ខេត្តសៀមរាប ៖ ដូចដែលគេហទំព័រកោះសន្តិភាពបានចេញផ្សាយមួយឈុតរួចមកហើយ ដែលបានដាក់ចំណងជើងថា (ឮសំឡេងផ្ទុះពេលភ្លៀងធ្លាក់មិនចាប់អារម្មណ៍ លុះរសៀលផ្អើលឃើញបុរសលើភ្លឺស្រែ) នោះ ទីបំផុតសំណុំរឿងនេះស្ទើរតែមិនបានមួយថ្ងៃផង សមត្ថកិច្ចនគរបាលជំនាញខេត្តសៀមរាប សហការជាមួយនគរបាលមូលដ្ឋាន បានធ្វើការវែកមុខជនដៃដល់ដែលជាឃាត.ករ និងជាម្ចាស់គ្រាប់បែកនោះបានហើយ ។
បើតាមសេចក្តីរាយការណ៍ក៏បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣១នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បានសហការជាមួយនគរបាលជំនាញខេត្តសៀមរាប ធ្វើការឃាត់ខ្លួនបុរសម្នាក់មានឈ្មោះ លន់ ជីន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀបរាប ដែលជាជនសង្ស័យក្នុងករណីប្រព្រឹត្តបទល្មើស «ឃាត.កម្មគិតទុកជាមុន (បង្កៃគ្រាប់បែក)» នៅចំណុចភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីកាលពីវេលាម៉ោងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បណ្ដាលស្លា.ប់បុរសម្នាក់ឈ្មោះ ឆាវ រ៉ាយ អាយុ៧៨ឆ្នាំ រស់នៅភូមិត្រាំកង់ ឃុំចន្លាស់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
អង្គហេតុនៃអំពើឃាត.កម្មនោះត្រូវបានគេដឹងថា កាលពីវេលាម៉ោង១១និង៣០ នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានទៅរាយការណ៍ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រណាល ថា គេបានឃើញមនុស្សម្នាក់ដេកស្លា.ប់នៅលើភ្លឺស្រែ ដោយខ្លួនប្រាណសាកស.ពមានរបួសស្នាម និងប្រឡាក់ជោកជាំដោយឈាម ហើយសង្ស័យថា ជាអំពើឃាត.កម្មដាក់គ្រាប់បែកបង្កៃព្រោះតែរឿងគំនុំ។
ក្រោយពេលទទួលបានព័ត៌មានដែលប្រជាពលរដ្ឋរាយការណ៍នោះភ្លាម លោកវរសេនីយ៍ត្រី ភួង ហាន ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រណាល បានដឹកនាំកម្លាំងចុះទៅពិនិត្យមើល ក៏ឃើញហេតុការណ៍យ៉ាងដូច្នោះមែន ទើបនាយនគរបាលប៉ុស្តិ៍បានរាយការណ៍ទៅថ្នាក់ស្រុក និងខេត្ត ដើម្បីជ្រាបលើករណីឃាត.កម្មនេះ ដែលបានកើតឡើងនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រង់ចំណុចវាលគោកយាង ព្រំប្រទល់ឃុំស្រណាល និងឃុំចន្លាស់ដៃ នោះ ។
