រាជធានីភ្នំពេញ៖រថយន្តស៊េរីទំនើបៗចំនួន៣គ្រឿងអត់ពន្ធក្នុងនោះមានមួយគ្រឿងជារថយន្តរបស់មន្ត្រីយោធាផ្កាយ១នៅបន្ទាយមានជ័យ ត្រូវបានកម្លាំងគយចល័តចុះចាប់តាមផ្លូវសាធារណៈ នៅតាមភោជនីយដ្ឋាន និងឃ្លាំងលក់រថយន្តនៅក្នុងរាជធានីភ្នំពេញដឹកនាំផ្ទាល់ដោយ លោកព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធហៅគយចល័តសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦។
លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវបទល្មើសគេចពន្ធហៅគយចល័ត ដែលបានដឹកនាំកម្លាំង ចុះបង្ក្រាបផ្ទាល់បានអោយដឹងថារថយន្តស៊េរីទំនើបអត់ពន្ឋទាំង៣គ្រឿងទាំងនោះទី១-រថយន្តម៉ាកSIENNAពណ៌ទឹកប៊ិច មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2X-9753 ចាប់បាននៅក្នុងឃ្លាំងលក់រថយន្តលេខ១១១ស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,ទី២-រថយន្តឡិចស៊ីស៥៧០ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2S-8338 ចាប់បាននៅភោជនីយដ្ឋានIffornoនៅតាមបណ្តោយផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ចំណែករថយន្តទី៣ ម៉ាកឡង់គ្រីស័រពណ៌ខ្មៅ អត់ស្លាកលេខជារថយន្តរបស់មន្ត្រីយោធាផ្កាយ១នៅបន្ទាយមានជ័យ ចាប់បាននៅភោជនីយដ្ឋានBKKតាមបណ្តោយផ្លូវ៣៥២ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ព្រាប គារ៉ាត់បានអះអាងបន្តថាបច្ចុប្បន្ននេះកម្លាំងគយចល័តបានឲ្យដឹងថា នៅមានរថយន្តជាច្រើនគ្រឿងទៀតបាននឹងកំពុងលាក់ទុកនៅក្នុងផ្ទះឬភូមិគ្រឹះ ហើយកម្លាំងគយចល័តនឹងបន្តចុះចាប់ទៅដល់គេហដ្ឋាន ឬតាមផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញប្រសិនបើបងប្អូនប្រជាពលរដ្ឋម្ចាស់យានយន្តមិនព្រមយករថយន្តទៅបង់ពន្ធតាមផ្លូវច្បាប់។
ទោះបីយ៉ាងណានាយកដ្ឋានគយនិងរដ្ឋាករសូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់និងទាន់ពេលវេលាដើម្បីជៀសវាងការចុះចាប់ដល់គេហដ្ឋាន នាំឲ្យមានភ្ញាក់ផ្អើលនិងប៉ះពាល់កិត្តិយស។ក្រោយពេលចាប់បានរថយន្តស៊េរីទំនើបអត់ពន្ធទាំង៣គ្រឿងត្រូវបានយកទៅរក្សាទុកនៅមជ្ឈមណ្ឌលឃ្លាំងគយចល័យដើម្បីអោយម្ចាស់រថយន្តចូលខ្លួនបង់ពន្ឋតាមក្រោយផងដែរ៕
ចែករំលែកព័តមាននេះ