្ញវត្ថុ ឬបើមិនចង់ឲ្យមានបញ្ហាជីវភាពគ្រួសារ មុនទិញផ្ទះបង់រំលស់ ទោះមានលក្ខណងាយស្រួលអាចបង់រំលោះ ១០០% យ៉ាងក្តី យ៉ាងហោចណាស់គួរមានប្រាក់ដើម ៣០% សិនដែរទើបជាការល្អ ។

លោក ង៉ែត ជូ អ្នកប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ បានឆ្លើយទៅសំណួរជាញឹកញាប់ ដែលគេតែងតែលើកឡើងជាច្រើន ជាពិសេសគូស្រកវ័យក្មេងដែលទើបនឹងរៀបការរួចនោះថា តើខ្លួនគួរទិញផ្ទះបង់រំលស់ ឬទេ ? ហើយបើទិញបង់រំលស់ តើខ្លួនគួរមានលទ្ធភាពប៉ុនណា ? ។ ឆ្លើយសំណួរនេះលោក ង៉ែត ជូ បានលើកហេតុផល៣ចំណុចសម្រាប់ជាពិការពិចារណា ។

លោកថា ទី ១ គេគួរកុំចំណាយប្រាក់លើការបង់រំលស់ផ្ទះនោះឲ្យលើសពី ៣០% នៃចំណូលសរុបរបស់គ្រួសារនោះទេ ។ ឧទាហរណ៍ ប្រសិនបើពីរនាក់ប្តីប្រពន្ធរកបានចំណូល ១៥០០ ដុល្លាក្នុង ១ ខែ ការបង់រំលស់ផ្ទះទាំងប្រាក់ដើម និងការប្រាក់មិនគួរលើសពី ៤៥០ ដុល្លានោះទេ ។  គោលការណ៍ទី ២ ឬចំណុចទី ២ លោកថា បើទោះជាមានគម្រោងបុរីជាច្រើនមិនតម្រូវអោយមានបង់ប្រាក់ដំបូងក៏ដោយ (down payment requirement) គេគួរសន្សំប្រាក់អោយបាន ៣០% នៃតម្លៃផ្ទះជាមុនសិនមុននឹងសម្រេចចិត្តទិញផ្ទះ ។

អ្នកឯកទេសហិរញ្ញខាងលើ លើកជាឧទាហរណ៍ថា អ្នកទិញផ្ទះតម្លៃ ៦ ម៉ឺនដុល្លា អ្នកគួរសន្សំប្រាក់អោយបានយ៉ាងតិច ១៨០០០ ដុល្លាជាមុនសិន ។ ធ្វើដូច្នេះ ជួយអោយអ្នកមានលទ្ធភាពបង់រំលស់ទាំងប្រាក់ដើម និងការប្រាក់ប្រចាំខែក្នុងកំរិតទាបតាមគោលការណ៍ទី ១ ។ ម្យ៉ាងអ្នកអាចបង់រំលស់ផ្ទាល់ជាមួយធនាគារដែលជាទូទៅមានអត្រាការប្រាក់ទាបជាងអត្រាការប្រាក់បង់រំលស់ជាមួយម្ចាស់គម្រោង (ធនាគារគិតការប្រាក់ចន្លោះ ៧% ទៅ ៩% ក្នុង ១ ឆ្នាំ ។ រីឯម្ចាស់គម្រោង ឬបុរីគិតការប្រាក់ចន្លោះ ១០% ទៅ ១២% ក្នុង ១ ឆ្នាំ) ។ ម្យ៉ាងការបង់រំលស់ជាមួយធនាគារបានផ្តល់សុវត្ថិភាពបណ្ណ័កម្មសិទ្ធិខ្ពស់ជាងការបង់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង ។ 

ចំណែកគោលការណ៍ទី ៣ លោក ង៉ែត ជូ បញ្ជាក់ថា តម្លៃផ្ទះដែលអ្នកទិញសម្រាប់នៅមិនគួរមានតម្លៃលើសពី ៣ ដងនៃចំណូលសរុបប្រចាំឆ្នាំរបស់គ្រួសារអ្នកនោះទេ ។ ឧទាហរណ៍ គ្រួសារអ្នកមានចំណូល ១ ខែ ១៥០០ ដុល្លា ក្នុង ១ ឆ្នាំគ្រួសារអ្នកមានចំណូល ១៨០០០ ដុល្លា ។ ដូច្នេះផ្ទះដែលអ្នកទិញសម្រាប់រស់នៅមិនគួរមានតម្លៃលើសពី ៥៤០០០ ដុល្លានោះទេ (របៀបគណនា ៖ ១៨០០០ ដុល្លា គុណនឹង ៣) ។ 

ជាមួយការបង្ហាញគោលការណ៍ទំាងបីចំណុចខាងលើ លោក ង៉ែត ជូ ថែមទំាងបញ្ជាក់ដូច្នេះ “ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកគ្រាន់តែជាអ្នកធ្វើការធម្មតា (គ្មានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ) ខ្ញុំជូនជាយោបល់ថា អ្នកគួរប្រកាន់យកគោលការណ៍ទាំង ៣ ខាងលើដើម្បីកុំអោយមានសម្ពាធផ្នែកហិរញ្ញវត្ថុ និងអាចសន្សំប្រាក់បានខ្លះយកទៅចូលហ៊ុនវិនិយោគជាមួយអ្នកដទៃដើម្បីបានជាបទពិសោធន៍ ។ ផ្ទុយទៅវិញ ប្រសិនបើអ្នក និងដៃគូរបស់អ្នកជាមនុស្សមានទេពកោសល្យជាសហគ្រិន ឬជាអ្នកវិនិយោគ អ្នកគួរបង្កើតអាជីវកម្ម ឬវិនិយោគដើម្បីទទួលបានជាប្រាក់ចំណេញសិនមុននឹងសម្រេចចិត្តទិញផ្ទះនៅ” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