បន្ទាប់ពីរៀបមង្គលការរួចហើយ បុរសស្ត្រីពីរនាក់បានក្លាយជាគ្រួសារមួយ ជាភរិយាស្វាមីដែលត្រូវគោរពគ្នាទៅវិញទៅមក ។ ការគោរពប្រតិបត្តិចំពោះគ្នានេះធ្វើឲ្យជីវិតគូស្នេហ៍មានសេចក្តីសុខទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត នេះជាសកម្មភាពមួយដ៏សំខាន់ដែលស្វាមីភរិយាទាំងឡាយគួរសិក្សាស្វែងឱ្យបានស៊ីជម្រៅ ។ ក្នុងគ្រួសារស្វាមីភរិយាដែលមិនយោគយល់គ្នា មិនយល់ចិត្តគ្នានឹងធ្វើឲ្យកើតមានការឈ្លោះប្រកែក បែកសំឡេងរហូតដល់ត្រូវលែងលះព្រាត់ប្រាសគ្នា ។

តាមពិតទៅក្នុងគ្រួសារគ្មានស្វាមី ភរិយាណាប្រាថ្នាចង់ជួបការបែកបាក់ប្រេះឆានោះឡើយ ដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីឲ្យជីវិតគ្រួសារមានសេចក្តីសុខ ពោរពេញទៅដោយភាពកក់ក្តៅនោះ ? វិធីដែលស្វាមី ភរិយាគប្បីប្រតិបត្តិចំពោះគ្នាមានដូចតទៅ៖
តួនាទីស្វាមីចំពោះភរិយាៈ ១-ការលើកតម្កើងតម្លៃជាភរិយាពិត ២- នាំទៅចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ ៣- លើតម្កើងភរិយាឲ្យពេញមុខ ដោយការណែនាំឲ្យទទួលភ្ញៀវ នាំទៅដើរកម្សាន្ត ៣- លើកតម្កើងការរស់នៅឲ្យស្មើភាពគ្នា ដូចជាបរិភោគរួមគ្នា អង្គុយស្មើគ្នា ដើរកៀកគ្នា ៤- មិនឲ្យភរិយាធ្វើការធ្ងន់ហួសកម្លាំង មានពេលរីករាយ និងឈប់សម្រាកខ្លះ ជួយភរិយាក្នុងកិច្ចការផ្ទះតាមសមគួរ ៥- ជួយភរិយាពេលចេញក្រៅផ្ទះ ដូចជាជួយកាន់របស់របរ ពរកូនជាដើម ។
៦- ប្រើពាក្យសម្ដីសរសើរ សាទរ និងអរគុណនូវកិច្ចការដែលភរិយាធ្វើឲ្យ ៧- លើកតម្កើងសេចក្តីល្អរបស់ភរិយាតាមកាលៈទេសៈ មិននិន្ទា ឬមាក់ងាយទោះជាប្រការណាក៏ដោយ ៨- និយាយលួងលោមពេលភរិយាមានអាសន្ន ៩- ផ្តល់ភាពកក់ក្តៅ និងចែករំលែកភារកិច្ចស្រាលធ្ងន់ និងមិនធ្វើឲ្យមានវិបត្តិផ្លូវចិត្ត ១០- គោរពក្នុងឋានៈជាភរិយា និងជាមិត្តរួមជីវិត ១១- ព្យាយាមស្ទាបស្ទង់ ឲ្យស្គាល់និស្ស័យចិត្តថ្លើមភរិយា ១២- សន្ទនាប្រាស្រ័យ និងពោលពីកិច្ចការរបស់ខ្លួនឲ្យស្តាប់តាមសមគួរ ១៣- ប្រឹក្សាណែនាំ និងផ្តល់យោបល់តាមសមគួរ ១៤- លះបង់ថ្ងៃទំនេរឲ្យទៅថ្ងៃរបស់គ្រួសារតាមសមគួរ ។

១៥-ការមិននិយាយមើលងាយ ១៦- មិនវាយដំ ឬធ្វើទារុណកម្មភរិយា ១៧- ប្រើពាក្យសំដីទន់ភ្លន់ជាមួយភរិយា ១៨- ប្រសិនបើភរិយាខុស ភ្លាត់ភ្លាំងដោយប្រការណា គួរណែនាំដាស់តឿនដោយទន់ភ្លន់ មិនប្រើវាចាអាសអាភាស ១៩- កាលបើដឹងខ្លួនខុសត្រូវទទួលខុស ២០- រាល់លើកដែលខ្លួនទទួលគុណបំណាច់ក្នុងអំពើល្អ គប្បីនឹកជានិច្ចថាភរិយាជាអ្នកមានចំណែកចូលរួមជាមួយផង ២១- មិនមាក់ងាយ មើលថោកមាតាបិតា ញាតិមិត្ត ឬអ្នករាប់អានរបស់ភរិយា ២២- មិនប្រៀបធៀបស្ត្រីដទៃ និងភរិយាខ្លួនក្នុងផ្លូវដែលនាំឲ្យកើតមានការអាក់អន់ចិត្ត ។

