រាជធានីភ្នំពេញ ៖ ស្ត្រី២នាក់ ត្រូវជនសង្ស័យ៣នាក់ស្លៀកពាក់កងកម្លាំងសមត្ថកិច្ចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូមួយគ្រឿងបាត់ដោយសុវត្ថិភាព កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ កុម្ភៈ នៅក្រោមស្ពានអាកាស៥មករា ក្នុងសង្កាត់ផ្សារដេរប៉ូ៣ ខណ្ឌទួលគោក ។
ជនរងគ្រោះដែលជាម្ចាស់ម៉ូតូ តែជាអ្នកជិះពីក្រោយឈ្មោះហេង ស្រីស្រស់ អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ម៉ូតូដែលចោរយកទៅនោះម៉ាកស្គូពី ពណ៌ក្រហមលាយ.ស មិនចាំស្លាកលេខច្បាស់ ។ រីឯអ្នកឌុបឈ្មោះស្រស់ អាយុ២៥ឆ្នាំ ជានិស្សិត ស្នាក់នៅម្តុំផ្សារអូប្ញស្សី ខណ្ឌ៧មករា ។ ចំណែកឯជនសង្ស័យមានគ្នា៣នាក់ បន្លំធ្វើជាសមត្ថកិច្ចតែមិនច្បាស់ថា ជានគរបាល ទាហាន ឬអាវុធហត្ថទេ ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ។
ជនរងគ្រោះជាអ្នកបើកម៉ូតូបានឱ្យដឹងទៀតថា មុនពេលកើតហេតុ រូបគាត់បានជិះចេញពីផ្ទះនៅម្ដុំផ្សារអូរប្ញស្សី បម្រុងទៅមាត់ទន្លេ ហើយក្រោយមក ពួកគាត់ទាំង២នាក់បានជិះម៉ូតូពីម្ដុំមាត់ទន្លេជិះដើរលេងរហូតដល់ខុនដូមួយកន្លែង តាមផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ពេលនោះគាត់ទាំង២នាក់បានទាស់ពាក្យសម្តីគ្នាបន្តិច ហើយក៏បានឈប់ម៉ូតូប្រកែកគ្នា ស្រាប់តែមានម៉ូតូជនសង្ស័យខាងលើ មានវិទ្យុទាក់ទងខ្នោះដៃ និងមានកាំភ្លើងនៅនឹងចង្កេះទៀតផង បានជិះទៅវិញទៅមកចុះឡើងនៅជិតកន្លែងពួកគេឈប់ម៉ូតូប្រកែកគ្នា ។
ក្រោយមក ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូចេញពីកន្លែងនោះរហូតដល់ចំណុចរង្វង់មួលទួលគោក ស្រាប់តែឃើញម៉ូតូខាងលើជិះដេញមកពីក្រោយ តែជនរងគ្រោះទាំង២ស្មានថា ជាកងកម្លាំងសមត្ថកិច្ចណាមួយ ទើបមិនខ្វល់ពេលជិះចូលដល់ផ្លូវក្រោមដីស្រាប់តែម៉ូតូជនសង្ស័យខាងលើ បានជិះមកជិតហើយកៀរជនរងគ្រោះទាំង២ឱ្យឈប់ម៉ូតូពេលនោះ ស្រាប់តែមានជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមួយដើម ហើយភ្ជង់ទៅលើជនរងគ្រោះទាំង២នាក់ ហើយខ្លាចជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះបានប្រគល់ម៉ូតូឱ្យទៅជនសង្ស័យជិះចេញទៅដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ អ្នកទាំង២បានរត់ឡើងមកលើផ្លូវធំហើយស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលដល់អ្នកនៅជិតកន្លែងកើតហេតុ និងបានទាក់ទងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។ បន្ទាប់មក ជនរងគ្រោះទាំង២នាក់ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដេប៉ូ៣ ដើម្បីស្វែងរកជនសង្ស័យមកដាក់ទោសទៅតាមនីតិវិធី ។
ចែករំលែកព័តមាននេះ