ការធ្វើអាជីវកម្មនៅកម្ពុជាភាគច្រើនត្រូវបានផ្ដើមចេញពីតូចទៅធំ និងដាក់ទុនជាលក្ខណៈតូចតាច ឬជាលក្ខណៈបែបគ្រួសារ ដោយបើកលក់សម្ភារអ្វីដែលខ្លួនគិតថា កំពុងមានតម្រូវការ និងអាចមានតម្រូវការនាពេលអនាគត ។
សម្រាប់ប្រទេសកម្ពុជា ការបង្កើតម៉ាកយីហោផ្ទាល់ខ្លួននៅមិនទាន់មានច្រើនប៉ុន្មានទេ ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ពីការប្រើប្រាស់ផលិតផលដែលមានម៉ាកយីហោនៅឡើយ ។ ទាក់ទងនឹងការរកស៊ីបែបនេះ អ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ចរបស់កោះសន្ដិភាព សូមលើកយកដំណើរនៃអាជីវកម្មរបស់ក្រុមហ៊ុនឃី ហួត ដែលជាក្រុមហ៊ុនលក់គ្រឿងសំណង់មួយនៅកម្ពុជា ដែលពីដំបូងឡើយ គ្រាន់តែបើកជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែបន្ទាប់ពីទទួលបានជោគជ័យហើយ ក៏មានលទ្ធភាពអាចបង្កើតម៉ាកយីហោដោយខ្លួនឯង និងមានទុនរហូតដល់រាប់លានដុល្លារអាមេរិក ។
ឃី ហួត ជាក្រុមហ៊ុនបង្កើតម៉ាកយីហោផ្ទាល់ខ្លួន បានសម្រេចបង្កើតម៉ាកយីហោ (Brand) ដោយសហការជាមួយរោងចក្រផលិតនៅបរទេស ។ ការសម្រេចបើកអាជីវកម្ម និងបង្កើតម៉ាកយីហោផ្ទាល់ខ្លួននេះ ទើបតែបានជាង១ឆ្នាំប៉ុណ្ណោះ តែមានការគាំទ្រ និងមានទីផ្សារច្រើន និងខ្ពស់លើសពីការរំពឹងទុកទៅទៀត ។
ឃី គឺជាម៉ាកយីហោរបស់គ្រឿងសំណង់ ដែលមានឥដ្ឋការ៉ូ និងសម្ភារបន្ទប់ទឹករបស់ក្រុមហ៊ុន ឃី ហួត ដែលទើបបង្កើតនៅអំឡុងខែមេសា ឆ្នាំ២០១៥ កន្លងមក ។ បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនថា ៖ « ចាប់តាំងពីបង្កើតម៉ាកយីហោ (Brand)នេះមក ឃើញថា មានការគាំទ្រច្រើន រហូតដល់បង្កើតសាខានៅតាមបណ្ដាខេត្តនានាជាច្រើនទៀត ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួលទំនាក់ទំនងរកផលិតផលម៉ាកនេះ » ។
លោក ហេង សុខឆាយ ប្រធានផ្នែកគ្រប់គ្រងម៉ាកផលិតផល និងផ្នែកលក់ដុំនៃក្រុមហ៊ុន ឃី ហួត ដែលមានទីតាំងនៅផ្លូវព្រះមុន្នីរ៉េត ជាប់ស្តុបទេពផន បានរៀបរាប់ថា ៖ « ក្រុមហ៊ុនលក់គ្រឿងសំណង់ ឃី ហួត បានបង្កើតឡើងតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ដោយដំបូងឡើយបើកជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែរហូតមកដល់ពេលបច្ចុប្បន្ននេះ បានបង្កើតម៉ាកឃី ដោយសហការជាមួយរោងចក្រផលិតគ្រឿងសំណង់ និងសម្ភារបន្ទប់ទឹកនៅបណ្ដាប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីសម្រាប់ផលិត និងនាំចូលមកប្រទេសកម្ពុជា » ។
អ្វីដែលក្រុមហ៊ុនទទួលបានបន្ទាប់ពីបង្កើតម៉ាកយីហោនេះមក ក្រុមហ៊ុនបានកំណត់ទិសដៅមួយសម្រាប់ការលក់ ហើយមិនត្រឹមតែលក់បានតាមទិសដៅនោះទេ គឺថែមទាំងលក់លើសពីទិសដៅបានកំណត់ទៀតផង ដែលជាជោគជ័យមួយរបស់ក្រុមហ៊ុនមួយនេះ ។