បន្ទាប់មកសមត្ថកិច្ចបានបង្កើតគណៈកម្មការចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច្ច័យលើសាកស.ពជនរងគ្រោះ ហើយក៏បានរកឃើញនៅចំណុចផ្លូវរទះមានទឹកហូរ ជាកន្លែងជនរងគ្រោះដាក់គ្រាប់បែកជាប់ទ្រូ មានបន្សល់វត្ថុតាងដូចជា ៖ ស្លាបព្រា និងអំបែងគ្រាប់បែក បង្គោលឈើឬស្សីប៉ុនម្រាមដៃដោតជាប់នឹងដីចំនួន២ដើម កូនសរសៃខ្សែនីឡុងដាច់ជាកំណាត់ ដែលត្រូវបានជនឧក្រិដ្ឋយកទៅចងភ្ជាប់នឹងទ្រូរបស់ជនរងគ្រោះបង្កៃគ្រាប់បែក ។ ហើយស្លាកស្នាមរបួសនៅលើរាងកាយជនរងគ្រោះ មានស្នាមរបួសត្រង់បំពង់.ក ត្រង់ដៃខាងស្តាំ និងត្រង់ភ្លៅខាងស្តាំ ដែលរងរបួសដោយអំបែងគ្រាប់បែក ទើបបណ្តាលឲ្យជនរងគ្រោះស្លា.ប់នៅនឹងកន្លែងកើតហេតុ ។
តាមការបញ្ជាក់ពីមន្ត្រីនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក) និងកម្លាំងជំនាញនៃការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទះ បានឲ្យដឹងថា គ្រាប់បែកដែលជនសង្ស័យយកមកបង្កៃសម្លា.ប់ជនរងគ្រោះនោះ ឈ្មោះ RGD-5 ផលិតនៅប្រទេសសូវៀត ជាប្រភេទគ្រាប់សម្រាប់វាយលុកក្នុងសង្គ្រាម ដែលមានកំរិតផ្ទុះខ្លាំង ។
តាមការបំភ្លឺពីសាក្សីឈ្មោះ ហេម ភន់ ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ និងជាអ្នកដែលបានឃើញសាកស.ពមុនគេបញ្ជាក់ថា នៅវេលាម៉ោង៧ព្រឹក ខណៈពេលគាត់កំពុងនៅផ្ទះក៏បានឮសំឡេងផ្ទុះយ៉ាងខ្លាំងខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផងដែរ តែគាត់មិនបានចាប់អារម្មណ៍នោះទេ លុះដល់វេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃដដែលនោះ គាត់បានយកសំណាបស្រូវទៅជួសពង្រោះ ក៏បានប្រទះឃើញជនរងគ្រោះដេកស្លា.ប់នៅលើភ្លឺស្រែទៅហើយ ។ ពេលឃើញដូច្នោះ គាត់ក៏បានទៅរាយការណ៍ជូនលោកមេភូមិរំដេង ។ ពេលនោះគាត់បានបញ្ជាក់បន្ថែមថា ជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ដែលតែងតែយកទ្រូទៅដាក់នៅចំណុចកើតហេតុខាងលើ នារដូវភ្លៀវរយៈពេល៣ឆ្នាំមកហើយ ដោយពុំដែលមានទំនាស់ជាមួយបុគ្គលរូបណានោះទេ ។
ដោយឡែកសាច់ញាតិជនរងគ្រោះវិញបានឲ្យដឹងដែរថា កាលពីអំឡុងពេល២៥ឆ្នាំមុន ជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ត្រូវបានឈ្មោះ លន់ ជីន (ជនសង្ស័យជាម្ចាស់គ្រាប់បែក) ធ្វើសកម្មភាពលបបាញ់ដោយអាវុធ AK ស្វាយបត់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសម្តងរួចមកហើយ មូលហេតុគឺបានចោទប្រកាន់ថា ជនរងគ្រោះ (ឆាវ រ៉ាយ) ចេះធ្មប់ និងបានដាក់អំពើលើប្រពន្ធរបស់ខ្លួន បណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរ ។
