ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី ណុប ផល្លី តស៊ូពីអ្នករត់តុគុយទាវក្លាយជាម្ចាស់អាជីវកម្មលើចិញ្ចើមផ្លូវក្នុងទីក្រុង

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្បែររបងសាលារៀនផ្សារដើមថ្កូវមានការលក់ដូរហូរហែ ជាអាហារសម្បន់ ជាបង្អែម ភេជ្ជៈសម្រាប់សិស្សានុសិស្ស និងអ្នកធ្វើដំណើរ ។ នៅក្នុងចំណោមអ្នកលក់ទំាងនោះ មានអ្នកស្រី…

រាជធានីភ្នំពេញ ៖ នៅក្បែររបងសាលារៀនផ្សារដើមថ្កូវមានការលក់ដូរហូរហែ ជាអាហារសម្បន់ ជាបង្អែម ភេជ្ជៈសម្រាប់សិស្សានុសិស្ស និងអ្នកធ្វើដំណើរ ។ នៅក្នុងចំណោមអ្នកលក់ទំាងនោះ មានអ្នកស្រី ណុប ផល្លី ម្នាក់ដែរ ។ ស្រ្តីរូបនេះបានច្នៃម៉ូតូសម្រាប់ដើរលក់នំបុ័ងទួគីចល័ត ហើយជាប្រចំាគាត់មកចំណតឈប់លក់នៅទីនេះ ។ អ្នកស្រីបានចាប់មុខរបរនេះអស់រយៈពេលជាង ៣ ឆ្នាំមកហើយកាលដើមឡើយគាត់ជាអ្នករត់តុគុយទាវឲ្យគេម្នាក់ នៅហាងមួយនៅម្តុំផ្សារចាស់ ។

Picture

«ធ្វើការឲ្យគេពិសេសការងារតូចតាចដូចជាខ្ញុំនេះ មិនស្រួលនោះទេ រីឯប្រាក់ខែបើកមកឲ្យតែថ្លៃឈ្នួលផ្ទះ និងការហូបប្រចាំថ្ងៃមិនគ្រប់គ្រាន់ឡើយ ខែខ្លះរកលុយផ្ញើទៅឲ្យកូននៅឯផ្ទះស្ទើរមិនបានផង ។ ថ្ងៃមួយខ្ញុំបានជួបមិត្តភ័ក្តិដែលនៅស្រុកជាមួយគ្នាគេប្រកបមុខរបរលក់នំបុ័ងទួគីចល័តតាមម៉ូតូ ។ ខ្ញំសូមគាត់បង្រៀនធ្វើនំនេះ ហើយគាត់បង្រៀនខ្ញុំរហូតចេះ ទើបខ្ញុំសម្រេចរករបរនេះឈប់ធ្វើការឲ្យគេ» អ្នកស្រី ណុប ផល្លី បានរៀបរាប់ឲ្យដឹង ។

នំបុ័ងទួគី ជាអាហារបែបពួកបច្ចឹមប្រទេស បានក្លាយជាចំណី អាហារសម្រប់ពេញនិយមមួយសម្រាប់ក្មេងៗនាពេលបច្ចុប្បន្ន ។ អ្នកប្រកបរបរនេះឃើញមានរទេះ ឬធុងតូចៗលក់តាមចិញ្ចើមផ្លូវ មុខសាលារៀន ទីប្រជុំនានា ។ របរលក់នំបុ័ងទួគី បានក្លាយជាអាជីវកម្មក្រៅប្រព័ន្ធសេដ្ឋកិច្ចសម្រាប់ទ្រទ្រង់ជីវភាពពលរដ្ឋ ។

អ្នកស្រី ណុប ផល្លី ថាដើម្បីបង្កើតមុខរបរនេះបាន គាត់បានសន្សំលុយទិញម៉ូតូ មកកែឆ្នៃដាក់សម្ភារៈចម្អិននិងដើរនំបុ័ងទួគី ដែលសរុបជារួមប្រមាណ ជាង ២០០០ ដុល្លារ ។ «ខ្ញុំសាកល្បងថ្ងៃដំបូងលក់នំបានជាង ១០០ នំមួយថ្លៃ ៣៥០០ រៀល ។ ថ្ងៃដំបូងខ្ញុំលក់ដាច់អស់ ធ្វើឲ្យខ្ញុំមានសង្ឃឹមនឹងបានព្យាយាមលក់វារហូតមក» គាត់និយាយទំាងទឹកមុខរីករាយ ។

Picture

ជាមួយក្តីរីករាយ ភ្នែកសំឡឹងទៅលើគ្រឿងផ្សំសម្រាប់ផលិតនំ នៅលើម៉ូតូរបស់ខ្លួន អ្នកស្រីរៀបរាប់ជាមួយទឹកមុខរីករាយថា ការប្រកបរបរនេះប្រមាណ ២ ឆ្នាំ គាត់បានខិតខំត្បិតត្អៀតចាយវាយខ្លំាងណាស់ គ្រាន់បានផ្ញើប្រាក់ឲ្យកូន និងប្តីនៅស្រុក ដែលបច្ចុប្បន្ននេះគ្រួសារគាត់ បានសង់ផ្ទះស្នាក់នៅសមរម្យ និងបានទិញដីស្រែ ដែលគ្រួសារគាត់បានលក់កាលពីមុន មកវិញ សម្រាប់ទុកធ្វើស្រែចិញ្ចឹមជីវិតទៅទៀត ។

ជាមួយក្តីរីករាយនេះ និយាយមកដល់ការចិញ្ចឹមជីវិតបន្តទៀតនេះ អ្នកស្រី ផល្លា បានដកដង្ហើមធំ បន្តិចមុខនិយាយបន្តទៀតថា «អស់រយៈពេលជាងពីរឆ្នាំកន្លងមកនេះបន្ទាប់ផ្ទុះជំងឺកូវីដ ១៩ ចុងឆ្នាំ ២០១៩ បានធ្វើឲ្យប៉ះពាល់ដល់ការលក់ដូររបស់ខ្ញុំជាខ្លាំង ។ សាលារៀនបានបិទក្នុងរយៈពេលយូរ ខ្ញុំក៍មិនអាចលក់ដូរកើតនៅពេលគ្មានសិស្សចេញមករៀននោះ» ។  

Picture

អ្នកស្រី ផល្លី បានបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះសាលារៀនត្រូវបាបបើកឲ្យរៀនឡើងវិញមែន ប៉ុន្តែនៅក្នុងក្នុងបរិបទគ្រប់គ្នាមានការប្រុងប្រយ័ត្នការពារ កូវីដ ១៩ នោះ ការលក់ដូររបស់អ្នកស្រីមិនទាន់មានលក្ខណៈល្អប្រសើរដូចដើមវិញទេ ។

តាមរយៈការចុះសម្ភាសជាមួយពលរដ្ឋដែលមានរបរតូចតាចតាមចិញ្ចើមផ្លូវជាច្រើន ពួកគាត់បានបង្ហាញក្តីសប្បាយរីករាយជាការបើកសាលារៀនឡើងវិញ ។ បើកសាលារៀនឡើងដែលមិនត្រឹមផ្តល់ឱកាសពិសេសដល់ការសិក្សារបស់សិស្សានុសិស្សនោះទេ តែមានរបរជាច្រើន ដែលពឹងលើការចាយវាយរបស់ក្មេងៗ ក៍បានដំណើរឡើងវិញផងដែរ ៕