ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនីខ្ចីលុយធនាគារមកពង្រីកមុខរបរជោគជ័យ ប្រាប់ពីគន្លឹះប្រើឥណទាន

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្នុងវ័យ ៤២ ឆ្នាំ អ្នកស្រី សុខន រស់នៅក្នុងខេត្តកំពង់ស្ពឺជាប់ព្រំប្រទល់ខេត្តតាកែវ ជារៀងរាល់ថ្ងៃគាត់ត្រូវឡើងទៅធ្វើការនៅរោងចក្រកាត់ដេរក្នុងខេត្តតាកែវ ចំណែកស្វាមីរបស់គាត់ប្រកបជំនួញគោ…

ខេត្តកំពង់ស្ពឺ ៖ ក្នុងវ័យ ៤២ ឆ្នាំ អ្នកស្រី សុខន រស់នៅក្នុងខេត្តកំពង់ស្ពឺជាប់ព្រំប្រទល់ខេត្តតាកែវ ជារៀងរាល់ថ្ងៃគាត់ត្រូវឡើងទៅធ្វើការនៅរោងចក្រកាត់ដេរក្នុងខេត្តតាកែវ ចំណែកស្វាមីរបស់គាត់ប្រកបជំនួញគោ ចិញ្ចឹមជ្រូក ដែលបានដើមទុនពីកម្ចីធនាគារ ។ គ្រួសារអ្នកស្រី សុខន ត្រូវបានអ្នកស្រុកចាត់ទុកថា ជាគ្រួសារមួយដែលមានការរីកចម្រើន ប្តីប្រពន្ធខំរកស៊ីធ្វើការទំាងព្រម ។ «ចង់រកស៊ី ត្រូវតែហ៊ានចំណាយ ហើយក្នុងការប្រកបមុខរបរអ្វីក៏ដោយ ក៏ទាមទារឱ្យមានដើមទុន និងមានចំណេះដឹងគ្រប់គ្រាន់ផងដែរ​ ទើបអាចដំណើរការទៅមុខបាន» ។

Picture

ឈរលើទស្សនៈខាងលើនេះ កាលពី ១០ ឆ្នាំមុន អ្នកស្រី សុខន និងស្វាមី បានសម្រេចចិត្តទៅខ្ចីប្រាក់ពីធនាគារ ដើម្បីជាដើមទុនបន្ថែមមកពង្រីកមុខរបររបស់ខ្លួន ។ ជាលទ្ធផល ហាក់ទទួលផលល្អប្រសើរ ជីវភាពកាន់តែល្អប្រសើរជាងមុន ។ អ្នកស្រីបានរៀបរាប់ទាំងទឹកមុខញញឹមថា «គ្រួសារខ្ញុំបានសម្រេចចិត្តទៅខ្ចីលុយពីធនាគារដំបូង គឺដោយសសារតែពេលនោះមិនមានដើមទុនគ្រប់គ្រាន់ក្នុងការរកស៊ី គឺជួញដូរគោ ព្រមទាំងផលិតស្រាស និងចិញ្ចឹមជ្រូក ។ ក្រោយពីបានខ្ចីប្រាក់មកពង្រីកមុខរបររួចមក ហាក់ទទួលបានការរីកចម្រើនកាក់កបជាងមុន» ។

ទោះបីនៅជនបទ គ្រួសារអ្នកស្រី សុខន បានលទ្ធភាពសង់ផ្ទះថ្មី និងទិញសម្ភារទំនើបសម្រាប់ប្រើប្រាស់ មានរថយន្ត និងមានម៉ូតូជាមធ្យោបាយធ្វើដំណើរផង ។ ស្រ្តីវ័យ ៤២ ឆ្នាំ ដែលមានទីលំនៅនៅខេត្តកំពង់ស្ពឺ រូបនេះបន្តថា មុននឹងខ្ចីលុយធនាគារត្រូវតែមានគោលដៅឱ្យច្បាស់ថា យកមករកស៊ី ហើយត្រូវខិតខំប្រឹងប្រែងផង ទើបទទួលបានការរីកចម្រើន បើមិនអ៊ីចឹងទេ ច្បាស់ជាកាន់តែជំពាក់គេលង់ខ្លួនថែមមិនខាន ។

Picture

 «បើខ្ចីគេយកមករកស៊ីពិតប្រាកដ ហើយមានការខំប្រឹង វាច្បាស់ជារីកចម្រើនហើយ កុំឱ្យតែខ្ចីលុយគេមកដើរហ៊ឺហារ លេងល្បែង មិនខំរកនោះ អាហ្នឹងវាច្បាស់ជាវ័នកហើយ» ។ អ្នកស្រី សុខន បានឱ្យដឹងទៀតថា ធនាគារគឺជាផ្នែកមួយ ដែលជួយជម្រុញឱ្យជីវភាពរបស់គាត់មានការរីកចម្រើនដោយ សារតែវាបានផ្តល់ដើមទន់រកស៊ីដល់ខ្លួន ។ អ្នកស្រីបានធ្វើការខ្ចីប្រាក់ពីធនាគារច្រើនលើកមកហើយ ដោយខ្ចីម្តងៗ គឺក្នុងរង្វង់ ១ ម៉ឺនដុល្លារ ព្រោះការរកស៊ីតែងតែត្រូវការលុយជាបន្តបន្ទាប់ ហើយសព្វថ្ងៃអ្នកស្រីក៏នៅតែបន្តប្រើប្រាស់សេវាកម្មពីធនាគារមួយក្នុងស្រុកផងដែរ ដោយធ្វើការបង់ប្រាក់ចំនួន ពី ៣០០ ដុល្លារ ទៅ ៤០០ ដុល្លាររៀងរាល់ខែ ។

សព្វថ្ងៃអ្នកស្រី សុខន ប្រកបការងារជាកម្មករនៅរោងចក្រមួយកន្លែងក្នុងខេត្តតាកែវ ដោយឡែកការរកស៊ី គឺនៅតែបន្តដដែល ដោយស្វាមីអ្នកស្រីតែងតែដើររកទិញគោ និងលក់បន្តឱ្យម៉ូយ ក្នុងមួយសប្តាហ៍អាចលក់គោបានចំនួន ១០ ក្បាល បើគិតជាប្រាក់ចំណេញគឺពី ៥០ ម៉ឺនរៀល ទៅ ៦០ ម៉ឺនរៀល ។ ចំណែក​​ឯរបរផលិតស្រា និងចិញ្ចឹមជ្រូកវិញ គឺអ្នកស្រីជួយមុនពេលទៅធ្វើការ និងបន្ទាប់ពីខ្លួនចេញពីធ្វើការ ។

Picture

ប្រភពពីសមាគមហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថានៅឆមាសទី ១ ឆ្នាំ ២០២១ នេះ ចំនួនប្រាក់ឥណទានផ្តល់ឱ្យពលរដ្ឋខ្ចីមានជាង ៧.៦០០ លានដុល្លារ ដែលមានពលរដ្ឋ ប្រមាណ ១,៩៧ លាននាក់ ជាអ្នកខ្ចី ។ ចំនួននេះមានការកើនឡើងតិចតួចបើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០ ។នៅក្នុងពេលកូវីដ ១៩ នេះ ទំាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញដល់ពលរដ្ឋចំនួន ៣៦៧ ២៣៩ គណនី និងក្នុងទឹកប្រាក់ជាង ៥,៥ ប៊ីលានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា កាលពីខែកន្លងទៅ ៕ ដោយ ៖ លាក់ សារ៉ាយ

Picture