ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានទៅកាន់អធិការនគរបាលក្រុងប៉ោយប៉ែតហើយអះអាងថា ត្រូវចោរយកម៉ូតូម៉ាកសង់C125 ស៊េរីឆ្នាំ២០១៦ គេចទៅដោយសុវត្ថិភាព ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅម្តុំខាងក្រោយភោជនីយដ្ឋានត្រជាក់ចិត្តថ្មី ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៦ កុម្ភៈ ២០១៦ ។
ជនរងគ្រោះឈ្មោះឃុន ផាត អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ ។ ស្តាប់ការរៀបរាប់របស់ជនរងគ្រោះថា បើមិនបានចុះដល់កន្លែងកើតហេតុ ប្រាកដជាមិនឱ្យគួរជឿ ។ ជនរងគ្រោះបន្តថា ដំបូងជនសង្ស័យម្នាក់បានហៅឱ្យខ្លួនដឹកពីចំណុចមុខរោងចក្រផលិតហាតឌីស ឆ្ងាយពីកន្លែងកើតហេតុប្រហែល៦០០ម៉ែត្រ ដោយជនសង្ស័យនិយាយថា សុំបើកម៉ូតូដោយខ្លួនឯង ព្រោះកើតជំងឺលើសឈាម មិនហ៊ានជិះពីក្រោយទេ ។ មិនតែប៉ុណ្ណោះ ថែមទាំងសុំមួកសុវត្ថិភាពពាក់ទៀត ។
ជនរងគ្រោះបន្តថា លុះដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យធ្វើជាទាញទូរស័ព្ទ ទំនងជាទម្លាក់លុយ បន្ទាប់មកក៏ឱ្យខ្លួនជួយរើសលុយឱ្យ ។ ដោយមានឱកាសនោះ ជនសង្ស័យក៏បានជិះម៉ូតូគេចទៅបាត់ដោយសុវត្ថិភាពតែម្តង ។
សាក្សីនៅកន្លែងកើតហេតុ ១-ឈ្មោះច្រឹក សុភី ភេទស្រី អាយុ២៤ឆ្នាំ និង២-ឈ្មោះឡាយ សារ៉េត ភេទស្រី អាយុ៣៩ឆ្នាំ និងកម្មករជាច្រើននាក់ទៀត ដែលបំរើការងារនៅការដ្ឋានសំណង់មួយកន្លែង ហើយបានឃើញហេតុការណ៍និយាយថា ជនរងគ្រោះត្រូវចោរយកម៉ូតូទៅបាត់មែន ។ ដោយពួកគាត់ក៏មានការងឿងឆ្ងល់ដែរ ព្រោះជនសង្ស័យបើកម៉ូតូគេចទៅមានទាំងមួកសុវត្ថិភាព ។ចំណែកជនរងគ្រោះ បានរត់តាមពីក្រោយស្រែកថាចោរៗ ។
ចែករំលែកព័តមាននេះ