លោក ហេង សុខឆាយ រៀបរាបថា ៖ « កាលពីមួយខែដំបូងនៃការចេញលក់ផលិតផលដែលបង្កើតម៉ាកយីហោផ្ទាល់ខ្លួន គឺបានកំណត់ចំនួនលក់នៅកម្រិតមួយ តែអ្វីដែលទទួលបាននោះ គឺហួសពីការរំពឹង ដែលធ្វើឱ្យក្រុមការងារផ្នែកលក់ទាំងអស់កាន់តែមានទឹកចិត្ត និងជំរុញការលក់បានកាន់តែច្រើនឡើង » ។
លោកបន្តថា ៖ « សម្រាប់ផលិតផលសំណង់ដែលក្រុមហ៊ុននាំចូលមកចែកចាយក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ហើយមានម៉ាក ឃី នេះ គឺត្រូវបាននាំចូលពីប្រទេសចិន ដោយសារមានរោងចក្រមួយនៅទីនោះ ។ តែនេះជាអ្វីដែលប្រជាជនកម្ពុជាមួយចំនួនយល់ច្រលំថា ឱ្យតែសម្ភារដែលនាំចូលពីចិន គឺជារបស់មិនល្អ និងមិនសូវមានអ្នកប្រើប្រាស់។ នេះគឺជាផ្នត់គំនិតរបស់ប្រជាជនខ្មែរ តែរឿងនេះក៏ត្រូវគិតដែរថា សព្វថ្ងៃ សម្ភារទំនើបៗជាច្រើនត្រូវបានផលិតឡើងនៅក្នុងប្រទេសចិន ។ ជាក់ស្ដែង រថយន្តទំនើបៗ ទូរស័ព្ទទំនើបៗ និងសម្ភារទំនើបៗជាច្រើនទៀត គឺវាក៏មានគុណភាពល្អសម្រាប់ប្រើប្រាស់ ដែលមិនមែនសុទ្ធតែអន់ទាំងអស់នោះទេ ។ មិនខុសអីពីសម្ភារសំណង់ដែលក្រុមហ៊ុន ឃី ហួត កំពុងនាំចូលនោះដែរ គឺត្រូវបានផលិតនៅប្រទេសចិន តែវាជាផលិតផលដែលក្រុមហ៊ុន ឃី ហួត បានកុម្ម៉ង់ ហើយពិតជាមានគុណភាពមែន » ។
លោកបន្តទៀតថា ៖ « រាល់ពេលដែលសម្ភារនាំចូលមកខុសពីអ្វីដែលក្រុមហ៊ុនកុម្ម៉ង់ ឬមិនតាមស្តង់ដានោះ ក្រុមហ៊ុននឹងបញ្ជូនសម្ភារទាំងនោះត្រឡប់ទៅរោងចក្រវិញ ដើម្បីឱ្យផលិតស្របទៅតាមស្តង់ដាដែលកុម្ម៉ង់ ។ ទាំងនេះហើយដែលធ្វើឱ្យអតិថិជននៅកម្ពុជាមានភាពជឿជាក់ និងគាំទ្រផលិតផលម៉ាកនេះ ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ឃី ហួត ក៏បានកំពុងសិក្សាសម្លឹងមើលពីដៃគូនៅបណ្ដាប្រទេសល្បីៗផ្សេងទៀត ក្នុងការផលិតសម្ភារសំណង់ដើម្បីនាំចូលមកប្រទេសកម្ពុជាផងដែរ » ។
ទាក់ទងនឹងវិស័យសំណង់នាពេលបច្ចុប្បន្នដែលកំពុងរីកដុះដាលនេះ ស្របគ្នានោះដែរ កំណើននៃអាជីវកម្មលក់គ្រឿងសំណង់ក្នុងប្រទេសកម្ពុជាក៏មានច្រើន តែអ្វីដែលក្រុមហ៊ុនម្ចាស់សំណង់ ឬអតិថិជនត្រូវជ្រើសរើសសម្ភារសំណង់សម្រាប់សាងសង់ គឺត្រូវសម្លឹងមើលពីផលិតផលណាដែលមានម៉ាកយីហោ និងមានការធានាជូនត្រឹមត្រូវ ។ ដោយឡែក សម្រាប់ក្រុមហ៊ុន ឃី ហួត ដើម្បីឱ្យអតិថិជនកាន់តែមានការជឿជាក់ទៅលើផលិតផលម៉ាក ឃី នេះ ក្រុមហ៊ុនបានផ្ដល់ជូនសេវាតាមដាននូវបច្ចេកទេសនៃការសាងសង់ មិនមែនលក់ហើយ ចប់គ្នានោះទេ ។
គួរបញ្ជាក់ដែរថា សព្វថ្ងៃនេះ សំណង់ធំៗជាច្រើនដូចជា ខុនដូ និងអាផាតមែន ក៏ដូចជាសណ្ឋាគារល្បីៗមួយចំនួននៅកម្ពុជា ក៏បានយកសម្ភារពីក្រុមហ៊ុនឃី ដើម្បីធ្វើការសាងសង់ និងរចនាក្នុងបន្ទប់ទឹកផងដែរ ក្នុងនោះមានខេត្តព្រះសីហនុ ជាពិសេស នៅរាជធានីភ្នំពេញ ។ នេះមិនទាន់រាប់បញ្ចូលទាំងសំណង់ផ្ទះនានា ដែលបានទិញសម្ភារនេះយកទៅប្រើប្រាស់ទេ ៕
ចែករំលែកព័តមាននេះ