ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុបានកំពុងតែផ្លាស់ប្តូរមុខមាត់ថ្មី ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ឥរិយាបទ ក្នុងប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកត្តាដ៏សំខាន់មួយ ដើម្បីបន្សុីគ្នាស័ក្តិសមជាពលរដ្ឋគំរូ ស្ថាប័នគំរូ ក្នុងទីក្រុងស៊ីវិល័យ ស្រស់ស្អាត និងជាទីក្រុងសេដ្ឋកិច្ចពហុបំណង ទីក្រុងឆ្លាត នៃខេត្តព្រះសីហនុ (ក្រុងកំពង់សោម ) ។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២១ និងពិធីសម្ពោធសួនជីវចម្រុះ«សួនព្រឹទ្ធាចារ្យជុំហ៊ល» និងសួនអំណាន«ព្រឹទ្ធាចារ្យលឹមណៃ» នៅទីតាំងវិទ្យាល័យ ហ៊ុនសែន មិត្តភាពខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១ ។

លោករដ្ឋមន្ត្រីបានបន្តថា ក្រោមម្លប់និងផ្លែផ្កានៃសុខសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខិតខំរកបានដោយកំរបានអនុញ្ញាតឲ្យជីវភាពប្រជាជនយើងកាន់តែរីកចំរើន ការគិតគូរពីគុណភាព ជីវិតកាន់តែប្រសើរជាងមុន សេចក្តីត្រូវការ និងចង់បានបរិស្ថានស្អាត និងបៃតង ដែលផ្តល់ឱកាសដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធបំពេញនូវបំណងប្រាថ្នាដ៏ពិសិដ្ឋនេះ តាមរយៈការលើកកម្ពស់តួនាទីភារកិច្ចនិងការផ្ទេរអំណាចទៅកាន់ថ្នាក់ក្រោមជាតិ បំរើជូនប្រជាពលរដ្ឋកាន់តែរហ័សជាងមុន ល្អជាងមុន ស្របតាមតំរូវការជាក់សែ្តង ការធ្វើប្រតិភូកម្ម ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនការការពារធនធានធម្មជាតិ ការអប់រំបរិស្ថាន ការវាយតម្លៃគុណវុឌ្ឍិនីតិបុគ្គល ឬរូបវន្តក្នុងប្រតិបត្តិមេត្រីភាពល្អ ជាពិសេសការបញ្ចូលកិច្ចការងារបរិស្ថានជាចំណុចទី៦នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ជ័យលាភីមាសនេះជាមោទនភាព និងសបញ្ជាក់ជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត បុគ្គលិកអប់រំសិក្សា មន្ទីរ ស្ថាប័នជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ ដែលបានរួបរួមគ្នាទាំងកំលាំងកាយ កំលាំងចិត្តនិងធនធាន បានលេចចេញឡើងនូវសមិទ្ធផលនាពេលនេះ ។
លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើរនិង សូមឲ្យថ្នាក់ដឹកនាំ និងសហការីអប់រំសិក្សាខេត្តព្រះសីហនុ បន្ត និងជម្រុញការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញធុរកិច្ច ដើម្បីឲ្យបងប្អូនយើង ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តអាចទាញយកនូវសក្តានុពលពីសេដ្ឋកិច្ចពហុបំណងនៅទីនេះ បានកាន់តែច្រើនបន្ថែមទៀត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា នៅវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលបានខិតខំប្រឹងប្រែងថែរក្សាការពារបរិស្ថានរហូតទទួលបានជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ពានរង្វាន់ជ័យលាភីមាសពីក្រសួងបរិស្ថាន លើការបញ្ជ្រៀបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រលាញ់បរិស្ថាននិងជំរុញប្រតិបត្តិការមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាននិងអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របមាននិរន្តរភាពនិងការរស់នៅដោយចីរភាព ។









ចែករំលែកព័តមាននេះ