២៣- មិនយកចំណុខខ្សោយរបស់ភរិយា មកនិយាយនាំឲ្យខ្មាស់អៀន និងឈឺចាប់ក្នុងចិត្ត ២៤- ប្រកាន់នាទីជាស្វាមីដែលត្រូវដាស់តឿនសេចក្តីធ្វេសប្រហែសរបស់ភរិយាតាមកាលៈទេសៈ ២៥-ការមិនប្រព្រឹត្តរំលងចិត្ត ២៦- ស្មោះត្រង់នឹងគ្នាទៅវិញទៅមក ២៧- ត្រូវចងចាំជានិច្ចថាទ្រព្យសម្បត្តិដែលមាន ឬរកមកបានក៏ជាការរួមចំណែករបស់ភរិយាផងដែរ ២៨- គប្បីរំលឹកជាប់ជានិច្ចភរិយាជាភេទទន់ខ្សោយ ហើយទុក្ខរបស់ភរិយាក៏ជាទុក្ខរបស់ខ្លួនដែរ ២៩- រក្សាព្យាបាលភរិយាដោយប្រពៃពេលភរិយាមានជំងឺឈឺថ្កាត់ ៣០- មិនប្រព្រឹត្តអាក្រក់ ដូចជាលេងល្បែងស៊ីសង ជក់កញ្ឆា ស្រា អាភៀន ។
៣១-ការប្រគល់តួនាទីជាធំ ៣២- ទុកភរិយាជាអណាព្យាបាល មើលថែទាំទ្រព្យសម្បត្តិ និងកិច្ចការក្នុងផ្ទះសម្បែង ៣៣- ធ្វើចិត្តថ្លើមឲ្យធន់ មិនឆេវឆាវ និងអត់ឳនចំពោះកំហុសភ្លាត់ភ្លាំងរបស់ភរិយា ៣៤- ជួយការពារភរិយាគ្រប់ផ្លូវ ដើម្បីឲ្យចាកផុតពីការមាក់ងាយ ៣៥- ធ្វើខ្លួនឲ្យសមជាមេគ្រួសារ។
ចំណែកតួនាទីភរិយាចំពោះស្វាមី៖ ១-ការចាត់ការងារប្រពៃ ២- គោរពរាប់អានមាតាបិតា ញាតិមិត្តរបស់ស្វាមីឲ្យដូចញាតិមិត្តរបស់ខ្លួនឯង ៣- សង្គ្រោះមាតាបិតា ញាតិមិត្តរបស់ស្វាមីឲ្យសមទៅនឹងឋានៈតាមឱកាស ៤- សម្ដែងមេត្រី ចិត្តអាណិតអាសូរដល់ញាតិមិត្តរបស់ស្វាមីឲ្យដូចជារបស់ខ្លួនឯង ៥-សង្គ្រោះដល់អ្នកជិតខាងរបស់ស្វាមី ។

៦- យកចិត្តទុកដាក់ ទទួលរាក់ទាក់ ឱកាសទៅលេង ឲ្យដំណឹង ឬសាកសួរព័ត៌មាន សុខទុក្ខអ្នកជិតខាងរបស់ស្វាមីតាមកាលៈទេសៈ ៧- មិនប្រកាន់យករឿងឥតប្រយោជន៍ ឬពាក្យសំដីនិយាយមិនល្អ អ្នកដែលរាប់អានរបស់ស្វាមី ៨- ធ្វើចិត្តឲ្យធន់ ព្យាយាមអត់ឳនដល់មាតា បិតា ញាតិមិត្ត និងគោរពរាប់អានរបស់ស្វាមី ៩- មិនមាក់ងាយ មើលថោកមាតាបិតា ញាតិមិត្ត និងអ្នកជាទីគោរពរាប់អានរបស់ស្វាមី ទោះជាក្នុងប្រការណាក៏ដោយ ១០- ចរចាផ្អែមល្អែមទន់ភ្លន់ យកចិត្តយកថ្លើមប្រតិបត្តិស្វាមីឲ្យសមជាភរិយាដ៏ល្អ ។
១១-ការមិនប្រព្រឹត្តរំលងចិត្ត ១២- មានសេចក្តីស្មោះត្រង់ស្នេហា ស្វាមីភក្តិចំពោះស្វាមីដោយសេចក្តីគោរព ១៣- មិនបែកចិត្តទៅនិយមប្រុសដទៃ មិនប្រព្រឹត្តស្និទ្ធស្នាល ឬដើរលេងជាមួយប្រុសដទៃលើសការគួរ ១៤- ស្ទាបស្ទង់ ឲ្យស្គាល់និស្ស័យចិត្តថ្លើមរបស់ស្វាមី ១៥- ប្រកាន់នាទីជាភរិយា ដែលត្រូវឧស្សាព្យាយាម កែខៃសេចក្តីធ្វើប្រហែសឆ្គាំឆ្គងរបស់ស្វាមី ស្របតាមកាលៈទេសៈ ១៦- មិននាំរឿងប្រុសដទៃមកនិយាយ ឬសំដែងការពេញចិត្តនឹងប្រុសដទៃ ជាហេតុនាំឲ្យស្វាមី រង្គៀសចិត្ត ។

