ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឆ្លើយ​តប​រឿង​មន្ត្រី​ចុះ​ចាប់​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​កាប់​ពពែ យក​សាច់

4 អាទិត្យ មុន

ខេត្តកណ្តាល ៖ ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា មាន​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០២១…

ខេត្តកណ្តាល ៖ ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា មាន​ប្រតិកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ រឿង​មន្ត្រី​ថ្នាក់​ក្រោម ចុះ​ចាប់​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​អោយ​សម្លាប់​ពពែ យក​សាច់​នោះ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឆ្លើយ​តប​តាម​រយៈ​ការ​ខ​មិន​ យ៉ាងដូច្នេះ​ថា «​ការ​ចិញ្ចឹមសត្វ និង​ការ​សម្លាប់សត្វ​ក្នុង​គោលបំណង ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ គឺ​ពុំ​មានទោស​ទណ្ឌ និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នោះ​ទេ ហើយ​ក៏​គ្មាន​ជាប់​ពាក់ព័ន្ធ​ទៅ​ការ​ប្រព្រឹត្ត​បទល្មើស​អ្វី​ដែរ លើកលែងតែ​ការ​សម្លាប់សត្វ​ក្នុង​គោលបំណង​ធ្វើ​អា​ជី​កម្ម​តែ​ប៉ុណ្ណោះ​» ។

ឯកឧត្តម វេ​ង សា​ខុន បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ ទៀត​ថា ដោយឡែក ទាក់ទង​ទៅ​នឹង​បញ្ហា​ខាងលើ សង្ឃឹមថា អាជ្ញាធរ​មូលដ្ឋាន ខេត្តកណ្តាល ដែល​បាន​ធ្វើការ​កិច្ចការ​នេះ​ផ្ទាល់​ នឹង​ផ្តល់​ជូន​របាយការណ៍​លម្អិត ជូន​សម្តេច​តេ​ជោ ឲ្យ​បាន​ជ្រាប​ដ៏​ខ្ពង់ខ្ពស់​បន្ថែម ។

សូម​ជម្រាប​ឡើង​វិញ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទ​ជា​សំនួ​រថា តើ​មន្ត្រី​យើង​ធ្វើ​ដល់​ថ្នាក់​នេះ​ជាមួយ​ប្រជាជន​មែន​ទេ ? រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​អភិបាលខេត្ត​ដឹង​រឿង​នេះ​ឬទេ ? តើ​រាជរដ្ឋាភិបាល​មាន​ដែល​ហាមឃាត់​ប្រជាជន​មិន​អោយ​សម្លាប់​ពពែ​យក​សាច់​ជា​អាហារ​ពី​ពេល​ណា​មក ទើប​បានជា​មន្ត្រី​យើង​ធ្វើ​មក​លើ​ប្រជាជន​បែប​នេះ ?

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ថា យើង​លើកទឹកចិត្ត​អោយ​ប្រជាជន​ចិញ្ចឹមសត្វ មិនមែន​ទុក​សម្រាប់​ទុក​តាំង​ពិ​ពរ​ណ៍​ទេ គឺ​សម្រាប់​ជា​ចំណីអាហារ ។ ហេតុ​អី​បាន​ប្រជាជន​ចិញ្ចឹមសត្វ គ្មាន​សិទ្ធិ​សម្លាប់សត្វ​យក​សាច់​ទទួលទាន ហើយ​តម្រូវ​ឲ្យ​សុំ​ច្បាប់ ។ បើ​មាន​ក្នុង​ច្បាប់ គឺ​ត្រូវធ្វើ​វិសោធនកម្ម​ច្បាប់ ។

យ៉ាងណា​សម្តេច​តេ​ជោ ហ៊ុន សែន មិនដឹង​ថា រូបភាព​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ​នេះ កើត​នៅ​ក្នុង​ខេត្ត​ណា​ទេ ។ ប៉ុន្តែ សុំ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិបាលខេត្ត ស្រាវជ្រាវ​ហើយ​ចូល​មក​បំភ្លឺ​អោយ​ខ្ញុំ​តាម​ហ្វេ​ស​បុក​នេះ ដើម្បី​អោយ​ប្រជាជន​បានដឹង​ជា​ទូទៅ ។

សម្តេច​តេ​ជោ ហ៊ុន សែន មានការ​ហួសចិត្ត និង​អាណិត​ប្រជាជន​ជាទី​គោរព​ស្រលាញ់​របស់​សម្តេច ៕

Picture
Picture