តែបើតាមការស្តាប់ចម្លើយរបស់ឈ្មោះ លន់ ជីន ភេទប្រុស អាយុ៦៥ឆ្នាំ ដែលជាជនសង្ស័យ (ម្ចាស់គ្រាប់បែក) បានឆ្លើយនៅចំពោះមុខសមត្ថកិច្ចថា កាលពី២៥ឆ្នាំមុខ ប្រពន្ធរបស់ខ្លួនឈ្មោះ ហួក រ៉ាប បានធ្លាក់ខ្លួនឈឺដេកនៅនឹងកន្ទេលហូបមិនបាន និយាយមិនបាន ក៏បានហៅគ្រូខ្មែរឲ្យទស្សទាយមើល ដែលគ្រូអូមអាមនោះមានឈ្មោះ ភិន ខុម ។ លុះពេលមើលទៅប្រពន្ធខ្លួនបានស្រែកថា «ពួកឯងស្គាល់អញទេ អញគឺអារ៉ាយ (ជនរងគ្រោះ)» ហើយគ្រូខ្មែរនោះសួរបន្តថា «ឯងខឹងគេរឿងអី» ប្រពន្ធខ្លួនជាអ្នកជំងឺតបវិញថា «អញខឹង២នាក់ប្តីប្រពន្ធឯង មិនជួយទិញអុសអញ» បន្ទាប់មកគ្រូខ្មែរនោះក៏បានស្តោះផ្លុំ សូត្រមន្តអាគម និងស្រោចទឹកប្រពន្ធខ្លួនក៏បានធូរស្បើយឡើងវិញ ។
ជនសង្ស័យបានសារភាពទៀតថា នៅថ្ងៃបន្ទាប់ខ្លួនបានផឹកស្រាវឹង លុះយប់បន្តិចក៏បានទៅលួចយកកាំភ្លើង AK ស្វ័យបត់ពីផ្ទះរបស់ឈ្មោះ វឿន (ជាយោធា) រស់នៅភូមិជាមួយគ្នា រួចដើរសំដៅទៅផ្ទះរបស់ឈ្មោះ ឆាវ រ៉ាយ ក៏ឃើញគេកំពុងអង្គុយវេញខ្សែគោមុខផ្ទះ ក៏បាញ់សំដៅទៅលើគេ១គ្រាប់ បណ្តាលឲ្យឈ្មោះ ឆាវ រ៉ាយ រងរបួស ។ ក្រោយពេលបាញ់ជនរងគ្រោះរួច ខ្លួនបានរត់ទៅស្រុកបន្ទាយឆ្មា ខេត្តបន្ទាយមានជ័យ រយៈពេលប្រហែលកន្លះខែ ទើបចរចាបង់សំណងឲ្យជនរងគ្រោះចំនួន ២ ៥០០ បាតប្រាក់ថៃ ដោយមានការចូលរួមពីមេភូមិ និងមេឃុំ ក្នុងនោះក៏បានធ្វើកិច្ចសន្យាថា «បើខ្លួនមានគ្រោះថ្នាក់នៅថ្ងៃក្រោយ គឺឈ្មោះ ឆាវ រ៉ាយ ជាអ្នកទទួលខុសត្រូវ តែបើឈ្មោះ ឆាវ រ៉ាយ មានគ្រោះថ្នាក់ គឺរូបខ្លួនជាអ្នកទទួលខុសត្រូវ»។
ជនសង្ស័យបន្តទៀតថា ក្រោយពេលសម្របសម្រួលចប់ ខ្លួននិងប្រពន្ធបានទៅធ្វើកម្មករនៅប្រទេសថៃជាច្រើនឆ្នាំ ទើបតែនៅអំឡុងឆ្នាំ២០១៦ ក៏បាននាំគ្នាមករស់នៅក្នុងស្រុកភូមិវិញ ហើយនៅឆ្នាំ២០១៩ ប្រពន្ធគាត់ធ្លាក់ខ្លួនឈឺម្តងទៀត ដោយមានស្ថានភាពហើមដៃជើង និងហើមប៉ោងពោះ ដោយគ្រូពេទ្យថា «គាត់មានជំងឺពុកឆ្អឹង» ចំណែកគ្រូខ្មែរថា «ត្រូវអំពើគេ» ។ ជាក់ស្តែងនោះចូលដល់ឆ្នាំ២០២១ នេះ ប្រពន្ធគាត់ឈឺរហូតដើរលេងកើត ចុះពីលើផ្ទះមិនរួច ខ្លួនត្រូវនៅមើលថែជាប្រចាំ ។
គួរបញ្ជាក់ថា ជនសង្ស័យឆ្លើយសារភាពដំណើរដើមទងយ៉ាងក្បោះក្បាយបានប៉ុណ្ណឹង ប៉ុន្តែពាក់ព័ន្ធនឹងករណីបង្កៃគ្រាប់បែកសម្លា.ប់ជនរងគ្រោះ គេមិនទទួលស្គាល់ឡើយ ។ តែទោះជាមិនព្រមឆ្លើយសារភាពថាខ្លួនជាអ្នកធ្វើសកម្មភាពបង្កៃគ្រាប់បែក បណ្តាលឲ្យផ្ទុះស្លា.ប់ជនរងគ្រោះយ៉ាងណាក្តី ក៏ជនសង្ស័យឈ្មោះ លន់ ជីន រូបនេះ បានទទូចសុំផ្តល់សំណងឲ្យទៅសាច់ញាតិជនរងគ្រោះចំនួន ២៥០០ ដុល្លារអាមេរិក ដើម្បីបញ្ចប់រឿង ។
នៅត្រង់ចំណុចនេះ បានធ្វើឲ្យសមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះ ដាក់ការសង្ស័យទៅលើឈ្មោះ លន់ ជីន ជាម្ចាស់គ្រាប់បែកដាក់ជាប់ទ្រូសម្លា.ប់បុរសវ័យចំណាស់ បណ្តាលឲ្យស្លា.ប់នៅលើភ្លឺស្រែនោះ ។ ក្រោយមកជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