ខេត្តមណ្ឌលគិរី ៖ កម្មករបម្រើការងារនៅក្រុមហ៊ុនចំការម្រេច ឈ្មោះ វែលបាយអូ ចំនួន១០នាក់បានឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធព្រឹត្តិការ២០កុម្ភៈ ក្រោយយកសំណាកធ្វើតេស្ត កាលពីថ្ងៃទី១៧ កញ្ញា ២០២១ ។

លោក ណយ ច័ន្ទដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រុមការងារជំនាញសហការជាមួយគ្រូពេទ្យបានចុះយកសំណាក កម្មករនិយោជិតនៅក្រុមហ៊ុន វែលបាយអូ នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ដោយយកសំណាកសរុបចំនួន៥៩នាក់ ស្រី២០នាក់ រកឃើញវិជ្ជមានចំនួន១០នាក់ ស្រីម្នាក់ ។

លោកប្រធានមន្ទីរការងារបន្តថា អ្នកវិជ្ជមាន និងអ្នកប៉ះពាល់ផ្ទាល់ ប៉ះពាល់ប្រយោលដែលជាកម្មករនិយោជិកក្នុងក្រុមហ៊ុន វែលបាយអូ ទាំងអស់ក្រុមហ៊ុនបានទទួលខុសត្រូវដោយកម្មករសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលក្រុងសែនមនោរម្យ ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភ១០០%នៃប្រាក់ឈ្មួលមូលដ្ឋានទៅតាមចំនួនថ្ងៃនៃការព្យាបាលរហូតដល់ជាសះស្បើយ ។

ហើយនៅពេលជាសះស្បើយពីជំងឺកូវីដ១៩ ក្រុមហ៊ុនបន្ថែមផ្តល់ប្រាក់ឈ្មួលមូលដ្ឋានចំនួន៧០% អំឡុងពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ។
ចំណែកកម្មករនិយោជិកដែលប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន៤៩នាក់ ត្រូវធ្វើចត្តាឡីស័កក្នុងអំឡុងពេលបិទខ្ទប់ដែលស្នាក់នៅដាច់ដោយឡែក ក្រុមហ៊ុនផ្តល់អត្ថប្រយោជន៍សម្រាប់ពួកគាត់ដោយផ្តល់ប្រាក់ឈ្មួលមូលដ្ឋានចំនួន៧០% ។
គិតត្រឹមថ្ងៃទី១៨ កញ្ញា ២០២១ ខេត្តមណ្ឌលគិរី មានអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន១២៨៧ករណី ក្នុងនោះប្រភេទបប្លែងថ្មីចំនួន ៥១ករណី ៕
ចែករំលែកព័តមាននេះ