ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគ្រិនវ័យក្មេងនឹងលើកកម្ពស់សមត្ថភាពខ្ចីទុនពង្រីកអាជីវកម្ម

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា ការលំបាកនៅការទទួលបានឥណទាន សហគ្រិនវ័យក្មេងតែងតែត្អូញត្អែរ ជាពិសេសបណ្តាសហគ្រាសតូចៗ ។  លោក ស៊ាង…

រាជធានីភ្នំពេញ ៖ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា ការលំបាកនៅការទទួលបានឥណទាន សហគ្រិនវ័យក្មេងតែងតែត្អូញត្អែរ ជាពិសេសបណ្តាសហគ្រាសតូចៗ ។  លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានបញ្ជាក់ថា ដោយសារបញ្ហារកដើមទុននេះ បានរារាំងកំណើននៃការរីកចម្រើននៃសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ។ 

បើតាមលោក សុបញ្ញា ផលលំបាកសម្រាប់ការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនវ័យក្មេងគឺការកង្វះខាតទ្រព្យបញ្ចាំ អត្រាការប្រាក់ខ្ពស់ កង្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុ និងកង្វះខាតព័ត៌មានទូទៅទៅលើប្រភពនៃហិរញ្ញប្បទានបំណុល ។

Picture

«ការទទួលបានហិរញ្ញប្បទានប្រកបដោយសមធម៌ គឺជាអាទិភាពទី ១ នៃយុទ្ធសាស្រ្តឆ្នាំ ២០២៥ បន្ថែមលើអាទិភាព ៥ ផ្សេងទៀតរបស់សហគ្រិនវ័យក្មេងកម្ពុជា ។ ផ្អែកតាមបទពិសោធន៍របស់យើង ដែលធ្វើការជាមួយនឹងសហគ្រាសធុនតូចនិងមធ្យម ទៅលើការទទួលបានហិរញ្ញវត្ថុ យើងបានរកឃើញថា ទ្រព្យបញ្ចាំគឺតែងតែជាកត្តាចម្បងចំពោះការសម្រេចចិត្តលើការផ្តល់ឥណទាន ប៉ុន្តែការដែលមានចំណេះដឹងនិងឯកសារគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុក៏សំខាន់ដូចគ្នាដែរ» នេះបើតាមការបញ្ជាក់របស់លោក ស៊ាង សុបញ្ញា ។

ដើម្បីសម្រួលកិច្ចការនេះ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា  សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការចូលរួមចំណែកលើកម្ពស់ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅដល់សហគ្រិនវ័យក្មេង ដើម្បីអានមានលទ្ធភាពទទួលបានប្រាក់កម្ចីសម្រាប់អភិវឌ្ឍន៍អាជិវកម្មរបស់ខ្លួន ។ លោកបណ្ឌិត អ៉ីន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីទាំងអស់នឹងរួមគ្នាបន្តពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែរឹងមាំជូនដល់សាធារណជន សហគ្រិន និង បណ្តាសហគ្រាសធុនតូច និង មធ្យមផ្សេងទៀត ។ 

Picture

លោកបណ្ឌិតបន្តថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី បានឆ្លុះបញ្ចាំងទៅនឹង យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និង បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់សហគ្រិន អាជីវកម្មខ្នាតតូច និង មធ្យម កសិករ និងសហគ្រិនវ័យក្មេង។ 

 សហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ។ ប្រធានសមាគមធនាគារនៅកម្ពុជា លោក អ៉ីន ចាន់នី បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Banks of Cambodia Plc.) បានដាក់ឲ្យអនុវត្តនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមជំហានទី ២ ឆ្នាំ ២០២១ ដែលមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ចំនួន ២៦ គ្រឹះស្ថាន ដែលមានប្រភពទុនប្រមាណជាង ១៦០ លានដុល្លារអាមេរិក  ដើម្បីចូលរួមគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានហិរញ្ញប្បទានមានលក្ខណៈងាយស្រួល និងមានភាពបត់បែន រួមទាំងផ្តល់នូវអត្រាការប្រាក់សមរម្យ ដើម្បីបង្កើននូវពិពិធកម្មសេដ្ឋកិច្ច ។

Picture

លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការវិវត្ត នៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងការគាំពារបន្ថែមដល់សហគ្រិននៅកម្ពុជា ពិសេសសហគ្រិនវ័យក្មេង ដោយចូលរួមលើកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកបដោយការទទួលខុសត្រូវ ។

កាលពីខែមុនសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយសហគ្រិនស្រ្តី នៅក្នុងគោលបំណងដូចគ្នានឹងនាពេលនេះដែរ ។ សមាជិកសមាគមសហគ្រិនស្រ្តី ជាច្រើនក៍បានជួបបញ្ហាគ្មានលទ្ធភាព ឬលំបាកនៅក្នុងការទទួលបានហិរញ្ញប្បទានមកពង្រីកអាជីវកម្មរបស់ខ្លួនដែរ ៕