សេន ប៊ុនថេន ប្រកាសសំណូមពរផ្ទុយពីការចង់បានរបស់អ្នកប្រដាល់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខុសពីកីឡាករប្រដាល់ភាគច្រើនដែលសំណូមសូមអោយគ្រូបង្វឹក ជាពិសេសគឺគណៈកម្មការប្រដាល់ជួយផ្គូរផ្គង
រាជធានីភ្នំពេញ ៖ ខុសពីកីឡាករប្រដាល់ភាគច្រើនដែលសំណូមសូមអោយគ្រូបង្វឹក ជាពិសេសគឺគណៈកម្មការប្រដាល់ជួយផ្គូរផ្គង
រាជធានីភ្នំពេញ ៖ ខុសពីកីឡាករប្រដាល់ភាគច្រើនដែលសំណូមសូមអោយគ្រូបង្វឹក ជាពិសេសគឺគណៈកម្មការប្រដាល់ជួយផ្គូរផ្គងអោយខ្លួនបានឡើងប្រកួតអោយបានញឹកញាប់ តែកីឡាករសេន ប៊ុនថេន បែរជាស្នើអោយអ្នកផ្គូរផ្គងទាំងនោះ រយាលឱកាសអោយកីឡាករល្បីៗប៉ះគ្នាទៅវិញ ។
ក្នុងកិច្ចសម្ភាសន៍មួយថ្មីៗជុំវិញការឡើងប្រកួតរបស់អ្នកប្រដាល់ថ្មីៗនេះ កីឡាករ សេន ប៊ុនថេន បានអះអាងថា ក្នុងនាមលោកគឺជាកីឡាករម្នាក់ លោកមិនចង់ឃើញកីឡាករល្អៗឡើងប្រកួតគ្នាញឹកញាប់នោះទេ។ លោកថា កីឡាករល្អយ៉ាងណាក៏ដោយ តែបើដាក់ប្រកួតញឹកពេក គឹពិតជាគ្មានក្បាច់ល្អចាក់គូប្រកួតនោះទេ ហើយអ្នកទស្សនាក៏មិនសូវផ្ដោតការចាប់អារម្មណ៍នោះដែរ។
លោកថា កីឡាករបើកាន់តែខានឡើងរេញ និងកាន់តែមានអ្វីថ្មី ហើយបច្ចេកទេសនៅក្នុងការប្រកួតរបស់កីឡាករទាំងនោះ ក៏ពិតជាមានស្នៀតចាក់ល្អ ដែលគូរប្រកួតពិបាកដឹងមុនផងដែរ។
លោកហៅការរយាលឡើងរេញរបស់កីឡាករល្អៗថា ជាការប្រមូលកម្លាំង សន្សំក្បាច់ និងទាក់ទាញអ្នកទស្សនាអោយចង់តាមដាន។ ជាក់ស្ដែង រូបលោកមិនដែលទទួលប្រកួតរៀងរាល់មួយខែម្ដង ឬមួយអាទិត្យម្ដងនោះទេ ដោយសារតែលោកយល់ថា ការប្រកួតញឹកញាប់បែបនេះ គឺសាច់នៅហើម ហើយសរសៃនៅស្ពឹក ដែលមិនអាចអោយលោក ឬកីឡាករទាំងឡាយប្រកួតល្អកើតឡើយ។
យ៉ាងណាមិញលោកថា ការរយាលឡើងរេញហើយល្អ ក៏ទាមទាអោយកីឡាករទាំងនោះហ្វឹកហាត់សន្សំកម្លាំងអោយជាប់លាប់ផងដែរ តែបើមិនសូវឡើងរេញ ហើយមិនសូវហ្វឹកហាត់ក៏កាន់តែមិនល្អផងដែរ។ ផ្ទុយពីការលើកឡើងរបស់លោក កីឡាករជាច្រើនផ្សេងទៀតបញ្ជាក់ថា ការលើកឡើងរបស់លោក សេន ប៊ុនថេន គឺសម្រាប់តែកីឡាករដែលប្រកួតបានតម្លៃខ្លួនខ្ពស់ប៉ុណ្ណោះ តែបើស្ថានភាពដូចកីឡាករប្រដាល់សព្វថ្ងៃគឺកីឡាករទាំងនោះនឹងដាច់បាយ ហើយក្លាយជាកីឡាករបាត់បង់សមត្ថភាពទៅវិញទេ។
កីឡាករ ម៉ន សាម៉េត ធ្លាប់បានលើកឡើងថា សម្រាប់រូបលោកគឺរស់នឹងការឡើងរេញ ហើយការហ្វឹកហាត់របស់កីឡាករក៏រមែងធ្វើឡើងដើម្បីតែត្រៀមឡើងរេញប៉ុណ្ណោះ ប្រសិនបើមិនមានការប្រដាល់លោកយល់ថា កីឡាករមិនច្រើនទេដែលហ្វឹកហាត់ជាប់លាប់ទាំងមិនដឹងថាខ្លួនត្រូវឡើងរេញពេលណា។ លោកនិយាយថា លោករាល់ថ្ងៃគឺបន់អោយតែគេដាក់អោយប្រកួតញឹកប៉ុណ្ណោះ ព្រោះបើទោះជាឈឺសាច់បន្តិចមែនតែបានដោះស្រាយជីវភាព។
មិនខុសគ្នាដែល កីឡាករ ឃីម បូរ៉ា ក៏ធ្លាប់លើកឡើងដែរថា សម្រាប់លោកបើការប្រដាល់ទទួលបានកម្រៃច្រើន លោកគាំទ្រអោយយូរៗប្រកួតម្ដង តែបើដូចរាល់ថ្ងៃខានប្រកួតយូរៗក៏មិនកើតនោះដែរ។ លោកថាកីឡាករខ្មែរគឺអាចនិយាយបានថាប្រកួតមួយពេលដោះស្រាយមួយគ្រា ហើយដោយសារតែកីឡាករអត់ល្បីខ្លះមិនសូវត្រូវបានគេផ្គូរផ្គងអោយឡើងរេញនឹងហើយ ទើបអ្នកខ្លះរកលុយមិនបាន ហើយធ្លាក់ខ្លួនទៅធ្វើការងារអស់ ដោយពេលឡើងប្រកួតម្ដងៗក៏បាក់កម្លាំងព្រោះតែដាច់ឆ្ងាយពីការឡើងរេញ។ លោកថារាល់ថ្ងៃកីឡាករល្បីៗមិនសូវបាត់មុខដោយសារតែឡើងប្រកួតម្ដងៗបានលុយច្រើនជាងមុន និង បានឡើងរេញញឹកញាប់ តែបើ៤-៥ខែមិនទាន់បានឡើងម្ដង ក៏ប្រាកដជាទៅប្រកបការងារផ្សេងដើម្បីដោះស្រាយ ហើយមិនសូវហ្វឹកហាត់ជាប់លាប់ជាក់ជាមិនខានទេ៕
ចែករំលែកព័តមាននេះ