១៧- គិតដល់ជីវិត និងអនាគតកូនជាប់ជានិច្ច និងចាត់ទុកថាជាភារៈកិច្ចចំបងនៃគ្រួសារ ១៨- រំលឹកជាប់ជានិច្ចថា នឹងធ្វើខ្លួនឲ្យទៅជាភរិយាដ៏ល្អបំផុតរបស់ស្វាមី និងមាតាដ៏ល្អរបស់បុត្រា បុត្រី ១៩- លាក់អាថ៍កំបាំងរបស់ស្វាមី និងគ្រួសារមិនឲ្យលេចលឺទៅក្រៅផ្ទះ ២០- គិតជានិច្ចថា កិច្ចធុរៈរបស់ស្វាមីក៏ជារបស់ខ្លួនឯងដែរ ២១- ពេលដឹងថាខ្លួនបានប្រព្រឹត្តខុសហើយ គួរតែទទួលសារភាព និងសុំទោស ២២- មិននាំយករឿងដែលមិនសមគួរមកនិយាយឲ្យស្វាមី ឬគ្រួសារទទួលសេចក្តីក្តៅក្រហាយ ។
២៣-ការថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកមកឲ្យ ២៤- រក្សាទ្រព្យសម្បត្តិដែលមានឲ្យនៅគង់វង្ស ២៥- ហ្មត់ចត់ ចេះចាយក្នុងផ្លូវដែលញគួរចាយ មិនកំណាញ់ស្វិត ឬខ្ជះខ្ជាយជ្រុលហួស ២៦- មិនលេងល្បែងស៊ីសង ឬសេពគ្រឿងស្រវឹង ២៧- មិនលាក់ កិប ឬបិទបាំងស្វាមីក្នុងរឿងលុយកាក់ ២៨- សន្សែសន្សំទ្រព្យសម្បត្តិដែលរកបានដោយគន្លងធម៌ ឲ្យកើនទ្វេឡើងជាលំដាប់ ២៩- ព្យាយាមធ្វើខ្លួនជាអ្នកមានចិត្តថ្លើមធន់ និងទូលាយ ។
៣០-ការមិនខ្ជិលច្រអូសដោយប្រការទាំងពួង ៣១- គ្រប់គ្រង និងថែរក្សាផ្ទះសម្បែងឲ្យបានស្អាត មានរបៀបរៀបរយ ៣២- ប្រើពេលទំនេរឲ្យទៅជាប្រយោជន៍ ដោយជួសជុលរបស់ដែលខូច ឬផ្លាស់ប្តូរសភាពរបស់ ដែលខូចឲ្យបានជាប្រយោជន៍ទៀត ៣៣- មើលថែទាំប្រតិបត្តិស្វាមីដោយខ្លួនឯង ៣៤- យកចិត្តទុកដាក់មើលថែទាំរឿងហូបចុក រឿងរស់នៅ និងការសិក្សារបស់បុត្រធីតា ៣៥- យកចិត្តទុកដាក់មើលថែទាំសុខទុក្ខរបស់បុគ្គលដែលនៅក្នុងផ្ទះ ៣៦- ចេះបម្រុង រក្សាខ្លួនឯងឲ្យរឹងប៉ឹង ស្អាត និងស្រស់ញញឹមជាប់ជានិច្ច ៣៧- ធ្វើខ្លួនឲ្យស្អាតបាត រៀបរយជាប់ជានិច្ច ៣៨- មិនខ្ចិលច្រអូសក្នុងការស្វែងរកចំណេះដឹង ដូចជាអានសៀវភៅដែលជាប្រយោជន៍ ។

ការបំពេញតួនាទីបានល្អរបស់ស្វាមី និងភរិយា គឺជាចំណុចគន្លឹះក្នុងការកសាងជីវិតគ្រួសារពោរពេញដោយក្តីរីករាយ ភាពកក់ក្តៅ ការយល់ចិត្តថ្លើមគ្នា គ្មានហិង្សា និងសុភមង្គលមហាប្រសើរ ៕ សាន សារិន
ចែករំលែកព័តមាននេះ